ក្នុង​នាម​ជា​សហម្ចាស់ផ្ទះ​​បាល់ទះ​នារី​ជើង​ឯក​ទ្វីប​អឺរ៉ុប 2023 Women’s European Volleyball Championship ប្រទេស​អ៊ីតាលី បាន​ប្រើប្រាស់​ទីលាន​ប្រាសាទ​បូរាណ​មុន​គ្រិស្តសករាជ​ Verona Arena ធ្វើ​ជា​ទីតាំង​ប្រកួត ពេល​ក្រុម​នារី​របស់​ខ្លួន​ទទួល​ក្រុម​រ៉ូម៉ានី នៅ​ប្រកួត​បើក​ឆាក​នា​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២៣។

ក្រុម​នារី​របស់​អ៊ីតាលី បាន​យក​ឈ្នះ​លើ​រ៉ូម៉ានី ដោយ​លទ្ធផល ២សិតទល់០ ពោល​គឺ​ ២៥-១៩, ២៥-១៩, ២៥-១៥ កាត់សេចក្តី ដោយ​អាជ្ញាកណ្ដាល Marie-Catherine BOULANGER ជនជាតិ​ប៊ែលហ្សិក និង Michail KOUTSOULAS ជនជាតិ​ក្រិក ក្រោម​ក្រសែភ្នែកទស្សនិកជន​ប្រមាណ​១ម៉ឺន​នាក់។

សូម​បញ្ជាក់​ថា​ពានរង្វាន់​បាល់ទះ​អឺរ៉ុប 2023 Women’s European Volleyball Championship មាន​ប្រទេស​បែលហ្សិក អេស្តូនី អាល្លឺម៉ង់ និង​អ៊ីតាលី ជា​​សហ​ម្ចាស់​ផ្ទះ ដោយ​ប្រកួត​ពី​ថ្ងៃ​ទី​១៥​សីហា ដល់​៣ កញ្ញា ឆ្នាំ​២០២៣ នៅ​៨​ទីលាន​ផ្សេង​គ្នា។

ខាងក្រោមជាវីដេអូនៃកាប្រកួតទាំងស្រុង៖

ក្រុម​ទាំង​២៤ បាន​បែងចែក​ជា​៤​ពូល​ដោយ​ក្នុង​នោះ៖
ពូល A ប៊ែលហ្សិក, ស្លូវ៉ានី, ស៊ែប៊ី, ប៉ូឡូញ, អ៊ុយក្រែន, ហុងគ្រី
ពូល B អ៊ីតាលី, រ៉ូម៉ានី, ប៊ុលហ្ការី, ក្រូអាត, បូស្នី និងហឺហ្សីហ្គូវីណា, ស្វីស
ពូល C អាល្លឺម៉ង់, អាហ្សេបៃហ្សង់, ទួរគី, ឆែក, ស៊ុយអែត, ក្រិក
ពូល D អេស្តូនី, ហ្វាំងឡង់, ហុល្លង់, បារាំង, ស្លូវ៉ាគី, អេស្ប៉ាញ

ខាងក្រោមជា​វីដេអូហាយឡាយនៃការប្រកួត៖

សម្រាប់​អ៊ីតាលី បាន​យក​ប្រាសាទ Verona Arena ​ធ្វើ​ម្ចាស់​ផ្ទះ​​តែ​១​ប្រកួត​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃ​បើក​ឆាក​ពូល B ក្នុង​ថ្ងៃ​ទី​១៥ សីហា ឆ្នាំ​២០២៣ ប្រទេស​នេះ​នឹង​ប្តូរ​ទៅ​ធ្វើ​នៅ​​ទីលាន Monza Arena ក្នុង​ទីក្រុង Monza និង ទីលាន PalaRuffini ក្នុង​ទីក្រុង Turin ស្រប​ពេល​វគ្គ​១៦ក្រុម​ចុងក្រោយ​ ប្ដូរ​ទៅ​ធ្វើ​នៅ​ទីលាន Palazzo Wanny ក្នុង​ទីក្រុង Florence។

ប្រាសាទ Verona Arena ​អាច​ផ្ទុក​ទស្សនិកជន​បាន​​៣ម៉ឺន​៧នាក់ ដោយ​ធ្លាប់​ធ្វើ​ជា​ទីតាំង​នៃ​ការ​ប្រគំតន្រ្តី​សំខាន់ៗ និង​ប្រកួត​កីឡា​ជា​ច្រើន​​ទៀត ក្រៅ​ពី​បើក​អោយ​ចូល​​មហាជន​ទស្សនា ប្រាង្គប្រាសាទ។

បើបូក​ទាំង​លើក​នេះ​ផង​អ៊ីតាលី បាន​ក្លាយ​ជា​ប្រទេស​ដែល​​ធ្វើ​ម្ចាស់​ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ប្រចាំ​ទ្វីប​នេះ​បាន​ច្រើន​ជាង​គេ​រហូត​ដល់​៥លើក បើធៀប​នឹង​ប្រទេស​ជា​សមាជិក​របស់​ទ្វីប​អឺរ៉ុប​ផ្សេង​ទៀត ដោយ​ក្នុង​នោះ​នៅ​ឆ្នាំ​១៩៧១, ១៩៩១, ១៩៩៩, ២០១១ និង​២០២៣ នេះ។

ពានរង្វាន់​​បាល់ទះ​នារី Women’s European Volleyball Championship រៀបចំ​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ​១៩៤៩ មក​ម៉្លេះ ដោយ​ប្រកួត​​រាល់​៣​ឆ្នាំ​ម្តង ខណៈ​ក្រុម​សហភាព​សូវៀត ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ​រហូត​ដល់​១៣លើក ហើយ​រុស្ស៊ី ឈ្នះ​បាន​៦លើក៕

Share.