អតីត​ហ្វេសស៊ី​ ថៃ​ នារីសុជាតា ហៅ​ ហ្វីយ៉ាតា បាន​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ភ្ញាក់​ផ្អើល​ ​និង​ជជែក​វែក​ញែក​គ្នា​បែក​ខ្ទិះ​លើ​បណ្ដាញ​សង្គ​ម​ រហូត​មាន​អ្នក​​ខ្លះ​​រក​ភស្តុតាង​ផ្សេង​ៗ​មក​បញ្ជាក់​ថែម​ទៀត ​ពាក់ព័ន្ធ​នឹង​បុរស​អាថ៌កំបាំង​ឃើញ​តែ​ខ្នង​ថត​កៀក​កើយ​ជាមួយ​កញ្ញា​ក្នុង​រថយន្ត​។

រូប​ថត ​៣​សន្លឹក​ដែល​​តារា​ស្រី​រូប​ស្អាត​ម្នាក់​នេះ​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ផេក​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​ Fiyata – ហ្វីយ៉ាតា បាន​រៀបរាប់​ពី​ជម្រៅ​ដួង​ចិត្ត​និង​ក្រអៅ​បេះដូង​របស់​ខ្លួន​ ដោយ​ប្រៀបធៀប​សៀវភៅ​ចាស់​មួយ​ក្បាល​ទៅ​នឹង​ស្នេហា​របស់​ខ្លួន​​។ តាម​ការ​រៀបរាប់​កញ្ញា​ហាក់​បង្ហាញ​ថា​កញ្ញា​ ត្រលប់​ទៅ​ត្រូវ​រ៉ូវនឹង​គូ​ស្នេហ៍​ចាស់​របស់​ខ្លួន ដោយ​កញ្ញា​បាន​រៀបរាប់​ថា​ទោះ​ជា​បុរស​ម្នាក់​នោះ​ធ្លាប់​ខុស​ឬ​ត្រូវ​បែបណា​កន្លង​មក​ តែ​គេ​ជា​មនុស្ស​ដែល​កញ្ញា​គោរពស្រលាញ់ ជា​បុរស​ដែល​កញ្ញា​​អាច​រត់​ទៅ​ឱប​បាន​គ្រប់​ពេល​ ជា​ខ្យល់​ដង្ហើម និង​ជួយ​សម្រច​ក្ដី​ស្រមៃ​ឱ្យ​កញ្ញា​។ ​នៅ​ក្នុង​សំណេរ​នោះ​ក៏​បាន​រៀបរាប់​អរគុណ​ចំពោះ​បុរស​​អាថ​៌​កំបាំង​រូប​នោះ​ថែម​ទៀត​ផង​។​

​បន្ទាប់​ពី ហ្វីយ៉ាតា រៀបរាប់​ពាក្យ​ពេចន៍​ចេញ​ពី​ក្រអៅ​បេះដូង​ ក៏​មាន​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​នាក់​បាន​ចូល​មក​ជជែក​វែក​ញែក​គ្នា​បែក​ខ្ទិះ​ទៅ​លើ​សំណេរ​របស់​កញ្ញ​ា ព្រម​ទាំង​ទំនាក់​ទំនង​អ្នក​ទាំងពីរ​ ដោយ​ម្នាក់​ៗ​មាន​អំណះអំណាង​ និង​ ការ​​យល់​ឃើញ​ខុស​ៗ​គ្នា។ ក្រុម​អ្នក​បញ្ចេញ​មតិ​ខ្លះ​បាន​លើក​ឡើង​ថា​ ហ្វីយ៉ាតា​ផុស​ប្រូម៉ូត​បទ​ចម្រៀង​ថ្មី​ជាមួយ​នឹង​លោក​ ​ហេង​ ពិ​ទូ​​ ព្រម​ទាំង​ភ្ជាប់​រូប​ថត​ជា​មួយផង​​ ខណៈ​ក្រុម​ខ្លះ​ទៀត​​បាន​យក​រូប​ជា​ច្រើន​សន្លឹក​​មក​ផ្គូផ្គង​ដើម្បី​បញ្ជាក់​អះអាង​ថា​​បុរស​ក្នុង​រូប​នោះ​គឺ​លោក​ ហេង​ ពិទូ​។ ​ចំណែក​ក្រុម​អ្នក​ជឿជាក់​ថា​ហ្វីយ៉ាតា និង​ លោក​ ហេង ពិទូ​​មាន​ស្នេហា​ពិ​ត​ប្រាកដ​​បាន​​លើក​យក​រូបភាព​មួយ​សន្លឹក​ ដែល​មាន​រូប​លោក​ ហេង​ ពិទូ​ និង​ កញ្ញា​ ហ្វីយ៉ាតា ​មាន​អក្សរ​ ​ឆ្នាំ​២០១៦ និង ឆ្នាំ​២០២១ មក​ប្រៀប​ធៀប ​ភ្ជាប់​ដោយ​សំណេរ​ស៊ី​អារម្មណ៍​យ៉ាង​ដូច្នេះ​ថា​៖

«នៅ​តែ​មាន​ស្នាម​ញញឹម​ដដែល​សម្រាប់​គ្នា​ តាំង​ពី​ស្គាល់​បង​រហូត​ដល់​សព្វ​ថ្ងៃ​មិន​ដែល​មាន​ពេល​ណា​គ្មាន​វត្តមាន​របស់​បង​ទេ​ មិន​ថា​អូន​មាន​អ្នក​ណា​ឬ​នៅ​ម្នាក់​ឯង​ ពេល​អូន​លំបាក​ឬ​ក៏​ពេល​អូន​​សប្បាយ​ចិត្ត​តែង​តែ​មាន​បង​នៅ​ពី​ក្រោយ​ខ្នង​អូន​រហូត​ អូន​ស្គាល់​សេចក្ដី​សុខ​ពិត​ប្រាកដ​ពី​បង​សំខាន់​ថា​យើង​នឹង​មិន​បែក​គ្នា​ម្ដង​ទៀត​ជា​រៀង​រហូត​​»។

យ៉ាង​ណា​មិញ​​នេះ​គ្រាន់​តែ​ជា​ការ​លើក​ឡើង​និង​ជជែក​វែក​ញែក​ពី​សំណាក់​អ្នក​គាំទ្រ​របស់​តារា​ប្រុស​ស្រី​ទាំង​ពីរ​រូប​នេះ​ ចំណែក​ភាគី​តារា​ល្បី​ទាំង​ពីរ​មិន​បាន​ចេញ​មក​ស្រាយ​​បំភ្លឺ​ ឬ​ធ្វើ​ការ​ឆ្លើយ​តប​ចំពោះ​ចម្ងល់​របស់​ហ្វេន​​ថា​យ៉ាង​ណា​នោះ​ទេ​៕

Telegram-Troryorng
Share.