យោងតាមសារព័ត៌មាន Reuter បានឲ្យដឹងថា មហាសេដ្ឋីមានជាងគេបំផុតលើពិភពលោក លោក Jeff Bezos និងអវកាសយាននិកចំនួន៣នាក់ បានហោះឡើងទីក្នុងទីអវកាសកាលពីយប់មិញនេះ។ លោកបានធ្វើការហោះហើរសាកល្បងជិះយានអវកាស New Shepard ដែលជាយានផលិតដោយក្រុមហ៊ុន Blue Origin របស់លោកផ្ទាល់ជាលើកដំបូង ហើយបានវិលត្រលប់មកភពផែនដីវិញដោយជោគជ័យ និងសុវត្ថិភាពលើវាលខ្សាច់នៅរដ្ឋ Texas។

យានអវកាស New Shepard គឺជាយាន សម្រាប់ជូនអ្នកមានទ្រព្យសម្បត្តិច្រើន ដែលចង់សាកល្បងធ្វើដំណើរកំសាន្តលក្ខណៈឯកជនទៅកាន់ទីអវកាស និងចង់បានបទពិសោធន៍នៅក្នុងបរិស្ថានដែលគ្មានកំលាំងទំនាញ ហើយអាចមើលឃើញរាងកោងនៃភពផែនដីមុនពេលដែលយាននេះចុះមកផែនដីវិញ។ យានអវកាសនេះមានលក្ខណៈរួមផ្សំបញ្ចូលគ្នាតែម្ដងរវាងយានសម្រាប់ជិះធ្វើដំណើរ និង គ្រាប់រ៉ុក្កែត ដែលយាននេះអាចហោះឡើងទៅកាន់ទីអវកាសចម្ងាយ ១០៧គីឡូម៉ែត្រ ពីលើផ្ទៃផែនដី ដោយក្នុងរយៈពេលតែ ៣នាទីប៉ុណ្ណោះ យាននេះបានចេញផុតពីទំនាញផែនដីជិត ១០០គីឡូម៉ែត្រទៅហើយ។

មហាសេដ្ឋីសញ្ជាតិអាមេរិកវ័យ ៥៧ឆ្នាំរូបនេះ បានធ្វើដំណើរទៅកាន់ទីអវកាសរយៈពេលត្រឹមតែ ១០នាទី និង ២០វិនាទី ដែលមានរយៈពេល ៩ថ្ងៃបន្ទាប់ពីមហាសេដ្ឋីសញ្ជាតិអង់គ្លេសលោក Richard Branson បានហោះទីកាន់ទីអវកាសដោយយានអវកាស Virgin Galactic ដែលផលិតដោយក្រុមហ៊ុនរបស់លោកផ្ទាល់ដូចគ្នាដែរ។ ប៉ុន្ដែចម្ងាយហោះចេញពីទំនាញផែនដីរបស់យានអវកាសលោក Richard Branson ហោះបានត្រឹមចម្ងាយ ៨៦គីឡូម៉ែត្រប៉ុណ្ណោះទោះបីជាលោកបានហោះទៅកាន់ទីអវកាសមុនលោក Bezos ក៏ដោយ។

បេសកម្មនេះ គឺជាផ្នែកមួយនៃការប្រកួតប្រជែងយ៉ាងស្វិតស្វាញរវាងក្រុមអវកាសរបស់មហាសេដ្ឋីទាំង២ ដើម្បីទាក់ទញទីផ្សារទេសចរណ៍អវកាសដែលមានសក្ដានុពលដ៏ទំនើបសម្រាប់យុគ្គសម័យថ្មី។ សូមជម្រាបថា កាលពីថ្ងៃសៅរ៍កន្លងទៅក្រុមហ៊ុនយានអវកាស Blue Origin របស់លោក Bezos បានដាក់ដេញថ្លៃកន្លែងអង្គុយក្នុងយានអវកាសហោះហើរលើកដំបូងក្នុងតម្លៃរហូតដល់ ២៨លានដុល្លាអាមេរិកឯណោះ ដែលក្រុមហ៊ុនរបស់លោកនឹងដកប្រាក់ចំនួន ១៩លានដុល្លាអាមេរិកទៅឲ្យអង្គការចំនួន ១៩ ដែលទាក់ទងនឹងការស្រាវជ្រាវលើទីអវកាស៕

ប្រែសម្រួលដោយ៖ ជុំ ពេជ្រវណ្ណារ៉ា 21-07-21

Share.