បុរសម្នាក់ទ្រាំនឹងកំហឹងមិនបានក្រោយពីបុរសម្នាក់ទៀតបានកាប់ទៅលើកូនប្រុសរបស់ខ្លួន ក៏នាំកូនៗរបស់៣នាក់ផ្សេងទៀតកាប់និងវាយទៅលើបុរសដែលកាប់គេមុននោះបណ្តាលឲ្យបាត់បង់ជីវិត។

ហេតុការណ៍ហិង្សានេះកើតឡើងនៅ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២១:០០នាទីនៅចំណុចភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្នុងហេតុការណ៍នោះ មានជនរងគ្រោះចំនួន២នាក់រួមមាន៖

១.ឈ្មោះ សេក កៅ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅនៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ស្លាប់ ជាមនុស្សមានជម្ងឺសរសៃប្រសាទ) ត្រូវជាពូបង្កើតជនសង្ស័យ។

២.ឈ្មោះ យ៉ន ជៀម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបររៀបឆាកតន្រ្តីសម័យ មានទីលំនៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ត្រូវជាក្មួយជនរងគ្រោះ) ។

ចំពោះជនសង្ស័យមានគ្នាចំនួន ០៤នាក់រួមមាន៖

១.ឈ្មោះ សេក វិចិត្រ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី មានទីលំនៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។

២.ឈ្មោះ យ៉ន ជួន (ចយ) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបររៀបឆាកតន្រ្តីសម័យ មានទីលំនៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។

៣.ឈ្មោះ យ៉ន ហេង (ជួប) ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបររៀបឆាកតន្រ្តីសម័យ មានទីលំនៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។

៤ឈ្មោះ យ៉ន ជា (ធ្លោ) ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ មានប្រពន្ធ នៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ (ឃាត់ខ្លួន)។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន៖

១.កាំបិតប៉័ងតោ ផ្លែដែក ដងឈើ ប្រវែង២៨សង់ទីម៉ែត្រ។

២.ដំបងឬស្សី ប្រវែង០,៩២ម៉ែត្រ។

យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចបង្ហាញថា នៅថ្ងៃខែឆ្នាំ និងពេលវេលាកើតហេតុខាងលើជនរងគ្រោះបានឈ្លោះប្រកែកជាមួយមិត្តភ័ក្តិមិន ស្គាល់ឈ្មោះ។ ពេលកំពុងឃើញភាពច្របូកច្របល់នៅលើផ្លូវប៊េតុងឈ្មោះ យ៉ន ជៀម ភេទប្រុស ក៏បានចេញមកឈរនៅ លើផ្លូវបេតុងមុខផ្ទះរបស់ខ្លួន ដើម្បីមើលគេឈ្លោះប្រកែកគ្នា។ស្របពេលនោះឈ្មោះ សេក កៅ ភេទប្រុស (ជនរងគ្រោះស្លាប់) ក៏បានទាញយកកាំបិតប៉័ងតោ (កាន់ដៃស្តាំ) កាំបិតកញ្ចែត (កាន់ដៃឆ្វេង) មកដេញកាប់ឈ្មោះ យ៉ន ជៀម ភេទប្រុស ត្រូវ ០២កាំបិត មួយកាំបិតត្រូវចំម្រាមដៃខាងឆ្វេង មួយកាំបិតទៀតត្រូវចំក្រោមជង្គង់ខាងឆ្វេង បណ្តាលឲ្យរបួសស្នាម។

