មេដឹកនាំអាស៊ីអាគ្នេយ៍បាន «ថ្កោលទោសយ៉ាងខ្លាំង» ចំពោះការបន្តអំពើហិង្សាក្នុងប្រទេសមីយ៉ានម៉ា ដោយបានទម្លាក់ការទទួលខុសត្រូវដោយផ្ទាល់ ទៅលើរបបសឹក ដែលបានដណ្តើមអំណាចក្នុងរដ្ឋប្រហារកាលខែកុម្ភៈ ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃពុធ​ ទី៦ ខែកញ្ញា ឆ្នាំ២០២៣។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានសមាជិក ១០ប្រទេស កំពុងជួបប្រជុំគ្នានៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីមេដឹកនាំទាំងអស់បានបរាជ័យក្នុងការអនុវត្តនូវអ្វីដែលហៅថា «ការឯកភាព៥ចំណុច ដើម្បីបញ្ចប់វិបត្តិ ដែលពួកគេបានយល់ស្របជាមួយអាស៊ាន ពីរបីខែបន្ទាប់ពីការឆក់យកអំណាចរបស់ពួកគេ»។

អំពើហិង្សានៅមីយ៉ាន់ម៉ាបានឈានចូលកាន់តែអាក្រក់ទៅៗ ក្នុងប៉ុន្មានខែ ដោយរបបយោធាត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម សម្រាប់ការវាយប្រហារទៅលើជនស៊ីវិល។

យ៉ាងណាម៉ិញ ក្រុមមេដឹកនាំសមាជិកអាស៊ានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជំរុញជាពិសេស ឱ្យកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា និងភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា កាត់បន្ថយអំពើហិង្សា និងបញ្ឈប់ការវាយប្រហារដែលមានគោលដៅទៅលើជនស៊ីវិល ផ្ទះសម្បែង និងកន្លែងសាធារណៈ ដូចជាសាលារៀន មន្ទីរពេទ្យ ទីផ្សារជាដើម»។

ទាក់ទិននឹងបញ្ហានេះ ក្រុមមេដឹកនាំអាស៊ានបានលើកឡើងថា «យើង​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ហិង្សា​ដែល​បន្ត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា»។ មីយ៉ាន់ម៉ា​ក៏​ជា​សមាជិក​អាស៊ាន​ដែរ ប៉ុន្តែ​ត្រូវ​បាន​គេ​រារាំង​មិន​ឱ្យ​មាន​ព្រឹត្តិការណ៍​ល្បីៗ ​ដោយសារ​ការ​បរាជ័យ​ក្នុង​ការ​អនុវត្ត​ការ​ឯកភាព​៥ចំណុច។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា Global New Light of Myanmar នាថ្ងៃពុធថា ក្រសួងការបរទេសបានច្រានចោលសេចក្តីថ្លែងការណ៍របស់អាស៊ានដែលនិយាយថា «ទស្សនៈមិនមែនជាកម្មវត្ថុ ហើយការសម្រេចចិត្តរបស់អាស៊ានមានភាពលម្អៀង និងតែម្ខាង»។

សេចក្ដីថ្លែងការណ៍នេះដដែលដោយសង្កត់ធ្ងន់ពីអវត្តមាននៃមេដឹកនាំរបស់ខ្លួន នៅឯកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងហ្សាការតា បានឱ្យដឹងថា ខណៈមីយ៉ាន់ម៉ាត្រូវបានពិគ្រោះយោបល់ក៏ពិតមែន តែទស្សនៈយល់ឃើញ និងសំឡេងរបស់ខ្លួនមិនត្រូវបានគិតគូយកទុកដាក់ នោះទេ។

បើតាមក្រុមមេដឹកនាំអាស៊ាន បានសម្រេចចិត្តថា ប្រទេសមីយ៉ាន់ម៉ា មិនត្រូវបានអនុញ្ញាតឲ្យធ្វើជាប្រធានអាស៊ានប្ដូរវេន នៅឆ្នាំ២០២៦ទេ ប៉ុន្តែមេដឹកនាំក្នុងខាងលើបានព្រមព្រៀងគ្នាថា ហ្វីលីពីននឹងកាន់តួនាទីនេះនៅឆ្នាំ២០២៦ ជំនួសវិញ។

សូមជម្រាបថា ប្រធានអាស៊ានប្ដូរវេន នឹងបន្ដប្ដូរវេនតាមធម្មតាជារៀងរាល់ឆ្នាំ ដោយផ្អែកលើលំដាប់អក្ខរក្រមនៃឈ្មោះជាភាសាអង់គ្លេស នៃរដ្ឋជាសមាជិកទាំង១០៕

ប្រភព៖​ Aljazeera

Share.