ព្រះសីហនុ÷(ព័ត៌មានបឋម) នៅវេលាម៉ោង៩ៈ២៥ នាទីព្រឹកថ្ងៃទី ២២ ខែសីហាឆ្នាំ ២០២៣ នៅចំណុចរង្វង់មូលតោពីរស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងនិងខេត្តព្រះសីហនុ មានករណីភ្ញាក់ផ្អើលមួយកើតឡើងបង្កដោយជនជាតិចិនចំនួនពីរក្រុមបានជិះរថយន្តទំនើបពីរគ្រឿង ប្រដេញបំបុកគ្នានិងផ្ទុះអាវុធមួយគ្រាប់។

ករណីផ្ទុះអាវុធនេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ក៏ដូចជាសមត្ថកិច្ចក៏បានចុះទៅដល់ទីតាំងកើតហេតុ និងស្រាវជ្រាវរកឃើញ ភាគីជនរងគ្រោះដែលត្រូវភាគីជនជាតិចិនមួយក្រុមទៀត ជិះរថយន្តដេញបំបុកនិងបាញ់មួយគ្រាប់ នៅចំណុចកាស៊ីណូឆាងឆឹងស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងនិងខេត្តព្រះសីហនុ។

ក្រោយទទួលព័ត៌មានថា មានរថយន្តដេញបាញ់គ្នានេះផងដែរ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ឋ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំង ស្ទាក់តាមគោលដៅសំខាន់ៗ នៅក្នុងក្រុងព្រះសីហនុរហូត ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ និងរថយន្តចំនួនមួយគ្រឿងម៉ាក mercedes ពណ៌ខ្មៅ។ ប៉ុន្តែយុទ្ធនាការនេះ នៅមិនទាន់បិទបញ្ចប់នៅឡើយទេ ដោយកម្លាំងសមត្ថកិច្ចកំពុងបន្តតាមប្រមាញ់បក្សពួកដែលនៅសេសសល់បន្ថែមទៀត។

ជុំវិញករណីផ្ទុះអាវុធនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅពុំទាន់បង្ហាញពីមូលហេតុ ឬដើមចមនៃការផ្ទុះអាវុធរវាងជនជាតិចិនទាំងពីរភាគីនេះនៅឡើយទេ៕

អត្ថបទ៖ ព្រះសីហនុ

Share.