មានហេតុការណ៍ហិង្សាមួយបានកើតឡើងនៅក្នុងវង់ផឹកទឹកត្នោតជូរនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៥:៥០នាទីនៅ ភូមិត្រពាំងទន្លាប់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះវឿន វីន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ រស់នៅភូមិត្រពាំងទន្លាប់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ 

ចំណែកជនបង្កមានឈ្មោះ ម៉ាត សល់ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ  មុខរបរមិនពិតប្រាកដ រស់នៅភូមិមង្គលបុរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យ បានអង្គុយផឹកទឹកត្នោតជូរ ជាមួយបងប្អូនជីដូនមួយ មានគ្នា០៣នាក់ នៅកន្លែងលក់គ្រឿងក្លែមមួយកន្លែង ចំណុចកើតហេតុខាងលើ អស់ប្រហែល០២លីត្រ។ លុះដល់វេលាម៉ោងកើតហេតុជនរងគ្រោះត្រឡប់មកពីធ្វើការសំណង់ ដោយជិះម៉ូតូឌុបគ្នា ០២នាក់មិត្តភក្តិ ហើយក៏មានធុងបាស់ (ស្ពីកឃ័រ) យកមកជាមួយផងដែរ រួចក៏បានចូលទៅផឹកទឹកត្នោតជូររួមគ្នាជាមួយនិងជនសង្ស័យតែម្តង។

បន្ទាប់មកជនរងគ្រោះចាក់ធុងបាស់ច្រៀងខារ៉ាអូខេរួមគ្នាម្នាក់ ០១បទ។ ពេលដល់វេនបងជីដូនមួយរបស់ជនសង្ស័យច្រៀង ស្រាប់តែជនសង្ស័យដេញឱ្យទៅផ្ទះ តែមិនស្តាប់ ពេលនោះជនសង្ស័យក៏បានធាក់ទៅលើបងជីដូនមួយដែលកំពុងច្រៀងមួយជើងក៏របូតក្បាលមេក្រូហ្វូនជ្រុះទៅដីបណ្តាលឱ្យបែក។ ពេលនោះជនរងគ្រោះក៏និយាយស្តីឱ្យជនសង្ស័យថា ត្រូវតែទិញក្បាលមេក្រូហ្វូនសងខ្ញុំវិញមក ហើយជនសង្ស័យបាននិយាយតបវិញថាចាំទិញសង តែជនរងគ្រោះនូវតែបន្តនិយាយដដែលៗពេក។ ភ្លាមនោះជនសង្ស័យខឹង បានចុះពីលើគ្រែដើរទៅយកពូថៅ នៅក្រោមកែបម៉ូតូរបស់ខ្លួនទុកសម្រាប់បោះស្នឹងគោមកធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកណ្តាលក្បាលបណ្ដាលឲ្យបែកហូរឈាមជាច្រើន ។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យក៏រត់គេចខ្លួនចូលផ្ទះអ្នកភូមិ  បន្ទាប់មកក៏មានអ្នកជិតខាងជួយឃាត់ខ្លួន និងរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍សំរោងលើ។ 

ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ និងបន្តតាមនីតិវិធី។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួន ពិតជាបានយកពូថៅកាប់ទៅលើជនរងគ្រោះប្រាកដមែន។

ក្រោយមក កម្លាំងផ្នែកជំនាញបានរៀបចំកសាងសំណុំរឿងបន្តតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.