ខេត្តរតនគិរី ៖ ក្នុងកិច្ចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី នៃក្រសួងអប់រំ យុវជន និងកីឡា គម្រោង «ការលើកកម្ពស់គុណភាពសិក្សាសម្រាប់កុមារដែលបាត់បង់ឱកាសសិក្សានៅភូមិភាគឦសាននៃប្រទេសកម្ពុជា ហៅកាត់ថា (EQUAL)» នឹងគាំទ្រដល់សិស្សដែលបាត់បង់ឱកាសសិក្សាចំនួន 5,400 នាក់ ឱ្យចូលរៀនឡើងវិញ។ គម្រោងនេះមានគោលបំណងជួយដល់កុមារដែលបាត់បង់ឱកាសសិក្សា និងកុមារប្រឈមនឹងការបោះបង់ការសិក្សានៅខេត្តរតនគិរី ឱ្យមានឱកាសបំពេញសិទ្ធិក្នុងការអប់រំរបស់ពួកគេតាមរយៈកម្មវិធីសិក្សាពីចម្ងាយតាមប្រព័ន្ធឌីជីថល ។

លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធី និងជានាយកប្រចាំប្រទេសស្តីទីបានពន្យល់ថា៖ «ផ្អែកលើទិន្នន័យប្រព័ន្ធតាមដានការអប់រំ និងព័ត៌មាន (EMIS) នៃខេត្តរតនគិរី ឆ្នាំ 2021-2022 បានឱ្យដឹងថា អត្រាចុះឈ្មោះរបស់កុមារ គឺមានចំនួន 49,6% អត្រាកុមារត្រួតថ្នាក់គឺមានចំនួន 5,5% អត្រាកុមារឆ្លងមធ្យមសិក្សាបឋមភូមិមានចំនួន 78,1% ហើយអត្រាឆ្លងមធ្យមសិក្សាទុតិយភូមិ មានចំនួន 77%។»
លោកបានលើកឡើងថា៖ “ការសិក្សានៅកម្រិតបឋមសិក្សារបស់ក្មេងស្រីនៅភូមិភាគឦសាន រួមទាំងខេត្តរតនគិរី កំពុងប្រឈមមុខនឹងបញ្ហា ក៏ដូចជាឧបសគ្គជាច្រើន រួមមានសម្ភារៈឧបទ្ទេសសិក្សានៅមានកម្រិត ប្រព័ន្ធការពារមានកម្រិតសម្រាប់ក្មេងស្រី សាលានៅឆ្ងាយពីភូមិរបស់ពួកគេ និងសមត្ថភាពរបស់គ្រូក៏នៅមានកម្រិត”។

លោកនាយកប្រចាំប្រទេសស្តីទីបានបន្តទៀតថា៖ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ យើងត្រូវរៀបចំបទអន្តរាគមន៍មួយចំនួនដើម្បីជួយដល់សិស្សានុសិស្សទាំងអស់ឱ្យទទួលបាននូវចំណេះដឹង ជំនាញ អាកប្បកិរិយា លទ្ធផលសិក្សា និងបង្កើនអត្រាចុះឈ្មោះចូលរៀន សម្រាប់កុមារដែលលើសអាយុ និងកុមារបាត់បង់ឱកាសសិក្សា គម្រោងការសិក្សាពីចម្ងាយ ប្រព័ន្ធឌីជីថល អាចជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយទាំងនោះ។
គម្រោង«ការលើកកម្ពស់គុណភាពសិក្សាសម្រាប់កុមារដែលបាត់បង់ឱកាសសិក្សានៅភូមិភាគឦសាននៃប្រទេសកម្ពុជា» ត្រូវបានរៀបចំឡើងក្នុងគោលបំណងដោះស្រាយបញ្ហាសិទ្ធិទទួលបានការអប់រំរបស់ក្មេងស្រី និងកុមារបាត់បង់ឱកាសសិក្សាក្នុងសហគមន៍ដាច់ស្រយាល និងក្រីក្រក្នុងខេត្តរតនគិរី ជាពិសេសក្មេងស្រី និងក្មេងប្រុសដែលបានបាត់បង់ឱកាសសិក្សា ដើម្បីបង្កើនការចុះឈ្មោះចូលរៀន កាត់បន្ថយអត្រាបោះបង់ការសិក្សា អត្រាគង់វង្សរបស់សិស្ស និងពង្រឹងគុណភាពអប់រំ។

