កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ លោក Satoshi Saito នាយកប្រតិបត្តិនៃក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា (CEO) បានរៀបចំពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានកីឡាក្នុងស្រុក នៅការិយាល័យ Cambodian Premier League។

នៅក្នុងពិធីសំណេះសំណាលនោះលោក Satoshi Saito បាននិយាយថា៖«ហេតុអ្វីបានជាប្រជាជនកម្ពុជា មានចរិតស្លូតបូត ឬយើងហៅម្យ៉ាងទៀតថាសន្តោសប្រណី ជាពិសេសនៅពេលក្រុមជម្រើសជាតិរបស់ខ្លួនចាញ់ ហើយនាំគ្នាអាណិតគ្រូបង្វឹក»។

ផ្ទុយពីប្រជាជនជប៉ុន និងប្រទេសផ្សេងៗទៀតដែលអ្នកគាំទ្របាល់ទាត់ភាគច្រើនតែងតែខឹង​សម្បា សំណូមពរឲ្យដកគ្រូបង្វឹកចេញ ពេលក្រុមជម្រើសជាតិរបស់ពួកគេចាញ់ម្តងៗ មិនថាការប្រកួតនោះលក្ខណ:មិត្តភាព ឬក៏ពានរង្វាន់ណាក៏ដោយ ដាច់ខាតត្រូវតែឈ្នះ។

ចំពោះការលើកឡើងខាងលើនេះលោក Satoshi Saito មិនបានសំដៅលើលោក Keisuke Honda តែម្នាក់នោះទេ ពោលគឺលោកគ្រាន់តែលើកឧទាហរណ៍ជាក់ស្តែងប៉ុណ្ណោះ។

លោក Satoshi Saito បានបន្តទៀតថា៖«ហេតុអ្វីមិនដាក់សម្ពាធខ្លះទៅ ដើម្បីឲ្យមានការកែប្រែ ព្រោះលោកមើលឃើញថាបើមិនដាក់សម្ពាធសោះ ធ្វើឲ្យគ្រូបង្វឹកគិតថាគ្មានរឿងអ្វីកើតឡើង ហើយបន្តធ្វើរឿងដដែល ខណ:លទ្ធផលនៅតែដដែល»។

ស្របពេលលោក Félix Dalmás បានកោះហៅកីឡាករសរុប២៨នាក់ ចូលក្រុមជម្រើសជាតិកម្ពុជា ត្រៀមសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃ FIFA Day។

កម្មវិធីប្រកួតនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣៖
– កម្ពុជា ប៉ះ ហុងកុង វេលាម៉ោង ១៩:០០ នាទីយប់ នៅពហុកីឡដ្ឋានជាតិ ជំនួបមិត្តភាពអន្តរជាតិ

កម្មវិធីប្រកួតនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣៖
– កម្ពុជា ប៉ះ ម៉ាកាវ វេលាម៉ោង ១៩:០០ នាទីយប់ នៅពហុកីឡដ្ឋានជាតិ ជំនួបមិត្តភាពអន្តរជាតិ៕

Share.