សិល្បៈ​ជាតិ​៖ ថ្មីៗ​នេះ​តារាចម្រៀង​ស្រី​ជួរ​មុខ​នៅ​ក្នុង​ផលិតកម្ម​រស្មីហង្សមាស​គឺ​អ្នកនាង​ ពេជ្រ​ សោភា​ បាន​បង្ហោះ​រូប​ភាព​មួយ​សន្លឹក​របស់​ សាន​ ស្រីឡៃ​ និង​បាន​សរសេរ​ពាក្យ​ពេចន៍​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​នឹក​ស្រណោះ​ដល់​អ្នកនាង​ សាន​ ស្រីឡៃ​។ បើគិតមកទល់ពេលនេះ អ្នកនាង សាន ស្រីឡៃ បានលាចាកលោកនេះអស់រយៈពេល ៦ ឆ្នាំហើយ។

អ្នកនាង​ ពេជ្រ​ សោភា​ បាន​រៀបរាប់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា​ ៖ «​ហេតុ អី​ប៉ុន្មាន​ថ្ងៃ​នេះ​នឹក​ខ្លាំង​នេះ​ មនុស្ស​ល្អ​របស់​បង​អើយ​ ទៅ​ដល់​កន្លែង​ណា​ហើយ​ ទៅ​ទាំង​មិន​បាន​ត្រៀម​ខ្លួន​ ស្អប់​ណាត់​ជួប​បង​ សន្យា​ថា​១០​នាទី​ទៀត​ដល់​ផ្ទះ​អ្នក​គ្រូ​ហើយ​ តែ​១០​នាទី​ពិតមែន​ គឺ​ទៅ​បាត់​ហើយ​ ដឹង​ទេ​គេ​គ្រប់​គ្នា​នឹក​»

ដូច​អ្នក​គ្រប់​គ្នា​បាន​ដឹង​ស្រាប់​ហើយ​ថា​ អ្នកនាង​ សាន​ ស្រីឡៃ​ គឺ​ជា​កូន​ក្រុម​របស់​អ្នកនាង​ ពេជ្រ​ សោភា​ ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ The​ Voice​ Cambodia​ រដូវ​កាល​ទី​ ២​ ក្នុង​ឆ្នាំ​ ២០១៦​ ដែល​កាល​នោះ​អ្នកនាង​ សាន​ ស្រីឡៃ​ ទើប​តែ​មាន​វ័យ​ ២៣​ ឆ្នាំ​ប៉ុណ្ណោះ​។ ដោយសារ​សមត្ថភាព​របស់​អ្នកនាង​ សាន​ ស្រីឡៃ​ ខ្លាំង​ជាង​បេក្ខជន​ដៃ​ទៀត​នៅ​ក្នុង​ក្រុម​តែមួយ​ ទើប​ធ្វើ​ឱ្យ​អ្នកនាង​មានភាព​លេចធ្លោ​ជាង​គេ​ និង​បាន​បន្ត​ឡើង​ប្រកួត​រហូត​ដល់​វគ្គ​ Live​ Show ផ្ដាច់​ព្រ័ត្រ​តែម្ដង​។ ក្រោយ​ចប់​ការ​ប្រកួត​ អ្នកនាង​ សាន​ ស្រីឡៃ​ បាន​ក្លាយ​ជា​តារាចម្រៀង​កុងត្រា​នៅ​ក្នុង​ផលិតកម្ម​ រស្មី​ហង្សមាស​ ដែល​មាន​បទចម្រៀង​ល្បី​ជា​ច្រើន​បាន​បញ្ចេញ​ដូចជា​បទ ​«ឈឺចាប់​ពីរ​ដង​បាន​ហើយ​» «នឹក​គេ​ស្ទើរ​ស្លាប់​ខ្លួន​» «អាការៈ​ស្នេហ៍​» និងបទ «ទឹកភ្នែក​សាប​» ជា​ដើម​។