លោក គឹមថាន បានពន្យល់ថា គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់សិស្សានុសិស្សសរុបចំនួន 5400 នាក់ ដែលបាត់បង់ឱកាសការសិក្សា និងកុមារប្រឈមការបោះបង់ការសិក្សានៅសាលាគោលដៅចំនួន 25 ក្នុងស្រុកចំនួន 4 ក្នុងខេត្តរតនគិរី។ លោកបន្តថា៖ “គម្រោងនេះនឹងរៀបចំបរិក្ខារសិក្សាតាមប្រព័ន្ធឌីជីថលនៅតាមសាលាអនុវិទ្យាល័យ និងវិទ្យាល័យចំនួន10 ក្នុងស្រុកតាវែង ស្រុកអូរជុំ ស្រុកអង្គអណ្តូងមាស និងស្រុកវឿនសៃ។ បរិក្ខារទាំងនោះរួមមាន កុំព្យូទ័រ ម៉ាស៊ីនបញ្ចាំង LCD និងការតភ្ជាប់អ៊ីនធឺណិតសម្រាប់ថ្នាក់រៀន។ គ្រូបង្រៀននៅក្នុងទីក្រុងនឹងបង្រៀននិងភ្ជាប់ទំនាក់ទំនងជាមួយសិស្សនៅតាមសាលាគោលដៅតាមរយៈ ហ្សូម (Zoom) និង Google Meet ក្នុងពេលតែមួយ ហើយសិស្សអាចធ្វើអន្តរកម្ម និងសួរសំណួរទៅកាន់គ្រូបាន។”

លោក គឹមថាន សង្កត់បន្ថែមទៀតថា៖ យើងនឹងចាប់ផ្តើមដាក់ឱ្យដំណើរការនូវកម្មវិធីសិក្សា តាមប្រព័ន្ធឌីជីថល ចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤ ក្នុងសាលាអនុវិទ្យាល័យ និងវិទ្យាល័យ ចំនួន10 ដែលសម្រាប់សាលាកម្រិតវិទ្យាល័យចំនួន8សាលា បង្រៀន 4មុខវិជ្ជាគឺ គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា និងភាសាអង់គ្លេស ហើយសម្រាប់សាលាកម្រិតអនុវិទ្យាល័យចំនួន2សាលា បង្រៀន 3មុខវិជ្ជា រួមមាន គណិតវិទ្យា គីមីវិទ្យា និងភាសាខ្មែរ។ គម្រោងនេះ នឹងមានការបង្ហាត់ បង្រៀនជាប្រចាំ ដើម្បីធានាថាគ្រូបង្រៀនទាំងអស់អនុវត្តវិធីសាស្រ្តបង្រៀនបែបថ្មី និងធ្វើការ ប្រជុំឆ្លុះបញ្ចាំងដើម្បីរៀបចំផែនការពាក់កណ្តាលឆ្នាំជាមួយលោកគ្រូ អ្នកគ្រូ ការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដើម្បីពង្រឹង ឆ្លុះបញ្ចាំង សិក្សាពី បទពិសោធន៍ និងរៀបចំផែនការសម្រាប់ឆ្នាំសិក្សាបន្ទាប់។ លោកគឹមថាន បន្ថែមទៀតថា៖ “គម្រោងនេះស្របតាមសូចនាកររបស់នាយកដ្ឋានបឋមសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា។ ទាំងនេះគឺជាការលើកកម្ពស់ និងពង្រឹងការអនុវត្តគោលនយោបាយសាលាកុមារមេត្រី ដែលបំពេញចន្លោះប្រហោងនៃការរៀន និងការបង្រៀនតាមរយៈវេទិកាសិក្សាឌីជីថលពីចម្ងាយ។ ការកែលម្អលទ្ធផលសិក្សារបស់សិស្សនៅដើមឆ្នាំ និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា”៕

អត្ថបទ៖ សង្គម

Share.