ទីបំផុត​ក្រុម​ភ្នំពេញក្រោន បាន​បន្ត​កំណត់ត្រា ជា​ក្រុម​កម្ពុជា ទាំង​អស់​ដែល​ឈ្នះ​ក្រុម​មក​ពី​ប្រទេស​ឡាវ គ្រប់ពេល​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​កម្រិត​ទ្វីប​អាស៊ី AFC Cup ក្រោយ​យក​ឈ្នះ​លើ​ក្រុម ​Young Elephants នៅ​វគ្គ​ជម្រុះ Preliminary round 2 ដោយ​លទ្ធផល​ ៣-០ លើ​ទីលាន​កីឡដ្ឋាន Smart RSN ក្នុង​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​ពុធ ទី​១៦ ខែសីហា ឆ្នាំ​២០២៣។

អត្ថបទពាក់ព័ន្ធ៖សមាជិកលីគកំពូលកម្ពុជា ទាំងអស់ទទួលបានអាជ្ញាបណ្ឌពីសហព័ន្ធបាល់ទាត់អាស៊ីជាប្រវត្តិសាស្រ្ត

ទស្សនាវីដេអូខាងក្រោមអំពីចំណាប់អារម្មណ៍គ្រូបង្វឹកភ្នំពេញក្រោន ក្រោយយកឈ្នះ Young Elephants ៣-០ វគ្គជម្រុះ AFC Cup 2023/24៖

ការ​ប្រកួត​ក្រោម​ការ​កាត់សេចក្តី​ពី​សំណាក់​លោក​អាជ្ញាកណ្ដាល​ជនជាតិ​ឥណ្ឌា Pranjal Banerjee ដែល​ចាប់​ផ្ដើម​ពី​ម៉ោង​៦:៣០នាទី ក្រោយ​ផ្អាក​បណ្ដោះអាសន្ន​១៥​នាទី​ចំនួន​២លើក ព្រោះ​តែ​ទឹក​ដក់​លើ​ទីលាន​ដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំង។

គ្រាប់​បាល់​ជ័យជម្នះ​របស់​ម្ចាស់​ផ្ទះ​ភ្នំពេញក្រោន រក​បាន​ដោយ​កីឡាករ​បរទេស​ចំនួន​៣រូប​គឺ​កីឡាករ​ជប៉ុន Shintaro Shimizu, Yudai Ogawa និង​កីឡាករ​កូឡុំប៊ី Andrés Nieto។ ចំណែក​កីឡាករ​របស់​Young Elephants គឺ​កីឡាករ ​Emmanuel Jugbe Doe ត្រូវ​លោក​អាជ្ញាកណ្ដាល​ពិន័យ​កាត​ក្រហម​នៅ​ចុង​វគ្គ​ទី២។

អត្ថបទពាក់ព័ន្ធ៖AFC Cup៖ ភ្នំពេញក្រោន ប៉ះ Young Elephants របស់​ឡាវ ខណៈ​Tampines Rovers អង្គុយចាំ

សារព័ត៌មានត្រយង សូម​សង្ខេប​ពី​រូប​មន្ត​ប្រកួត​ក្នុង វគ្គ​ជម្រុះ​ក្នុង​ពានរង្វាន់ AFC Cup 2023-24 (Qualifying play-offs) ដោយ​មាន​៣​ដំណាក់កាល​មុន​ស្វែង​រក​ក្រុម​ខ្លាំង​ឡើង​ទៅ​វគ្គ​ចែក​ពូល ដូចជា៖

*វគ្គ​ជម្រុះ​ដំបូង Preliminary round 1
តំបន់​អាស៊ី​ភាគខាងត្បូង (South Asia Zone)
– Machhindra (នេប៉ាល់) ៣-២ Bhutan Paro (ប៊ូតាន់)

*វគ្គជម្រុះទី២ Preliminary round 2
តំបន់​អាស៊ី​ខាង​ត្បូង (South Asia Zone)
– Mohun Bagan SG (ឥណ្ឌា) ៣-១Machhindra (នេប៉ាល់) អ្នក​ឈ្នះ​នៅ​វគ្គ Preliminary round 1
– Dhaka Abahani (បង់ក្លាដេស) ២-១Club Eagles (ម៉ាល់ឌីវ)
តំបន់​អាស៊ី​កណ្ដាល (Central Asia Zone)
– Merw Mary (តួរមេនីស្ថាន) ១-០ Alay Osh (កៀហ្ស៊ីគីស្ថាន)
តំបន់​អាស៊ីភាគអាគ្នេយ៍ (ASEAN Zone)
– ប្រកួត​ទី១៖ ភ្នំពេញក្រោន (កម្ពុជា) ០-៣ Young Elephants (ឡាវ)
– ប្រកួត​ទី២៖ Yangon United (មីយ៉ាន់ម៉ា) ២-១ DPMM (ប្រ៊ុយណេ)

*វគ្គ​ជម្រុះទី៣ Play-off round
តំបន់​អាស៊ីWest Asia Zone
– ២២ សីហា Al-Khaldiya (បារ៉ែន) ប៉ះ Al-Nahda (អូម៉ង់)
– ២២ សីហា Al-Ittihad (ស៊ីរី) ប៉ះ Shabab Al-Khalil (ប៉ាឡេស្ទីន)
តំបន់​អាស៊ី​ខាង​ត្បូង (South Asia Zone)
-២២ សីហា Mohun Bagan SG (ឥណ្ឌា) ប៉ះ Dhaka Abahani (បង់ក្លាដេស)
តំបន់​អាស៊ីកណ្ដាល (Central Asia Zone)
-២២ សីហា Khujand (តាហ្ស៊ីគីស្ថាន) ប៉ះ Merw Mary (តួរមេនីស្ថាន)
តំបន់​អាស៊ីភាគ​អាគ្នេយ៍ (ASEAN Zone)
-២៣ សីហា Tampines Rovers (សិង្ហបុរី) ប៉ះ Phnom Penh Crown (កម្ពុជា)
-២៣ សីហា PSM Makassar (ឥណ្ឌូណេស៊ី) ប៉ះ Yangon United (មីយ៉ាន់ម៉ា)
តំបន់​អាស៊ី​ខាង​កើត (East Asia Zone)
-២៣ សីហា Monte Carlo (ម៉ាកាវ) ប៉ះ Taichung Futuro (តៃវ៉ាន់)

អត្ថបទពាក់ព័ន្ធ៖ម្ចាស់ជើងឯកលីគកំពូលកម្ពុជា២០២២ នឹងតំណាងឱ្យកម្ពុជាចូលរួម AFC Cup ២០២៣/២៤

ដូច្នេះ​​ក្រុម​​ដែល​ឈ្នះ​នៅ​វគ្គPlay-off round នឹង​​ឡើង​ទៅ​វគ្គ​ចែក​ពូល ដែល​មាន​ក្រុម​​៣៦​ក្រុម ខណៈ​ពានរង្វាន់​នេះ​បែងចែក​ជា​តំបន់​ចំនួន​៥ មាន​អាស៊ីខាងលិច អាស៊ីខាងកើត អាស៊ីកណ្តាល អាស៊ីខាងត្បូង និង​អាស៊ីអាគេ្នយ៍។

Share.