ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​មើល​កន្លែង​ស្នាក់​នៅហូបចុងរបស់កីឡាករការិនី ដែល​បាន​កោះ​ប្រជុំ​ជាមួយ​​ថ្នាក់​ដឹក​នាំ​អង្គភាព​ចំណុះ​អគ្គនាយដ្ឋាន ដើម្បីស្គាល់គ្នា ហើយពិនិត្យមើលនូវការងារមួយចំនួន ពិសេស​គឺការងា​រ​បន្ទាន់ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបាន​ការ​ណែនាំ​ដ៏ខ្ពង់​ខ្ពស់ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឲ្យមើល​ការ​រៀបចំ​នូវ​យុទ្ធ​សាស្ដ្រ​កែទ​ម្រង់ និងអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា របស់ក្រសួងឡើងវិញ។

រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាបានថ្លែងថា៖ «នេះ​គឺជាការ​ជួប​ជុំដំ​បូង ដើម្បីស្គាល់គ្នាផង និងពិនិត្យការងារមួយចំនួន ពិសេសការងារបន្ទាន់ ក្រោយ​ទទួល​បាន​ការណែ​នាំពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបានជ្រូតជ្រាប និងរៀបចំនូវយុទ្ធសាស្ដ្រកែទម្រង់ និងអភិវឌ្ឍន៍ការងារអប់រំកាយ និងកីឡា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិថ្មី»។

ឯកឧត្តម បានផ្ដល់នូវខ្លឹមសារសំខាន់ៗមួយចំនួន ដើម្បីជំរុញដល់ការអនុវត្តការងារ រួមមាន៖ «យោង​តាម​គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេស​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ដ្របញ្ចកោណ ដែលក្នុងនោះមានការណែនាំ និងបញ្ជាក់ច្បាស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បាន​ដាក់​ចេញ​នូវកំណែ​ទម្រង់​ស៊ី​ជម្រៅ ច្បាស់លាស់៖

ទី១-រឿងអភិបាលកិច្ចល្អ ដែលឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បាន​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ដ្រ និងចំណុចកែទម្រង់ច្បាស់លាស់ ទាំងសាលារៀន ការអប់រំ យុវជន និងកីឡា ។ ក្នុងកីឡា យើង​ត្រូវគោរពគោលការណ៍នេះ ដើម្បីមានតម្លាភាព គណនីភាព មានសង្គតិភាព ហើយ​ចេញ​ជា​លទ្ធផល សូចនាករច្បាស់លាស់ ដើម្បីបង្កើននូវសុខដុមនីយកម្មការងារ នៅក្នុងអគ្គនាយកដ្ឋាន និង​នាយកដ្ឋានទទួលបន្ទុករបស់យើង។

ទី២-ការអភិវឌ្ឍន៍ធនធានមនុស្សបន្ថែម ។ ធនធានមនុស្សសំខាន់ គឺជំនាញ ដែល​រាជ​រដ្ឋា​ភិបាល​បាន​ដាក់​ថា “មូលធនមនុស្ស” ។ មូលធនមនុស្សរបស់រាជរដ្ឋាភិបាល ក៏មាន​ការ​រួម​ចំណែក​នៅ​ក្នុង​មូល​ធនមនុស្ស នៃវិស័យអប់រំកាយ និងកីឡាដែរ ។ ដូច្នេះវិស័យអប់រំកាយ និងកីឡា ត្រូវ​តែ​ផ្ដោត​ទៅ​លើ​ភាព​ខ្វះ ឬលើស ដែលឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ដ្រី ជំរុញឲ្យពិនិត្យ និង​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​នូវធនធានមនុស្សដែលមាន» ។

ឯកឧត្តម បន្ថែមថា មួយវិញទៀត គឺការដើរទៅរកកំណែទម្រង់ស៊ីជម្រៅមួយ ដើម្បី​ស្វែង​រក​ឧត្តម​ភាព​កីឡា និងថែរក្សាឧត្តមភាពកីឡានេះ តាមរយៈការត្រួតពិនិត្យឡើងវិញ គ្រប់​នាយ​កដ្ឋាន​ទាំង​អស់ តើត្រូវដើរនូវយុទ្ធសាស្ដ្រណា? ដូច្នេះយុទ្ធសាស្ដ្រដែលត្រូវដើរ គឺការអភិវឌ្ឍជំនាញ និង​កែ​សម្រួល​ជំនាញ​ទាំងអស់ នៅក្នុងនាយកដ្ឋាន ដោយការធ្វើបច្ចុប្បន្នភាព និងស្វែងរកការគាំទ្រ ។ កិច្ចការនេះ ត្រូវធ្វើជាជំហានៗ ដើម្បីធ្វើកំណែទម្រង់ ប្រកបដោយលទ្ធផលច្បាស់លាស់ ។

ឯកឧត្តម វ៉ាត់ ចំរើន បាន​បញ្ជាក់ថា៖ «ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចង់ឃើញ លទ្ធ​ផល​ជាក់​ស្ដែង នៅក្នុងការកែទម្រង់ ។ អ៊ីចឹង យើងនឹងធ្វើឲ្យចេញលទ្ធផលជាក់ស្ដែង ក្នុង​ការ​កែ​ទម្រង់​នេះឲ្យមានរបៀបរបបធ្វើការត្រឹមត្រូវ មានការគោរពឋានានុក្រមល្អ មាន​តម្លាភាព​ក្នុង​យន្ដការ​ការងារ​ទាំងអស់គ្នា ចែករំលែកចំណេះដឹង និងជំនាញ ដែលបានសិក្សារៀនសូត្រ ដើម្បី​កសាង​នូវ​វិស័យ​អប់​រំកាយ និងកីឡា ឲ្យទៅជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាតិរបស់យើង ជាមួយរាជរដ្ឋាភិបាល»៕

Share.