ជើង​ឯក​បាល់ទះ​បុរស​ក្នុង​សាល​ប្រចាំ​ទ្វីប​អាស៊ី Asian Men’s Volleyball Championship ដែល​រៀបចំ​ឡើង​​រាល់​២ឆ្នាំ​ម្តង នឹង​បន្ត​​ការ​ប្រកួត​លើក​ទី​២២​របស់​ខ្លួន​នៅ​រសៀល​ថ្ងៃទី១៩ ខែ​សីហា ឆ្នាំ​២០២៣ នេះ​ដោយ​ប្រទេស​អ៊ីរ៉ង់ ជា​ម្ចាស់​ផ្ទះ។

ការ​ប្រកួត​នេះ​មាន​ក្រុម​ចូលរួម​ចំនួន​១៧ក្រុម មក​ពី​តំបន់​នានា​ក្នុង​ទ្វីប ដោយ​ក្នុង​នោះ​មាន៖

  • ពូល A ហុងកុង, អ៊ីរ៉ង់, អ៊ីរ៉ាក់
  • ពូល B ជប៉ុន ថៃ អ៊ូប៊ែគីស្ថាន
  • ពូល C ចិន ឥណ្ឌូណេស៊ី កាហ្សាក់ស្ថាន
  • ពូល D ប៉ារ៉ែន និង​តៃវ៉ាន់
  • ពូល E អាហ្វហ្គានីស្ថាន ឥណ្ឌា កាតារ
  • ពូល F បង់ក្លាដេស ប៉ាគីស្ថាន កូរ៉េខាងត្បូង

*សូមបញ្ជាក់ថា​ល្វែង​ម៉ោង​នៅ​ទីក្រុង Urmia យឺត​ជាង​ម៉ោង​នៅ​កម្ពុជា ចំនួន២ម៉ោង

សម្រាប់​កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​បើក​ឆាក​មាន៖

  • ឥណ្ឌូណេស៊ី ប៉ះ ចិន
  • ជប៉ុន ប៉ះ ថៃ
  • ហុងកុង ប៉ះ អ៊ីរ៉ាក់
  • កាតារ ប៉ះ ឥណ្ឌា
  • បង់ក្លាដេស ប៉ះ កូរ៉េខាងត្បូង
  • តៃវ៉ាន់ ប៉ះ ម៉ុងហ្គោលី

ពានរង្វាន់​នេះ​បាន​កំណត់​ថា​ក្រុម​ដែល​ចូល​រួម​នេះ​​គឺ​មាន​១​ក្រុម​ជា​ប្រទេស​ម្ចាស់​ផ្ទះ ហើយ​១០​ក្រុម​ជា​សមាជិក​កាល​ពី​ឆ្នាំ​ចាស់ និង​៥​ក្រុម​ជា​ប្រទេស​ដែល​ខ្លាំង​នៅ​​តំបន់​ក្នុង​ទ្វីប​អាស៊ី។

នេះ​ជា​លើក​ទី៥​ហើយ​ដែល​អ៊ីរ៉ង់ រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ កម្រិត​ទ្វីប ខណៈ​៤លើក​កន្លង​ទៅ​ធ្វើ​នៅ​ទីក្រុង Tehran។ លើក​ទី៥​នេះ​ធ្វើ​នៅ​ទីក្រុង Urmia ចាប់​ពី​ថ្ងៃ​ទី​១៩​ដល់​២៦​ខែ​សីហា ឆ្នាំ​២០២៣ ដោយ​ប្រើប្រាស់​ទីលាន Ghadir Arena អាច​ផ្ទុក​អ្នក​គាំទ្រ​បាន​៦០០០នាក់ និង​ទីលាន​Shahidan Ahandoust Hall អាច​ផ្ទុក​អ្នក​គាំទ្រ​បាន​៣០០០នាក់។

តាំង​ពី​រៀបចំ​ដំបូង​ក្នុង​ឆ្នាំ​១៩៧៥​មក ប្រទេស​ជប៉ុន ជា​អ្នក​ឈ្នះ​ពានរង្វាន់​នេះ​​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​៩លើក ខណៈ​កូរ៉េខាងត្បូង និង​អ៊ីរ៉ង់ ឈ្នះ​ម្នាក់​៤លើក​ស្មើ​គ្នា ចិន​ឈ្នះ​បាន​៣លើក និង​អូស្រ្តាលី ឈ្នះ​បាន​១លើក។ ចំណែក​ប្រទេស​តំបន់​អាស៊ាន​ចំនួន​៣​ធ្លាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការន៍​កម្រិត​ទ្វីប​នេះ ដោយ​ថៃ ធ្វើ​ឡើង​នៅ​ឆ្នាំ​១៩៩៣​និង​២០០៥ ឥណ្ឌូណេស៊ី នៅ​ឆ្នាំ​២០០៧ និង​២០១៧ និង​ហ្វីលីពីន នៅ​ឆ្នាំ​២០០៩៕

Share.