ខេត្តព្រះសីហនុ៖ មនុស្សម្នាក់ស្លាប់ និងរងបួសចំនួន០៦នាក់​ ក្នុងនោះរបួសធ្ងន់ម្នាក់ជាអ្នកបើកបរទូក នៅក្នុងហេតុការគ្រោះឆេះទូកឈើមួយគ្រឿងនៅកណ្តាលសមុទ្រកាលពី វេលាម៉ោង១០កន្លះព្រឹក​ថ្ងៃទី២១ ខែកក្តដាឆ្នាំ២០២១ ស្ថិតនៅចំណុចចន្លោះ ផែសហគមន៍ភូមិដេីមថ្កូវ​ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ ។ 

យោងតាមប្រភពមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះរ៉ុង បានឱ្យដឹងថា ទូកដែលឆេះនេះជាទូកដឹកបន្លែ​ទំហំទទឹង៣.៤ម៉ែត្រ​បណ្តោយ១៣ម៉ែត្រ​ ម៉ាស៊ីន១៣០សេសេ។ ​ ម្ចាស់ទូកឈ្មោះ រត្ន័​ ឧត្តម​ ភេទប្រុស​ អាយុ២៦​ ឆ្នាំ​ ទីលំនៅបច្ចុប្ប​ន្នភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ​។ 

សមត្ថកិច្ចដដែលបានបញ្ជាក់ទៀតថា តាមចម្លើយពីអ្នកបើកបរទូក​​ ​បានអះអាងថា នៅលេីទូកមានមនុស្សចំនួន១១នាក់​ ស្រី០៥នាក់ មានទាំងមនុស្សចាស់និងក្មេងតូចផង បានចេញដំណេីរពីផែសហគមន៍ភូមិដេីមថ្កូវ​ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ឆ្ពោះទៅផែ៥២​ ក្នុងសង្កាត់១​ ក្រុងព្រះសីហនុ​ ​ លុះដល់កន្លែងកេីតហេតុ​ ម៉ាស៊ីនបានធ្លាយទុយោេប្រង​ប៉ះនឹងបំពង់ស៊ីម៊ាំងម៉ាស៊ីនទូកបណ្តាលឱ្យមានភ្លេីងឆាបឆេះ​ជាអគ្គិភយ័  ក្រោយមកទូកក៏បានលិចចូលក្នុងសមុទ្រ។

ហេតុការណ៍នេះ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ (ឈ្មោះហ៊ីង​ ស្រស់​ ភេទស្រី​ អាយុ៥០ឆ្នាំ​ រស់នៅភូមិដេីមថ្កូវ​ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង​) និងរងបួសចំនួន០៦នាក់​ ក្នុងនោះរបួសធ្ងន់ម្នាក់ជាអ្នកបើកបរទូក ។

ពេលកើតហេតុភ្លាមៗ ក៍មានការជួយសង្គ្រោះពីអូបរ័ល្បឿនលឿន ដែលនៅជិតដឹកជញ្ជូនជនរងគ្រោះមកកាន់ដីគោក និងការជួយសង្គ្រោះ ពីសមត្ថកិច្ច និងប្រជាពលរដ្ឋបន្ថែមទៀត នាំយកអ្នករងបួសមកមន្ទីរពេទ្យ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អត្ថបទ៖ ភ្នាក់ងារខេត្តព្រះសីហនុ

Share.