ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ស្ទើរតែអស់ឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៅហើយ ក្រោយស្មើមីយ៉ាន់ម៉ា នៅក្នុងលទ្ធផល​១ទល់១ នៅ​កីឡដ្ឋាន PTT Stadium ក្នុង​ខេត្ត Rayong ប្រទេសថៃ នៃ​ពានរង្វាន់ AFF U23 Championship 2023 កាលពីរសៀលថ្ងៃទី១៩ ខែសីហា។

ខណ:ម្ចាស់ផ្ទះ U-23 ថៃ ឡើងទៅឈរកំពូលតារាងពូល A ក្រោយយកឈ្នះ ប្រ៊ុយណេ ក្នុងលទ្ធផល ៣-០ ដោយឆ្លងកាត់២ប្រកួត ឈ្នះ២ប្រកួត មាន៦ពិន្ទុពេញ។

– ករណីទី១ គោជំទង់កម្ពុជា អាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានលុះត្រាតែ កម្ពុជា យកឈ្នះក្រុមជម្រើសជាតិថៃ ដាច់ខាតនៅរាត្រីនេះ ខណ:ហ្វីលីពីន ចាញ់វៀតណាម។

– ករណីទី២ គោជំទង់កម្ពុជា អាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានលុះត្រាតែ កម្ពុជា យកឈ្នះក្រុមជម្រើសជាតិថៃ ដាច់ខាតនៅរាត្រីនេះ ខណ:ហ្វីលីពីន ឈ្នះវៀតណាម ប៉ុន្តែក្នុងលទ្ធផលដែលមានគ្រាប់បាល់តិចជាងកម្ពុជា។

មូលហេតុគឺពូល A មាន៤ក្រុម ដូច្នេះក្រុមបាតតារាងប្រ៊ុយណេ ដែលកម្ពុជា យកឈ្នះ ៥-០ មិនត្រូវបានរាប់ចូលពិន្ទុក្នុងតារាងចំណាត់ថ្នាក់នេះទេ ដោយសារតែពូល B និង C មានក្រុមចំនួន ៣ តែប៉ុណ្ណោះ។

បច្ចុប្បន្នក្រុមលេខ២ល្អ គឺឥណ្ឌូនេស៊ី ដែលស្ថិតនៅពូល C មាន៣ពិន្ទុ អស់ការប្រកួត ខណ:កម្ពុជា ពូល A មាន ១ពិន្ទុ នៅសល់១ប្រកួតក្នុងដៃទល់នឹងថៃ និង ហ្វីលីពីន ពូល B មាន១ពិន្ទុដូចគ្នា នៅសល់១ប្រកួតក្នុងដៃទល់នឹងវៀតណាម៕


Share.