ភ្នំពេញ៖ កម្លាំងអគ្គនាយកដ្ឋាន ក.ប.ប. បានចាត់វិធានការទៅលើបណ្តឹងរបស់ក្រុមហ៊ុន តូយូតា ខេមបូឌា បាន រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចឃ្លាំងស្តុកទំនិញក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

មន្រ្តីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនឹងបង្រ្កាបការក្លែងបន្លំ”ក.ប.ប.”បានឪ្យដឹងថា ការចុះត្រួតពិនិត្យនិងបង្រ្កាបទៅលើផលិតផលក្លែងបន្លំ ក្លែងក្លាយ បំពានសិទ្ធិផ្តាច់មុខ និងខុសច្បាប់ ដែលពាក់ម៉ាកតូយូតា ពុំមានស្លាកសញ្ញា និងពុំមានប្រភពនាំចូលចែកចាយច្បាស់លាស់ នៅក្នុងរាជធានីភ្នំពេញ ដោយបានដកហូតនូវផលិតផលចំនួន ២៦មុខ ស្មើនឹង ២,៤៤០គីឡូក្រាម។

មន្រ្តីក.ប.ប. នឹងបន្តចុះអនុវត្តការត្រួតពិនិត្យ និងបង្រ្កាបទៅលើរាល់ផលិតផលដែលល្មើស និងបំពានច្បាប់ជាប្រចាំ សំដៅរក្សាបាននូវបរិយាកាសវិនិយោគ ការប្រកួតប្រជែងក្នុងសកម្មភាពអាជីវកម្មដោយស្មោះត្រង់ ស្មើភាព និងការពារបាននូវផលប៉ះពាល់ចំពោះអ្នកប្រើប្រាស់ទាំងផ្នែកសេដ្ឋកិច្ច និងសុខុមាលភាព។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ សូមប្រកបអាជីវកម្ម ធ្វើពាណិជ្ជកម្មក្នុងសកម្មភាពប្រកបដោយភាពសុចរិត គោរពទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ជៀសវាងបាននូវការប្រឈមចំពោះផ្លូវច្បាប់ជាយថាហេតុ។

ក្រោយពីកម្លាំងអគ្គនាយកដ្ឋាន ក.ប.ប.បានចាត់វិធានការធ្វើការបង្រ្កាបផលិតផលក្លែងបន្លំ ក្លែងក្លាយ បំពានសិទ្ធិផ្តាច់មុខ និងខុសច្បាប់ ដែលពាក់ម៉ាកតូយូតា ពុំមានស្លាកសញ្ញា និងពុំមានប្រភពនាំចូលចែកចាយច្បាស់លាស់ នៅក្នុងរាជធានីភ្នំពេញបានជាបន្តបន្ទាប់រយៈពេល៥ថ្ងៃកន្លងមកធ្វើការដកហូតនូវផលិតផលខាងលើយកមករក្សារទុករចាំកម្ទេចចោលនៅពេលក្រោយ៕

អត្ថបទ៖ សេង សាវី

Share.