ក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​យក​ឈ្នះ​លើ​ក្រុម​កោះ​ម៉ាកាវ ដោយ​លទ្ធផល ៤ទល់០ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​ចន្ទ ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៣ ដែល​ជា​ជំនួប​មិត្តភាព​អន្តរជាតិ។

ជំនួប​ដែល​កាត់​សេចក្តី​ដោយ​លោក​អាជ្ញាកណ្ដាល​ជនជាតិ​វៀតណាម Hoang Ngoc Haចាប់​ផ្ដើម​​ផ្លុំ​កញ្ចែ​ប្រកួត​នៅ​ម៉ោង​៧​យប់។ ម្ចាស់​គ្រាប់​បាល់​របស់​កម្ពុជា​រក​បាន​ដោយ​កីឡាករ សៀង ចន្ធា ២គ្រាប់ សឿយ វិសាល និង រ៉ឹម ប៊ុនហៀង រក​បាន​ម្នាក់​១គ្រាប់។

ដូច្នេះ គិតត្រឹម​ពេល​នេះ​ជំនួប​រវាង​កម្ពុជា ជាមួយ​ម៉ាកាវ កើន​ដល់​៧​ប្រកួត​ហើយ ខណៈ​ក្រុម​ទាំង​ប៉ះ​គ្នា​លើក​ដំបូង​កាល​​ឆ្នាំ​២០០៨ ស្រប​ពេល​ដែល​កម្ពុជា បាន​ទាត់​បញ្ជូល​ទី​ក្រុម​​ម៉ាកាវ ចំនួន​១៨គ្រាប់ ហើយ​ម៉ាកាវ ទាត់​ចូល​វិញ​ចំនួន​៧គ្រាប់។

គ្រាប់​បាល់​ទាំង​១៨​គ្រាប់​របស់​កម្ពុជា រក​បាន​ដោយ​កីឡាករ៖

  • សំអ៊ែល ណាសា ចំនួន​៣គ្រាប់
  • នុត ស៊ីនួន ចំនួន​២គ្រាប់
  • ឃួន ឡាបូរ៉ាវី ចំនួន​២គ្រាប់
  • ចាន់ វឌ្ឍនាកា ចំនួន​២គ្រាប់
  • សៀង ចន្ធា ចំនួន​២គ្រាប់
  • ចាន់ រិទ្ធី ចំនួន​១គ្រាប់
  • កែវ សុខង៉ន ចំនួន​១គ្រាប់
  • ទៀប វឌ្ឍនៈ ចំនួន​១គ្រាប់
  • ឃីម បូរី ចំនួន​១គ្រាប់
  • ធារី ចន្ថាប៊ីន ចំនួន​១គ្រាប់
  • សឿយ វិសាល ចំនួន១គ្រាប់
  • រ៉ឹម ប៊ុនហៀង ចំនួន១គ្រាប់

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា កំពុង​ត្រៀម​ខ្លួន ប្រកួត​វគ្គ​ជម្រុះ​វគ្គ​ដំបូង​ពានរង្វាន់​ជើង​ឯក​ពានរង្វាន់ 2026 FIFA World Cup ប្រចាំ​ទ្វីប​ ដែល​ត្រូវ​ប្រកួត​ទល់​ក្រុម​ប៉ាគីស្ថាន ចំនួន​២ជើង ក្នុង​ខែ​ តុលា ឆ្នាំ​២០២៣ ខាង​មុខ៕

Share.