សិល្បៈ​ជាតិ​៖ ​ជា​រឿយ​ៗ​អគ្គនាយិកា​ក្រុមហ៊ុន​ ​ដាណា ទ្រី​ ទោះ​មមាញឹក​ក្នុង​មុខ​ជំនួញ​និង​អាជីវកម្ម​ក្ដី​ ​នៅ​តែ​ឆ្លៀត​រក​ពេល​វេលា​ ​ធ្វើ​បុណ្យ​ចែក​ទាន​ជូន​ដល់​ ​បងប្អូន​ក្រីក្រ​ខ្សត់​ខ្សោយ​ ​ចាស់​ជរា​ ​កុមារ​ ​និង​អ្នក​ខ្វះ​លទ្ធភាព​ ដើម្បី​ជា​ចំណែក​មួយ​ជួយ​សម្រួល​ដល់​ការ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​ដែល​កំពុង​តែ​ជួប​ការ​លំបាក​និង​ខ្វះខាត​។​

ក្រៅ​ពី​ចូលរួម​ជ្រះ​ថ្លា​ជាមួយ​សាមី​ដើម​ទាន​ប្រធាន​ដើម​បុណ្យ​ហើយ​នោះ ​បែរ​ជា​មាន​អ្នក​ចាប់​អារម្មណ៍​សួរ​នាំ​រឿង​ចង្កេះអង្ក្រង​ ​និង​ ពោល​សរសើរ​ថា​បច្ចុប្បន្ន​ ​អ្នក​ម្ដាយ​កូន​៣ ​រូប​នេះ​មើល​ទៅ​កាន់​តែ​ក្មេង​ស្អាត​ប្លែក​ចំណែក​ឯ​ចង្កេះអង្ក្រង​ Size XS ​កាន់​តែ​ធ្វើ​ឲ្យ​រូប​សម្រស់​អ្នកនាង​ ​ស្រស់​ស្អាត​ឡើង​ រហូត​មាន​អ្នក​ខ្លះ​សង្ស័យ​ថា​ ​ប្រហែល​ជា​អាច​ដោយ​សារ​មាន​ថ្នាំ​ពិសេស ​ឬ​អ្នក​ស្អំ​បេះដូង​ ទើប​ធ្វើ​ឲ្យ​អ្នកនាង​ ​មើល​ទៅ​កាន់​តែ​រីករាយ​ជាង​មុន​ ​និង​ស្រស់​ស្អាត​ឡើង​។​

ខណៈ​ដែល​តួឯក​ស្រី​អ្នកគ្រូ​នួន​ ​នៅ​ក្នុង​រឿង​ ​«​តាម​ចាប់​ស្នេហ៍​»​ មិន​បាន​ឆ្លើយ​តប​អ្វី​ទាំងអស់​ពាក់ព័ន្ធ​នឹង​រឿង​ផ្ទាល់​ខ្លួន​ឬ​រឿង​បេះដូង​។​ ​ងាក​មក​ការ​ចូលរួម​ធ្វើ​បុណ្យ​ ​និង​ ជួយ​សម្រាល​បន្ទុក​ប្រជា​ពលរដ្ឋ​រស់​នៅ​ភូមិ​វិហារសួគ៌​ ​ស្រុក​ខ្សាច់​កណ្ដាល​ ​ខេត្ត​កណ្ដាល​ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ទី​១​៨ ​ខែ​សីហា​ ​កន្លង​ទៅ​។​ ​ជា​ការ​ពិត​ណាស់​ ការ​ធ្វើ​បុណ្យ​ចែក​ទាន​នេះ​គឺ​ជា​សកម្មភាព​មួយ​ដ៏​ល្អ​ ​ដែល​ជួយ​បំផុស​ឲ្យ​បងប្អូន​ដែល​មាន​ធនធាន​ច្រើន​ ឬ​អ្នក​មាន​លទ្ធភាព​ខ្ពស់​ ​ចែក​រំលែក​ទ្រព្យធន​ជួយ​ដល់​អ្នក​ដែល​មិន​សូវ​ធូរធារ​ ដូច​សម័យកាល​ដែល​ព្រះពុទ្ធ​នៅ​យោង​កំណើត​ជា​ព្រះ​វេស្សន្តរ​ ព្រះ​អង្គ​ក៏​រមែង​ប្រកាន់​ខ្ជាប់​នូវ​ទង្វើ​ចែក​ទាន​នេះ​ផង​ដែរ​។​

​តាម​ដឹង​លោក​ជំទាវ​ឧកញ៉ា ​បាន​ចំណាយ​ទឹក​ប្រាក់​រហូត​ដល់​ទៅ​ខ្ទង់​ម៉ឺន​ដុល្លារ​ ដើម្បី​ទិញ​អង្ករ​ ​ទឹក​ស៊ីអ៊ីវ ​ត្រីខ ​មី ​ទឹក​សុទ្ធ​ ​សម្ភារៈ​សិក្សា​ ​ព្រម​ទាំង​ថវិកា​ ចែក​ជូន​ក្នុង​ឱកាស​នោះ​៕​

Share.