នារីជាកម្មការិនីរោងចក្រម្នាក់ជិះម៉ូតូស្ពាយកាបូ ត្រូវចោរឆក់បណ្តាលឲ្យដួលនិងបាត់ទូរស័ព្ទនិងប្រាក់មួយចំនួន។ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី២៩ខែសីហាឆ្នាំ ២០២៣ ស្ថិតនៅលើផ្លូវលេខ១១០ ក្នុងភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ត្រែ ស៊ីអេង ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ចំណែកឯជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ ដោយគ្រាន់តែគេចាំបានថា ពាក់អាវក្រឡាដៃវែង ពាក់មួកកាតិប ពណ៌ខ្មៅ ជិះម៉ូតូ ០១គ្រឿ ម៉ាក Honda Dream C125 ពណ៌ខ្មៅ មិនចាំផ្លាកលេខនិងបានគេចខ្លួនបាត់នៅក្រោយពេលធ្វើសកម្មភាពរួច។

ចំពោះរបស់ទ្រព្យដែលបាត់បង់រួមមាន-ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក IPhone x max និងប្រាក់ខ្មែរចំនួន ១០០,០០០រៀល (ដប់ម៉ឺនរៀល) ។

យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចបង្ហាញថា      នៅថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ០១គ្រឿងម៉ាក Honda Dream C125 ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1C-3851 ចេញពីធ្វើការងារ នៅរោងចក្រយីដា និងឈប់ទិញផ្លែឈើនៅមុខរោងចក្រ រួចក៏ជិះទៅផ្ទះនៅឃុំកំពង់ស្វាយ ទិសដៅ ពីភ្នំពេញ ទៅស្អាង។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូ ០១គ្រឿងទៀតម៉ាក Honda Dream C125 ជិះតែឯង បើកមកពីក្រោយ មិនចាំផ្លាកលេខ អ្នកបើកបរពាក់អាវក្រឡា ដៃវែង ពាក់មួក ពណ៌ខ្មៅ ក៏បានឆក់យកកាបូបពីជនរងគ្រោះដែលស្ពាយជាប់នៅនឹងខ្លួនបណ្តាលឲ្យជនរងគ្រោះដួលទៅលើថ្នល់រងរបួស ។ចំណែកជនសង្ស័យក៏ដួលផងដែរ ភ្លាមនោះជនសង្ស័យបានក្រោកឡើងរត់ទៅយកកាបូបរបស់ជនរងគ្រោះ និងលើកម៉ូតូរបស់ខ្លួនហើយជិះគេចខ្លួនក្នុងទិសដៅទៅស្អាងបាត់ទៅ។ក្រោយមក ជនរងគ្រោះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទាក់ទងទៅសាច់ញាតិឲ្យយកទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំពោះមុខសញ្ញាកម្លាំងនគរបាលប៉ុស្តិ៍ឈើទាល សហការណ៍ជាមួយកម្លាំងជំនាញស្រុក កំពុងតាមស្វែងរក និងឆែកកាមេរ៉ាតាមផ្លូវសាធារណៈដើម្បីកំណត់មុខសញ្ញាចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.