កីឡាករ អាត អូនតូច ត្រូវ​បាន​លោក​គ្រូ​បង្វឹក ឡុង ឬទ្ធា ដាក់​ចូល​ក្នុង​បញ្ជី​ប្រកួតរបស់ព្រៃវែងអែហ្វស៊ី ​​ឡើង​វិញ ក្នុង​សប្ដាហ៍​ទី២​នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 ក្រោយ​រូប​គេ​បាន​​ដាច់​សរសៃ​ជង្គង់ (ACL+LCL) កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៣ អំឡុង​ពេល​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​នៃ​ពានរង្វាន់ Cambodian League Cup ទល់​ក្រុម​គីរីវង់សុខសែនជ័យ។

កីឡាករ អាត អូនតូច ហ្វឹកហាត់ មុនប្រកួតទល់ ISI ដង្កោសែនជ័យ

រំលង​បាន​១៧៥​ថ្ងៃ​របួស​របស់​កីឡាករ​រូប​នេះ​បាន​ជា​សះស្បើយ​ឡើង​វិញ ព្រម​ទាំង​មាន​ឈ្មោះ​ជួយ​ក្រុម​ព្រៃវែងអែហ្វស៊ី ឡើង​វិញ​ក្នុង​បេសកកម្ម​នៅ​ឆ្នាំ​២០២៣ ជា​ពិសេស​រូប​គេ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជម្រើស​កីឡាករ​២១​នាក់ ប្រកួត​ទល់​នឹង​ក្រុម​ម្ចាស់​ផ្ទះ ISI ដង្កោសែនជ័យ នា​រាត្រី​ថ្ងៃ​សៅរ៍ ទី​១២ ខែ​សីហា ឆ្នាំ​២០២៣ លើ​ទីលាន​កីឡដ្ឋាន AIA Stadium, KMH Park។

អត្ថបទពាក់ព័ន្ធ៖ប្រធានក្លិបព្រៃវែង បង្ហាញចំណាប់អារម្មណ៍ ក្រោយឡើងទៅកាន់លីគកំពូលកម្ពុជា (វីដេអូ)

យ៉ាងណាក្ដី​លោក ឡុង ឬទ្ធា មិន​បាន​ប្តូរ អាត អូនតូច ចូល​ប្រកួត​នៅ​ឡើយទេ ដោយ​ដាក់​ក្នុង​បញ្ជី​បម្រុង សិន ស្រប​ពេល​ដែល​ក្រុម​មក​ពី​ព្រំដែន​វៀតណាម មួយ​នេះ បាន​យក​ឈ្នះ​ម្ចាស់ផ្ទះ​ឯ​ផ្លូវ​វេងស្រេង រាជធានី​ភ្នំពេញ ដោយ​លទ្ធផល​លើសលប់ ៥-០។

អាត អូនតូច ស្ថិតក្នុងបញ្ជីប្រកួត

ការ​ត្រឡប់​មក​ទីលាន​វិញ របស់​កីឡាករ អាត អូនតូច បាន​ដាក់​រូប​គេ​ចេញ​បញ្ជី​កីឡាករ​របួស​របស់​ក្រុម​ព្រៃវែងអែហ្វស៊ី ខណៈ​មិត្តរួម​ក្រុម​ខ្លួន​ចំនួន​៤នាក់​ទៀត កំពុង​តែ​សម្រាក​ព្យាបាល​នៅ​ឡើយ ដូចជា​៖

  • ខ្សែបម្រើ ភួង ឌីណា ដាច់សសៃជង្គង់ ACL និង បែកទ្រនាប់ជង្គង់ អំឡុង​ Pre-Season
  • អ្នកចាំទី សឿន រិទ្ធិវីរៈវឌ្ឍនា ដាច់សសៃជង្គង់ ACL ពេលប៉ះ Tiffy Army FC ពានរង្វាន់ Cambodian League Cup 2023
  • ខ្សែបម្រើ សរ សាមុត ដាច់សសៃជង្គង់ ACL និង បែកទ្រនាប់ជង្គង់ អំឡុងពេលហ្វឹកហាត់
  • ខ្សែប្រយុទ្ធស្លាប គី រីណា ដាច់សរសៃជង្គង់ ACL ពេលប៉ះ​ណាហ្គាវើលដ៍ ពានរង្វាន់ Cambodian Premier League 2023-24

អត្ថបទពាក់ព័ន្ធ៖ឪពុក​​បន្ត​លើក​ទឹក​ចិត្ត​កូន បើទោះ អាត អូនតូច មិន​ទាន់​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម​ព្រៃវែងអែហ្វស៊ី ដោយសារ​របួស

ជម្រើស១១នាក់ដំបូងរបស់ក្រុមព្រៃវែងអែហ្វស៊ី

សម្រាប់​ប្រកួត​បន្ត​ក្រុម​ព្រៃវែងអែហ្វស៊ី នឹង​​ត្រូវ​បើក​ទ្វា​កីឡដ្ឋាន​ខេត្ត​ព្រៃវែង របស់​ខ្លួន​ទទួល​ក្រុម​ជើង​ឯក​៤​សម័យ​កាល​បឹងកេត នៅ​ថ្ងៃ​ទី​២០ សីហា ឆ្នាំ​២០២៣ ខាង​មុខ វេលា​ម៉ោង​៣:៤៥នាទី​រសៀល ប្រចាំ​សប្ដាហ៍​ទី៣ នៃ​ពានរង្វាន់ Cambodian Premier League 23-24៕

Share.