ករណីឆក់កាបូបស្ពាយរបស់កម្មការិនីរោងចក្រម្នាក់កាត់ដេរម្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២នាក់។ ជនសង្ស័យទាំង២នាក់នោះរួមមាន៖

១.ឈ្មោះ ពុធ ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។២.ឈ្មោះ ស៊ុន  សីម៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះធ្វើឡើងបន្ទាប់ពីមានករណីឆក់កាបូបស្ត្រីម្នាក់បណ្តាលឲ្យដួលនៅលើផ្លូវ លេខ១១០ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ប្រភពីពសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ត្រែ ស៊ីអេង ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ក្នុងពេលចាប់ខ្លួនជនសង្ស័យនោះ សមត្ថកិច្ចបានរឹបអូសវត្ថុតាងមួយចំនួនមានដូចជាម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1P-0549 (ជារបស់ជនរងគ្រោះឈ្មោះ នាង ស៊ីណាត ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅដែលជនសង្ស័យលួចយកមកធ្វើសកម្មភាពឆក់កាបូប) កាំបិតចិតបន្លែ ០១ ផ្លែដែក ដងឈើ ប្រវែង២៨cm កាំបិតចិតបន្លែ ០១ ផ្លែដែក ដងដែក ប្រវែង២៩cm ។ក្រៅពីនេះនៅមានសម្ភារពាក់ព័ន្ធមួយចំនួនទៀត ក្នុងនោះមានទាំងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។​

យោងតាមកំណត់ពីសមត្ថកិច្ចបង្ហាញថា  នៅថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ០១គ្រឿងម៉ាក Honda Dream C125 ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ 1C -3851 ចេញពីធ្វើការងារ នៅរោងចក្រយីដា និងឈប់ទិញផ្លែឈើនៅមុខរោងចក្រ រួចក៏ជិះម៉ូតូចេញទៅផ្ទះនៅឃុំកំពង់ស្វាយ ទិសដៅពីភ្នំពេញ ទៅស្អាង។ លុះមកដល់ភូមិឃុំកើតហេតុខាងលើ ក៏មានម៉ូតូ ០១គ្រឿងទៀត ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1P-0549 ជិះគ្នា ០២នាក់ មកពីក្រោយ ដោយអ្នកបើកបរពាក់អាវក្រឡាដៃវែង ពាក់មួកពណ៌ខ្មៅ ក៏បានធ្វើសកម្មភាពឆក់យកកាបូបជនរងគ្រោះស្ពាយជាប់និងខ្លួនបណ្តាលឲ្យជនរងគ្រោះដួលទៅថ្នល់រងរបួស។

ចំណែកជនសង្ស័យបានដួលផងដែររួចជនសង្ស័យក្រោកឡើងបានយកកាបូបជនរងគ្រោះ និងលើកម៉ូតូជិះគេចខ្លួនទៅទិសដៅ ខាងស្អាង។ ចំណែកជនរងគ្រោះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទាក់ទងទៅសាច់ញាតិឲ្យយកទៅព្យាបាលនៅមន្ទីពេទ្យ រីឯមុខសញ្ញាកម្លាំងនគរបាលប៉ុស្តិ៍ឈើទាល សហការណ៍ជាមួយកម្លាំងជំនាញស្រុក កំពុងតាមស្វែងរកនិងកំណត់មុខសញ្ញា។

លុះដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៤:២០នាទី កម្លាំងនគរបាលយុត្តិធម៌ស្រុក សហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋឈើទាល បានបន្តនីតិវិធី ចុះទៅដល់ផ្ទះជនសង្ស័យទាំងពីរនាក់ នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ និងម៉ូតូធ្វើសកម្មភាព យកមកសាកសួរ នៅចំពោះមុខសម្ថកិច្ចជនសង្ស័យ។

ក្នុងនោះ ជនសង្ស័យ ឈ្មោះ ពុធ ធារ៉ា ភេទប្រុស បានសារភាពថា៖ ខ្លួនបានជិះម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1CL-1347 ដែលលួចយកមកពីភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយឈ្មោះ ស៊ុន ស៊ីម៉ា ភេទប្រុស ជាអ្នកឌុប ចំណែកខ្លួនជិះពីក្រោយ មកធ្វើសកម្មភាពឆក់កាបូបលុយនិងទូរស័ព្ទដៃរបស់ជនរងគ្រោះ បានសម្រេចបន្ទាប់ពីឆក់កាបូបបានហើយអ្នកទាំងពីរ បានដួលម៉ូតូនៅកន្លែងកើតហេតុ បន្ទាប់មកជិះម៉ូតូគេចតាមផ្លូវក្រវ៉ាត់ក្រុងទី៣ សំដៅទៅក្រុងតាខ្មៅ បន្ទាប់មកក៏នាំគ្នាមកផ្ទះវិញ ដើម្បីបើកកាបូបចែកគ្នា ដោយឈ្មោះ ពុធ ធារ៉ា ភេទប្រុស យកប្រាក់ចំនួន ១៥ម៉ឺនរៀល ចំណែកឈ្មោះ ស៊ុន ស៊ីម៉ា ភេទប្រុស យកទូរស័ព្ទដៃ ពេលចែកគ្នាហើយខ្លួនក៏ជិះម៉ូតូដែលលួចបាននោះ ឡើងទៅក្រុងតាខ្មៅវិញ ទៅដេកផ្ទះសំណាក់នៅក្រុងតាខ្មៅ រួចក៏ទុកកាបូបចោលនៅក្នុងផ្ទះសំណាក់នោះទៅ។

ចំណែក ជនសង្ស័យ ឈ្មោះ ស៊ុន ស៊ីម៉ា ភេទប្រុស បានសារភាពដែរថា ខ្លួនបានជិះម៉ូតូដែលលួចបាន ឌុបឈ្មោះ ពុធ ធារ៉ា ភេទប្រុស មកធ្វើសកម្មភាពឆក់ការបូបលុយរបស់ជនរងគ្រោះបានសម្រេច និងបានបែងចែករបស់ដែលឆក់បាន គឺខ្លួនយកទូរស័ព្ទដៃ ឈ្មោះ ពុធ ធារ៉ា ភេទប្រុស យកលុយ និងកាបូបជិះទៅក្រុងតាខ្មៅ ចំណែកខ្លួនចូលទៅផ្ទះដេករហូតទល់ភ្លឺ។

ក្រោយពីសាកសួររួចកម្លាំងផ្នែកនគរបាលយុត្តិធម៌បាននាំជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាង ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.