ការអញ្ជើញមេដឹកនាំកំពូលសម្រាប់អាហារពេលល្ងាចនៅខាងក្រៅកិច្ចប្រជុំG20 ដែលផ្ញើលិខិតដោយប្រធានាធិបតីឥណ្ឌា លោកស្រី Droupadi Murmu ដោយបានហៅខ្លួនឯងថា «ប្រធានាធិបតីនៃប្រទេស Bharat» បានធ្វើឱ្យមានការរំពឹងទុកថា រដ្ឋាភិបាលឥណ្ឌា ប្រហែលជានឹងផ្លាស់ប្តូរឈ្មោះប្រទេសនេះទៅជា «បារ៉ាត់» (Bharat)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។

តើអ្វីទៅជាភាពចម្រូងចម្រាសនៃការប្ដូរឈ្មោះរបស់ប្រទេសឥណ្ឌា?

តាមអនុសញ្ញា ការអញ្ជើញដែលចេញដោយស្ថាប័នធម្មនុញ្ញរបស់ឥណ្ឌា តែងតែលើកឡើងពីឈ្មោះឥណ្ឌា នៅពេលដែលអត្ថបទជាភាសាអង់គ្លេស ហើយឈ្មោះ Bharat នៅពេលអត្ថបទជាភាសាហិណ្ឌី។

ប៉ុន្ដែលិខិតនៃការអញ្ជើញចូលរួមពិធីទទួលអាហារពេលល្ងាច បានសរសេរជាភាសាអង់គ្លេស ដោយសរសេរថា «Bharat» ជំនួសឲ្យឈ្មោះផ្លូវការជាភាសាអង់គ្លេសថា «India»។ យ៉ាងណាម៉ិញ នៅពេលអ្នកកាសែតបានសួរនាំ មន្រ្តីនៃការិយាល័យប្រធានាធិបតីមិនបានធ្វើការអត្ថាធិប្បាយអ្វីលើបញ្ហាទាំងនេះទេ។

ដោយសារមនោគមវិជ្ជាជាតិនិយមហិណ្ឌូ នៃរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងការជំរុញឱ្យមានការបង្កើនការប្រើប្រាស់ភាសាហិណ្ឌូ អ្នករិះគន់បានឆ្លើយតបទៅនឹងការប្រើប្រាស់ឈ្មោះ «Bharat» នៅលើលិខិតអញ្ជើញដោយបង្ហាញថា រដ្ឋាភិបាលកំពុងជំរុញឱ្យប្តូរឈ្មោះជាផ្លូវការ។

ជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលគណបក្ស Bharatiya Janata Party (BJP) របស់លោក Modi បាននិងកំពុងផ្លាស់ប្តូរឈ្មោះទីក្រុង និងទីកន្លែងមួយចំនួន ដែលទាមទារដើម្បីជួយឲ្យប្រទេសឥណ្ឌាឆ្លងកាត់អ្វីដែលខ្លួនហៅថា ចិត្តគំនិតនៃទាសភាព។

តើឈ្មោះផ្លូវការរបស់ប្រទេសជាអ្វី?

នៅក្នុងភាសាអង់គ្លេស យក្សអាស៊ីខាងត្បូងត្រូវបានគេស្គាល់ថា «ឥណ្ឌា» ចំណែកភាសាឥណ្ឌា ​ត្រូវបានគេស្គាល់ថា «Bharat, Bharata ឬ Hindustan»។

​​​កំណែជាភាសាអង់គ្លេសនៃរដ្ឋធម្មនុញ្ញចាប់ផ្តើមដោយពាក្យ «យើង ប្រជាជននៃប្រទេសឥណ្ឌា» ហើយបន្ទាប់មកនៅក្នុងផ្នែកមួយនៃឯកសារចែងថា «ឥណ្ឌា នោះគឺជា Bharat នឹងក្លាយជាសហភាពនៃរដ្ឋ»។ យ៉ាងណា ការផ្លាស់ប្តូរឈ្មោះរបស់ប្រទេសឥណ្ឌា ទៅជា «Bharat» តែមួយ នោះនឹងតម្រូវឱ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញដែលនឹងត្រូវអនុម័តដោយសំឡេងភាគច្រើនផ្ដើមពី ២ភាគ៣ នៅក្នុងសភាទាំង២។

តើរដ្ឋាភិបាលនឹងផ្លាស់ប្តូរឈ្មោះជាផ្លូវការឬទេ?

ភាពចម្រូងចម្រាសនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសបើកសម័យប្រជុំសភាពិសេសរយៈពេល៥ថ្ងៃ នៅចុងខែនេះ ដោយមិនបង្ហាញរបៀបវារៈណាមួយឡើយ។ ការផ្លាស់ប្តូរនេះបានជំរុញឱ្យមានរបាយការណ៍ដែលមិនបានបញ្ជាក់ដែលថា ការផ្លាស់ប្តូរឈ្មោះអាចត្រូវបានពិភាក្សា និងអនុម័តក្នុងអំឡុងពេលសម័យប្រជុំ។

យ៉ាងណាក៏ដោយមិនទាន់មានការបញ្ជាក់ណាមួយថា ទង្វើបែបនេះកំពុងប្រព្រឹត្តទៅនោះទេ ប៉ុន្តែសមាជិកនៃរដ្ឋាភិបាល និងគណបក្ស BJP ដែលកំពុងកាន់អំណាចបានស្នើថា ឈ្មោះ Bharat គួរតែទទួលបានសិទ្ធិជាអាទិភាពលើប្រទេសឥណ្ឌា។ ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។

តើ Bharat មានប្រភពដើមមកពីណា?

ប្រភពដើមនៃឈ្មោះ Bharat គឺមានជាប់ពាក់ព័ន្ធនឹងដំណើររឿងជាច្រើននៅក្នុងប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់ឥណ្ឌា។ ពាក្យនេះគឺក្លាយមកពាក្យ ក្នុងភាសាសំស្រ្កឹត (Sanskrit) ថា «Bharata» មានន័យថា «ភ្លើង» ឬជាឈ្មោះរបស់ស្ដេចឥណ្ឌាមួយអង្គឈ្មោះ Bharata នៅក្នុងរឿងព្រេងបុរាណរបស់អ្នកកាន់សាសនាហិណ្ឌូ និង ដែលត្រូវបានគេចាត់ទុកថាជាបុព្វបុរសហិណ្ឌូ។

រីឯពាក្យឥណ្ឌាវិញ គឺក្លាយមកពីពាក្យ Sindhu នៅក្នុងភាសាសំស្រ្តឹតមានន័យ «ទន្លេ» និងដែលអារ៉ាប់ និងក្រិក ហៅថាហិណ្ឌ (Hind) និងក្រោយមកត្រូវបានហៅថាឥណ្ឌា។ ឈ្មោះឥណ្ឌានេះត្រូវបានហៅយ៉ាងទូលំទូលាយ នៅអំឡុងអាណានិគមអង់គ្លេស៕

ប្រភព៖ CNA

Share.