ឃើញដូចនោះឈ្មោះ ប៉ែត ស្រីណា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ បានរត់ទៅហៅឈ្មោះ លឹម ចំរើន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ ឃុំ កើតហេតុ ឲ្យមកមើលឈ្មោះ យ៉ន ជៀម ភេទប្រុស និងយក ឈ្មោះ យ៉ន ជៀម ទៅពេទ្យផង។ បន្ទាប់មកឈ្មោះ ប៉ែត ស្រីណា ភេទស្រី បានរត់ទៅហៅ ឈ្មោះ សេក វិចិត្រ ភេទប្រុស ឲ្យមកមើលកូនឈ្មោះ យ៉ន ជៀម ភេទប្រុស ដែលត្រូវឈ្មោះ សេក កៅ កាប់បណ្ដាលឲ្យរងរបួស ភ្លាមឈ្មោះ សេក វិចិត្រ ភេទប្រុស (ត្រូវជាឪពុក ឈ្មោះ យ៉ន ជៀម) បានរត់ឡើងពីទន្លេមកដល់កន្លែងកើតហេតុ ក៏ឃើញឈ្មោះ យ៉ន ជា ភេទប្រុស ឈ្មោះ យ៉ន ជួន ភេទប្រុស និងឈ្មោះ យ៉ន ហេង (ជួប) ភេទប្រុស កំពុងប្រតាយប្រតប់ជាមួយឈ្មោះ សេក កៅ នៅមុខផ្ទះ លឹម ចំរើន ភេទប្រុស ពេលនោះ សេក វិចិត្រ ក៏បានយកដំបងឬស្សី ប្រវែង ០.៩២ម៉ែត្រ វ៉ៃទៅលើជនរងគ្រោះឈ្មោះ សេក កៅ ចំណែកឈ្មោះ យ៉ន ហេង ក៏យកច្រវ៉ាក់វ៉ៃលើ ជនរងគ្រោះ តែមិនត្រូវ ក៏ត្រូវឈ្មោះ សេក កៅ កាប់ត្រូវស្មងជើង របួសស្រាល ពេលនោះ ឈ្មោះ យ៉ន ហេង ក៏យកច្រវ៉ាក់គប់លើ ជនរងគ្រោះបន្ថែមត្រូវចំខ្នង ០១ច្រវ៉ាក់ ហើយរត់គេចចេញពីកន្លែងកើតហេតុ ចំណែកឈ្មោះ យ៉ន ជួន ក៏ស្ទុះទៅយកកាំបិត ពីជនរងគ្រោះឈ្មោះ សេក កៅ កាប់ទៅលើ ជនរងគ្រោះត្រូវដៃរបួសធ្ងន់ ត្រូវក្រោមដោះរបួសធ្ងន់និងត្រូវខ្នង ០១កាំបិតទៀត បន្ទាប់មកក៏រើសដំបងវ៉ៃបន្ថែមត្រូវក្បាល ឈ្មោះ សេក កៅ ក្រោយពីធ្វើសកម្មភាពរួចឈ្មោះ យ៉ន ហេង (ជួប) ភេទប្រុស និងឈ្មោះ យ៉ន ជួន (ចយ) ភេទប្រុស និងឈ្មោះ យ៉ន ជា (ធ្លោ) ភេទប្រុស បានរត់គេចខ្លួនអស់មុនពេលសមត្ថកិច្ចទៅដល់។ ចំណែកឈ្មោះ សេក វិចិត្រ ភេទប្រុស កម្លាំងនគរបាលប៉ុស្តិ៍ សហការជាមួយកម្លាំងព្រ.ទស្រុក បាននាំខ្លួនយកមកសាកសួរដើម្បីកសាងសំណុំរឿងនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ សេក វិចិត្រ ភេទប្រុស មិនព្រមសារភាពទេ។ ដោយយោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ច និងការបំភ្លឺពីប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុបានផ្ដល់ព័ត៌មានថា ករណីកាប់សម្លាប់លើឈ្មោះ សេក កៅ បណ្ដាលឲ្យស្លាប់នៅកន្លែង កើតហេតុ គឺបណ្ដាលមកពី ឪពុក កូន បងប្អូនរបស់ជនរងគ្រោះឈ្មោះ យ៉ន ជៀម ភេទប្រុស។ មូលហេតុដោយសារផ្ទុះកំហឹងខ្លាំងព្រោះមកពីឈ្មោះ សេក កៅ (ជនរងគ្រោះស្លាប់) មកកាប់លើឈ្មោះ យ៉ន ជៀម ។

លុះមកដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១០:១០នាទី កម្លាំងផ្នែកព្រ.ទស្រុក បានស្រាវជ្រាវចាប់មុខសញ្ញាបាន ០៣នាក់ទៀត មានឈ្មោះ យ៉ន ហេង (ជួប) ភេទប្រុស, ឈ្មោះ យ៉ន ជា(ធ្លោ) ភេទប្រុស និងឈ្មោះ យ៉ន ជួន (ចយ) ភេទប្រុស យកមកសាកសួរ ក្រោយពីសាកសួររួច ជនសង្ស័យទាំង០៣នាក់ បានសារភាពថា ពួកខ្លួន ពិតជាបានប្រព្រឹត្តអំពើហិង្សាលើ ឈ្មោះ សេក កៅ ពិតមែន។

ក្រោយចាប់ខ្លួនជនសង្ស័យទាំង០៤នាក់ ត្រូវបាននាំទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បី កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖តាខ្មៅ

Share.