សារព័ត៌មាន Bangkok Post បានឲ្យដឹងនៅថ្ងៃពុធនេះថា មនុស្សចំនួន ១២នាក់បានស្លាប់ និង ៥នាក់រងរបួស រួមទាំងផ្លូវថ្នល់ រថយន្ដ ផ្ទះសំបែងជាច្រើនរងការខូចខាត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្លូវក្រោមដី នៅក្នុងទីក្រុង Zhengzhou ខេត្ត Henan ភាគកណ្តាលនៃប្រទេសចិន។

ប្រភពដដែលបានឲ្យដឹងទៀតថា រូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អ្នកដំណើរក្នុងរថភ្លើងជាច្រើននាក់ កំពុងតស៊ូដើម្បីរកផ្លូវចេញពីរថភ្លើងក្រោមដីនេះផុសនៅក្នុងបណ្ដាញសង្គម Weibo។ អាជ្ញាធរក្នុងទីក្រុងនេះបានចេញសេចក្ដីប្រកាសអាសន្នកម្រិតខ្ពស់បំផុតសម្រាប់ខេត្ត Henan ខណៈដែលទីក្រុងទូទាំងខេត្តនេះ រង់ផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់។

អ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសចិន បាននិយាយថា គ្រោះទឹកជំនន់នៅប្រទេសចិនតែងតែកើតមានជារៀងរាល់ឆ្នាំ ដោយឡែកឆ្នាំនេះរងគ្រោះខ្លាំង ដោយសារកត្តាបម្រែបម្រួលអាកាសធាតុរបស់ផែនដី។ ជាមួយគ្នា កងទ័ពចិនបានព្រមានថា ទំនប់វារីអគ្គិសនីមួយនៅកណ្តាលប្រទេស “អាចនឹងដួលរលំនៅពេលណាក៏បាន” បន្ទាប់ពីរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារព្យុះដែលបានសម្លាប់មនុស្សយ៉ាងតិច ៣ នាក់ និង ធ្វើឲ្យតំបន់នេះស្ថិតក្នុងស្ថានភាពជាប់គាំង។

សូមជម្រាបថា កាលពីល្ងាចថ្ងៃអង្គារសប្ដាហ៍នេះ អង្គភាពប្រចាំតំបន់នៃកងទ័ពរំដោះប្រជាជនចិនបានព្រមានពីកម្រិតគ្រោះថ្នាក់ដោយសារទឹកភ្លៀងបន្ដធ្លាក់ឥតឈប់ឈរបណ្ដាលឲ្យកម្ពស់ទឹកក្នុងទំនប់កើនឡើង អាចប៉ះពាល់ដល់ទំនប់វារីអគ្គិសនី Yihetan Dam ក្នុងទីក្រុង Luoyang ដែលមានប្រជាជនរស់នៅក្បែរនោះប្រមាណ ៧លាននាក់និងប្រឈមនឹងហានិភ័យដោយការបាក់ទំនប់នៅពេលណាមួយ៕

ប្រែសម្រួលដោយ៖ ជុំ ពេជ្រវណ្ណារ៉ា

Share.