ការប្រកួតសម្រស់លក្ខណៈអន្តរជាតិដ៏ធំអស្ចារ្យ Miss Universe នឹងប្រារព្ធឡើងនៅ នាខែធ្នូ ឆ្នាំ២០២១ ខាងមុខនេ ដោយលោក Steve Harvey នឹងត្រលប់មកដើរតួនាទីជាពិធីករក្នុងកម្មវិធីសារជាថ្មី។
Miss Universe ការប្រកួតស្រីស្អាតជារៀងរាល់ឆ្នាំនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលសម្រាប់ការប្រកួតគម្រប់លើកទី៧០របស់ខ្លួន ហើយមានផ្សាយផ្ទាល់ទៅកាន់ប្រទេសជាង១៧០ទូទាំងពិភពលោក។ គណៈកម្មការរៀបចំកម្មវិធីបានប្រកាសដំណឹងនេះកាលពីថ្ងៃទីអង្គារ ទី២០ ខែកក្កដា កន្លងទៅ។ កម្មវិធីប្រកួតនេះនឹងប្រារព្ធឡើងនៅរីសតថោនអហ្វអ៊ីឡាត់ (Resort Town of Eilat) ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ដោយមានលោក Steve Harvey ត្រលប់មកកាន់តួនាទីជាពិធីករម្ដងទៀត។
កម្មវិធីប្រកួតរយៈពេល ៣ម៉ោងពេញនេះ នឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ FOX របស់សហរដ្ឋអាមេរិក និងប្រទេស ១៨០ ទៀតនៅទូទាំងសកលលោក។ កម្មវិធីនេះនឹងបញ្ចប់នៅពេលដែលកញ្ញាឯកចក្រវាឡ Andrea Meza ផ្ទេរតំណែងបំពាក់បកុដទៅឱ្យកញ្ញាឯកដែលគ្រងតំណែកជាកញ្ញាឯកចក្រវាឡទី៧០របស់ពិភពលោក។
Andrea អតីតវិស្វករ Software គឺជាគាំទ្រសិទ្ធិស្ត្រី ហើយថែមទាំងលើកទឹកចិត្តឱ្យមនុស្សទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ផងដែរ។ ភ្លាមៗក្រោយទទួលបានតំណែងជាកញ្ញាឯកចក្រវាឡពិភពលោក Andrea Meza បានអញ្ជើញសារព័ត៌មានដើម្បីថតនិងផ្សព្វផ្សាយពេលដែលកញ្ញាបានចាក់វ៉ាក់សាំង ដូសទីមួយនៅក្នុងរដ្ឋ New York ផងដែរ។ នៅក្នុងសេចក្ដីប្រកាសដោយអង្គភាពកញ្ញាឯកចក្រវាឡបានឱ្យដឹងថា Andrea សង្ឃឹមថានឹងមានមនុស្សកាន់តែច្រើនបានចាក់វ៉ាក់សាំង ដូច្នេះមនុស្សកាន់តែច្រើននឹងបានចូលរួមក្នុងកម្មវិធីប្រកួត កញ្ញាឯកចក្រវាឡពិភពលោកលើកទី៧០។Andrea Meza បានទទួលមកុដបន្តពីកញ្ញា Zozibini Tunzi ស្ត្រីស្បែកខ្មៅទីមួយមកពីប្រទេសអាហ្វ្រិកខាងត្បូងដែលបានឈ្នះការប្រកួតប្រជែង Miss Universe។
ថ្វីត្បិតតែនេះគឺជាប្រឈមមួយធំព្រោះតែការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ តែយើងត្រូវតែបង្កើតការទាក់ទាញផ្នែកទេសចរណ៍ដែលបង្ហាញពីភាពលេចធ្លោរបស់ប្រទេសអ៊ីស្រាអែលទៅកាន់ខ្សែភ្នែកមហាជនទូទាំងពិភពលោកក្រោយពេលការរីករាលដាលនៃជំងឺកូវីដ-១៩។ រដ្ឋមន្ត្រីទេសចរណ៍ប្រទេសអ៊ីស្រាអែលលោក Yoel Rzbozov បានមានប្រសាសន៍ថា៖ «ការប្រកួតកញ្ញាឯកច្រកវាឡមិនមានអ្វីគួរឱ្យសង្ស័យនោះទេ គឺជាកម្មវិធីពិសេសហើយមានន័យបំផុតដែលអ៊ីស្រាអែលបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយនេះ»៕
ប្រភព៖ Ynetnews