គេ​នៅ​ចាំ​បាន​ថា​ តារា​ចម្រៀង​ សាន​ ស្រីឡៃ​ ត្រូវ​បាន​ខ្មាន់​កាំភ្លើងដែល​ត្រូវ​ជា​អតីត​ស្វាមី​របស់​ខ្លួន​បាញ់​សម្លាប់​យ៉ាងសាហាវ​នៅ​ក្នុង​គ្លីនិក​កែ​សម្ផស្ស​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ ៣១០​ សង្កាត់​បឹង​កេង​កង​១​ ខណ្ឌ​ចំការ​មន នៅ​ថ្ងៃទី​ ១៦​ ខែ​តុលា​ ឆ្នាំ​ ២០១៧​ ស្រប​ពេល​ដែល​ប្រជាប្រិយភាព​របស់​អ្នកនាង​ សាន​ ស្រីឡៃ​ កំពុង​ឡើង​ខ្លាំង​ ជា​តារាចម្រៀង​ស្រី​ល្បី​មួយ​រូប​ក្នុង​ដួងចិត្ត​យុវវ័យ​នា​ពេល​នេះ​។ តាម​ការ​បញ្ជាក់​ពី​ខាង​ក្រុម​គ្រួសារ​ អ្នកនាង​ សាន​ ស្រីឡៃ​ ធ្លាប់​ទទួល​រង​អំពើ​ហិង្សា​ពី​សំណាក់​អតីតស្វាមី​ញឹក​ញាប់ ​ហើយ​ណាមួយ​មិន​ចង់​មាន​ឈ្មោះ​ជា​ស្រី​ដណ្តើម​ប្តី​គេ​នៅ​ពេល​ដែល​ធ្លាយ​រឿង​ថា​ អតីត​ស្វាមី​ខ្លួន​ប្រពន្ធ​និង​កូន​៤​នាក់​ហើយ​ ទើប​អ្នកនាង​បាន​អង្វរ​សុំ​ស្វាមី​ចែក​ផ្លូវ​គ្នា​ច្រើន​ដង តែ​ប្ដីមិន​ព្រម​ដោះលែង​ រហូត​ដល់​ថ្ងៃ​មាន​រឿង​កើត​ហេតុ​នោះ​តែ​ម្ដង​។

នៅ​ពេល​បាត់​បង់​អ្នកនាង​ សាន​ ស្រីឡៃ​ ត្រឹម​មួយ​ប៉ប្រិចភ្នែក​ភ្នែក​ ភ្លាមៗ​នោះ​ធ្វើ​ឱ្យ​អ្នកនាង​ ពេជ្រ​ សោភា​ ស្លុត​ចិត្ត​ជា​ខ្លាំង​ ក្នុង​អារម្មណ៍​កាន់​តែ​ក្ដុកក្ដួល​សោក​ស្រណោះ​ និង​អាណិត​ដល់​កូន​ក្រុម​របស់​ខ្លួន​ដែល​បាន​បណ្ដុះបណ្ដាល​ឱ្យ​ក្លាយ​ជា​តារា​ល្បី​ដោយ​ផ្ទាល់​ដៃ​។ អ្នកនាង​ ពេជ្រ​ សោភា ​ធ្លាប់​និយាយ​ឡើង​ថា ​៖ «ខ្ញុំ​និយាយ​ត្រង់​ខ្ញុំ​អាណិត​​ក្មេងស្រី​ម្នាក់​នេះ​ណាស់​ នាង​មាន​ភាព​ស្មោះត្រង់​ណាស់​ ខ្ញុំ​ជា​អ្នក​បង្វឹក​ខ្ញុំ​ស្គាល់​ចរិត​គាត់​»។ ហើយ​អ្នកនាង ​ពេជ្រ ​សោភា​ ក៏​បាន​នៅ​កំដរ​សព​របស់​អ្នកនាង​ សាន​ ស្រីឡៃ​ រហូត​ដល់​វិនាទី​ចុង​ក្រោយ​។

សម្រាប់​តារាចម្រៀង​ សាន ​ស្រីឡៃ​ បាន​ត្រឹម​តែ​បន្សល់​នូវ​ការ​ចងចាំ​តាមរយៈ​បទចម្រៀង​ដែល​នៅ​សល់​តែ​ប៉ុណ្ណោះ​ អ្នកគាំទ្រ​នៅ​តែ​នឹក​ស្រណោះ​ចំពោះ​អ្នកនាង​ ហើយ​បទចម្រៀង​របស់​អ្នកនាង​ សាន​ ស្រីឡៃ​ ក៏​ត្រូវ​បាន​គ្រូបង្វឹក​ ពេជ្រ​ សោភា​ លើក​យក​មក​ឱ្យ​កូន​ក្រុម​របស់​ខ្លួន​ច្រៀង​ក្នុង​ការ​ប្រឡង​ The​ Voice​ Cambodia​ រដូវ​កាល​ទី​ ៣​ ឆ្នាំ​ ២០២៣​ នេះ​ ដើម្បី​ជា​ការ​រំលឹក​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នកនាង​ សាន​ ស្រីឡៃ​ នៅ​ពេល​ប្រឡង​ចម្រៀង​ និង​ឈានជើង​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​៕​

Share.