កណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកស្អាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើល្បិចហៅម៉ូតូឌុបជិះ​ ឱ្យដឹងទៅភ្នំស្អាង ឃើញឱកាសល្អ យកដុំឆក់មកឆក់ជនរងគ្រោះដើម្បីយកម៉ូតូ​ តែមិនសម្រេច នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទី ស្ថិតនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យមានឈ្មោះ ថន ជ័យ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកតាដួង ស្រុកកោះធំ ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុបកើតហេតុ ជនរងគ្រោះបានឈប់ម៉ូតូនៅមុខធនាគារសាធារណៈ នៅក្រុងតាខ្មៅ រងចាំដឹកម៉ូយ ស្រាប់តែពេលនោះជនសង្ស័យ បានឱ្យជនរងគ្រោះដឹកខ្លួនមកវត្តស្អាងភ្នំ ក្នុងតម្លៃ ២មុឺនរៀល លុះដល់ចំណុចវត្តស្អាងភ្នំ នៅវេលាម៉ោង ០៩:៣០នាទី ជនសង្ស័យបានប្រាប់ទៅជនរងគ្រោះឲ្យឌុបខ្លួនចម្ងាយប្រហែល២០០ម៉ែត្រទៀត ពីវត្តស្អាងភ្នំ កន្លែងស្ងាត់ស្រាប់តែជនសង្ស័យ បានយកឧបករណ៍ឆក់ចង្កេះជនរងគ្រោះបណ្ដាលឱ្យស្ពឹកពេញខ្លួន រួចហើយជនរងគ្រោះបានចាប់ឧបករណ៍ឆក់នោះជាប់រួចបានផ្ដួលម៉ូតូទៅនិងផ្លូវ ហើយបានចាក់សោរកម៉ូតូ ស្រាប់តែជនសង្ស័យបានមកដណ្ដើមសោរម៉ូតូពីជនរងគ្រោះ ភ្លាមៗជនរងគ្រោះបានស្រែកឆោឡោថាចោរប្លន់ម៉ូតូ គាប់ជួនម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្អាងភ្នំ និងប្រជាការពារឃុំបានល្បាតជិតនោះបានជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរតែម្តង។


ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសាភាពថា ខ្លួនពិតជាបានយកឧបករណ៍ឆក់ទៅលើជនរងគ្រោះ ដើម្បីលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.