ប្រធានបទស្ដីពីដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ទៅកាន់ទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន ត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា ជាមួយឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេស ចិន នៅក្រសួងការបរទេសកម្ពុជា នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។

«ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ទៅកាន់រដ្ឋធានីប៉េកាំង រួមទាំង ការអញ្ជើញចូលរួមក្នុងពិព័រណ៍អាស៊ាន-ចិនលើកទី២០ និងកិច្ចប្រជុំកំពូលស្តីពីធុរកិច្ចនិងការវិនិយោគអាស៊ាន-ចិន នៅទីក្រុងណាននីង ព្រមទាំងវេទិកាលើកទី៣​ ស្តីពី គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ក៏ត្រូវបានពិភាក្សាផងដែរ»។ នេះបើតាមខ្លឹមសារបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានដែលបានចេញផ្សាយនៅថ្ងៃដដែល។

ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ ក្រសួងការបរទេសកម្ពុជា មិនបានបញ្ជាក់អំពីគម្រោងលម្អិតនៃដំណើរទស្សនកិច្ចឯកឧត្តម ហ៊ុន ម៉ាណែត នៅឡើយទេ។ ប៉ុន្តែបើតាមអ្នកតាមដានការវិវត្តន៍ផ្នែកនយោបាយនៅកម្ពុជា ទស្សនកិច្ចផ្លូវការទំនងជានឹងត្រូវធ្វើឡើងបន្ទាប់ពីឯកឧត្តម ហ៊ុន ម៉ាណែត ឡើងកាន់មុខតំណែងជានាយករដ្ឋមន្រ្តីកម្ពុជាផ្លូវការ ខណៈចិនអាចជារដ្ឋដំបូងក៏ថាបានដែលនឹងត្រូវក្រាលព្រំក្រហមទទួលទស្សនកិច្ចនាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា។

គួរកត់សម្គាល់ក្នុងឱកាសបំពេញទស្សនកិច្ចនកិច្ចនៅកម្ពុជា ឯកឧត្តម វ៉ាង យី ដែលទើបវិលចូលកាន់មុខតំណែងប្រមុខការទូតចិនវិញ បានដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីជិតផុតអាណត្តិ និងបានជួបពិភាក្សាការងារដាច់ដោយឡែកជាមួយឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ។ ឯកឧត្តម វ៉ាង យី​ អះអាងថាទស្សនកិច្ចកម្ពុជាលើកនេះ គឺជាបង្ហាញថាចិនគាំទ្រកម្ពុជា។

ជាការកត់សម្គាល់ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន​ បាន​ធ្វើ​ឡើងស្រប​ពេល​មាន​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី ៦៥ ឆ្នាំ​នៃ​ទំនាក់​ទំនង​ការទូត​រវាង​កម្ពុជា​និង​ចិន ហើយ ឯកឧត្តម វ៉ាង យី បាន​ក្លាយជា​រដ្ឋមន្រ្តីការបរទេសដំបូងគេ​បង្អស់​ដែល​បាន​ជួប​ពិភាក្សាការងារជាមួយឯកឧត្តម ហ៊ុន ម៉ាណែត បន្ទាប់ពីឯកឧត្តម ត្រូវ​បាន​ចាត់តាំង​ជា​នាយករដ្ឋមន្រ្តី​កម្ពុជា​ដោយ​នឹង​កាន់​អំណាច​ចាប់ពី​ថ្ងៃ​ទី ២២ ខែ​សីហា។

រដ្ឋសភា នឹងបើកសម័យប្រជុំដំំបូងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ និងបន្តបោះឆ្នោតបង្កើតរចនាសម្ព័ន្ធរដ្ឋសភា និងផ្ដល់សេចក្ដីទុកចិត្តរាជរដ្ឋាភិបាលថ្មីនៅថ្ងៃទី២២ ខែសីហា។ នៅខែកញ្ញា ឆ្នាំ២០២៣ ក្នុងឋានៈជានាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តម ហ៊ុន ម៉ាណែត ក៏នឹងត្រូវដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាតិនៅទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិកផងដែរ៕

Share.