បុរសម្នាក់បានយកញញួរកំហែងយកម៉ូតូ១គ្រឿងជិះគេចបាត់ដោយសវុត្ថិភាពពីប្អូនស្រីរបស់ខ្លួន។ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៨:៤៥នាទី នៅចំណុច ភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជួង លក្ខិណា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ចំណែកជនសង្ស័យឈ្មោះ ខាន់ សំអុល ហៅទ្រល ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

យោងតាមកំណត់ហេតុពីសមត្ថកិច្ចបង្ហាញថា     នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៨:៤៥នាទី ជនសង្ស័យ (ត្រូវជាបងបង្កើតជនរងគ្រោះ) បានលោតផ្លោះរបងចូលផ្ទះរបស់ជនរងគ្រោះ រួចដើរសំដៅមករកជនរងគ្រោះ កំពុងដេកលេងនៅលើអង្រឹងក្នុងផ្ទះ ដោយក្នុងដៃជនសង្ស័យមានកាន់ញញួរដែក ប្រវែង៤៥សង់ទីម៉ែត្រ  មកគំរាម យកទូរស័ព្ទដៃម៉ាក Oppo ពណ៌ទឹកមាស តែជនរងគ្រោះមិនព្រមឲ្យទូរស័ព្ទដៃទៅជនសង្ស័យទេ បន្ទាប់មកជនរងគ្រោះ និងជនសង្ស័យបានប្រតាយប្រតប់គ្នា រួចជនសង្ស័យបានចាប់ក្របាច់ក ជនរងគ្រោះទារយកសោម៉ូតូ និងគំរាមយកញញួរ មកវាយសម្លាប់លើជនរងគ្រោះ ដោយជនរងគ្រោះភ័យខ្លាច ក៏បានឲ្យសោម៉ូតូទៅជនសង្ស័យ ពេលបានសោម៉ូតូរួចហើយ ជនសង្ស័យបានដើរទៅយកម៉ូតូជិះចេញទៅ និងស្រែកគំរាមឲ្យជនរងគ្រោះបើកទ្វារឲ្យពេលនោះជនរងគ្រោះ បានដើរទៅបើកទ្វារបងឲ្យជនសង្ស័យ ដើម្បីជិះម៉ូតូចេញទៅភ្នំពេញ ។ ក្រោយមកជនរងគ្រោះក៏បានរាយការណ៍ និងមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ឲ្យជួយអន្តរាគម៍ ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍គគីរ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌស្រុកកៀនស្វាយ បានចុះដល់កន្លែងកើតហេតុ ប្រមូលព័ត៌មាន នឹងបន្តការស្រាវជ្រាវស្វែងរកជនសង្ស័យមកចាត់ការតាមនីតិវិធី។

 សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងដែរថា កន្លងមកជនសង្ស័យជាមនុស្សធ្លាប់ប្រើប្រាស់គ្រឿងញៀន៕

អត្ថបទ៖តាខ្មៅ

Share.