កីឡាករ Loic Chan (ចាន់ឡូអិច អាឡាអ៊ិន) កូនខ្មែរ-បារាំង ស្ថិតក្នុងបញ្ជីឈ្មោះ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម២៣ឆ្នាំ ចំនួន ២៨នាក់ ដែលសហព័ន្ធកីឡាបាល់ទាត់​កម្ពុជា ជ្រើសរើស ដើម្បី​ត្រៀម​ការ​ប្រកួត​ជើង​ឯក​បាល់​ទាត់​តំបន់​អាស៊ី​អាគ្នេយ៍អាយុក្រោម២៣ឆ្នាំ ឆ្នាំ២០២៣ នៅប្រទេសថៃ ពីថ្ងៃទី១៧​ ខែសីហា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។

បញ្ជីរាយ​នាម​បឋម​កីឡា​ករ​ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ ចំនួន ២៨នាក់៖

ជុំវិញ វត្តមាន​ស្ថិត​ក្នុង​បញ្ជីឈ្មោះក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម២៣ឆ្នាំ លោក Maurice Chan ឪពុករបស់ Loic Chan បាន​បង្ហាញ​ចំណាប់​អារម្មណ៍នៅ​លើហ្វេសបុក​របស់​ខ្លួន​ថា៖«ពិតជាមានមោទនភាពចំពោះ Loïc Chan ដែល​ត្រូវ​បាន​កោះ​ហៅ​ចូល​ក្រុមបាល់ទាត់ជម្រើសជាតិ U-23 កម្ពុជា រស់នៅក្តីសុបិន្តរបស់អ្នក Loïc Chan»។ សូមជួយ​តាម​ដាន និង​ចែករំលែក​ពី​សកម្មភាព​របស់​គាត់​នៅ​ផេក​ហ្វេស​បុក Loïc Chan សូម​អរគុណ​ចំពោះ​ការ​គាំ​ទ្រ។

គួរឲ្យ​ដឹង​ថា Loïc Chan កូនខ្មែរ-បារាំង បច្ចុប្បន្នរូប​គេ​មានវ័យ ១៩​ឆ្នាំ​​ និង​ជា​កូន​ប្រុស​របស់​លោក Maurice Chan មានសញ្ជាតិ​ខ្មែរ-បារាំង​ គឺជា​តារា​សម្ដែង​ Stunt (តួជំនួស)​ មួយ​រូប​នៅ Hollywood ដែល​ធ្លាប់​សម្ដែង​ជាមួយ​តារា​ល្បីៗ​ជា​ច្រើន។ Loic បានជាប់​ជា​យុវជន​របស់​ក្លិប Balmas SC នៅ​ជិត​ទីក្រុង Toulouse ភាគខាងត្បូងប្រទេសបារាំង មុន​គេ​ផ្លាស់​មក​ចូល​រួម​ជាមួយ​ក្រុម​យុវ​ជន​របស់ក្លិប RCD Mallorca នៅក្របខណ្ឌ La Liga របស់អេស្បាញ។

គួរបញ្ជាក់ថា ការប្រកួត AFF U23 Championship 2023 មាន១០ក្រុមចូលរួម បែងចែកជា ៣ពូល ខណ:ក្រុមយុវ ជនអាយុក្រោម ២៣ឆ្នាំ កម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះ ថៃ ប្រ៊ុយណេ និង មីយ៉ាន់ម៉ា។ ការប្រកួត នឹង​ចាប់ផ្តើមពីថ្ងៃទី១៧ ខែសីហា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុង Chonburi ប្រទេសថៃ៕

លោក Maurice Chan ឪពុករបស់ Loic Chan
Share.