ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ក្រោយពីលួចរ៉ឺម៉កគេរួចជិះបុកដើមឈើដួល បណ្តាលឲ្យរងរបួសរួចស្រែកហៅឲ្យគេជួយដោយប្រាប់ថា ខ្លួននិងគូកនជួបគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៣និង៤៥នាទីនៅផ្ទះរងគ្រោះឈ្មោះ ចំរើន ដុង ហៅ (ជ្រូក) នៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ  ស្រុកលើកដែក ខេត្តកណ្តាល។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរួមមាន៖

១-ឈ្មោះ ជា សារ៉ន  ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិដើមចាន់ សង្កាត់ច្បារ អំពៅ២ ខណ្ឌច្បារអំពៅ ក្រុង ភ្នំពេញ មុខរបរមិនពិតប្រាកដ  (ឃាត់ខ្លួន)

២-ឈ្មោះ ចិត្ត អាយុប្រហែល ៣០ឆ្នាំ (គេចខ្លួន)

៣-ឈ្មោះ ង្វៀង អាយុប្រហែល៤០ឆ្នាំ (គេចខ្លួន)។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន៖

១-ម៉ូតូសណ្តោងរុឺម៉ក ម៉ាកស៊ីរុសនិង រុឺម៉ក ចំនួន ០១ គ្រឿង(ជារបស់ជនរង គ្រោះ)។

២-កន្ត្រៃកាត់ដែកចំនួន ០១(របស់ជន សង្ស័យ)

៣-ទួណឺវិស ចំនួន ០១

៤-មួកសុវត្ថិភាពពណ៌ខ្មៅចំនួន០១ ។

យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង៣និង៣០ នាទី ឈ្មោះ ចំរើន ដុង ហៅ(ជ្រូក) ភេទ ប្រុស  អាយុ៤០ឆ្នាំ(ម្ចាស់ម៉ូតូរុឺម៉ក) បានភ្ញាក់ពីដេក រួចប្រពន្ធរបស់ខ្លួន និងខ្លួន បានលឺសំឡេងម៉ូតូធាក់បញ្ឆេះ ហើយប្រពន្ធនិយាយថាបងដូចមានគេលួចរុឺម៉កយើង ។ពេលនោះខ្លួនបានបើកបង្អួចមើលមកក្រៅក្បែរកន្លែងខ្លួនដេក ក៏ឃើញថាបាត់ម៉ូតូរុឺម៉កខ្លួនមែន  បន្ទាប់មករូបខ្លួនក៏បើកទ្វារយកម៉ូតូចេញដេញតាមពីក្រោយរហូត ដល់ចំណុចអូរឈូក ក្នុងភូមិក្បាលជ្រោយ  ឃុំកំ ពង់ភ្នំ។ខ្លួនក៏បានឃើញរុឺម៉ករបស់ខ្លួនដែលគេលួចនោះ បុកជាមួយដើមអាកាស្យា មិនឃើញមានមនុស្សនោះទេ ។ឃើញដូចនោះ ខ្លួនក៏បានជិះម៉ូតូទៅរកអ្នកក្បែរនោះ អោយជួយមើល  ពេលខ្លួនជិះម៉ូតូនាំគ្នាមកកន្លែងរុឺម៉កនោះវិញ ក៏បានឃើញមានមនុស្សពីរនាក់ជិះម៉ូតូម៉ាកស៊ូរុស ពណ៌ខ្មៅមួយគ្រឿង កំពុងលើកមនុស្សជិះលើម៉ូតូ បម្រុងគេច ខ្លួន ឃើញដូចនោះខ្លួនក៏សួរ ពេលនោះពួកវាពីរនាក់ឆ្លើយថា  គ្រោះថ្នាក់ចរាចរណ៍ជួយយកវាទៅពេទ្យផង ពេលនោះ ខ្លួនឆ្លើយទៅពួកវាវិញថា÷ទៅណាវាលួចម៉ូតូរុឺម៉ករបស់ខ្ញុំមុននេះ ។  លឺដូចនោះពីរនាក់ដែលលើកមនុស្សបុកដើមអាកាស្យានោះ ម្នាក់រត់ចូលព្រៃបាត់ ឯម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនតាមបណ្ដោយផ្លូវទៅជើងបាត់ សល់តែមនុស្សម្នាក់ដែលរងរបួស រួចខ្លួនក៏បានទូរស័ព្ទប្ដឹងសមត្ថកិច្ច។ បានបន្តិចសមត្ថកិច្ចប៉ុស្តិ៍ កំពង់ភ្នំ ក៏បានមកដល់កន្លែងកើតហេតុ ក៏បាននាំជនសង្ស័យដែលរងរបួស មកអធិការដ្ឋាននគរបាលស្រុកលើកដែក។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា៖ខ្លួន និងបក្សពួកពីរនាក់ទៀតពិតជាបានលួចរុឺម៉កម៉ូតូ ពិតប្រាកដមែន។

ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីចាត់ការបន្តតាមនិតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.