អាជ្ញាធរពាក់ព័ន្ធប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបញ្ជាឱ្យត្រួតពិនិត្យលើអគារផ្ទះល្វែងដែលត្រូវអគ្គីភ័យឆាបឆេះ ក្នុងទីក្រុងហាណូយ ដោយបានសម្លាប់មនុស្ស ៥៦នាក់ កាលពីយប់ថ្ងៃអង្គារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

អគ្គីភ័យនេះបានឆាបឆេះវេលាម៉ោង ១១:៥០នាទីយប់ ថ្ងៃអង្គារ ទី១២ ខែកញ្ញា ដោយសន្និដ្ឋានថា បានចាប់ផ្ដើមឆេះនៅក្នុងជាន់ចំណតម៉ូតូនៃអគារអាផាតមិន នៅផ្លូវ Khuong Ha ក្នុងសង្កាត់ Thanh Xuan ក្នុងទីក្រុងហាណូយ។

អ្នកជិតខាង និង​អ្នក​រស់នៅ​ក្នុង​ប្លុកនោះ​បាន​និយាយ​ថា ពួកគេ​បាន​ឮ​សំឡេង​ស្រែក ខណៈ​មនុស្សម្នាជាច្រើនទៀត បាន​ព្យាយាម​រត់គេច​តាមរនាំង​បង្អួច​ ព្រោះតែអគារ​នេះ​មាន​ច្រក​ចេញ​តែ​មួយ​ប៉ុណ្ណោះ ហើយ​គ្មាន​ជណ្ដើរ​សង្គ្រោះ​បន្ទាន់​នៅ​ខាង​ក្រៅ​នោះទេ។

បន្ទាប់ពីសោកនាដកម្មនេះ ប៉ូលីសបានស្នើឱ្យពិនិត្យមើលប្រព័ន្ធការពារអគ្គីភ័យនៃប្លុកអគារផ្ទះល្វែងខ្នាតតូច និងផ្ទះជួលផ្សេងៗ ដែលមានមនុស្សរស់នៅច្រើន។

ទាក់ទិននឹងបញ្ហានេះ ក្រសួង​សន្តិសុខ​សាធារណៈ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​តាម​អ៉ីនធឺណិត​ថា​៖ «​ការ​បំពានណាមួយ​ត្រូវ​តែ​ទទួល​ទោស​យ៉ាង​ធ្ងន់ធ្ងរ។ ជាមួយគ្នានោះដែរ ប៉ូលិសក្រុងហាណូយ បានចាប់ខ្លួនម្ចាស់អគារដើម្បីសាកសួរ»។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនាថ្ងៃព្រហស្បតិ៍ថា ការស៊ើបអង្កេតដំបូងបានរកឃើញថា អគារអាផាតមិនកម្ពស់ ១០ជាន់នេះ បានរំលោភលើអាជ្ញាប័ណ្ណសាងសង់ដែលបានផ្តល់ឱ្យក្នុងឆ្នាំ២០១៥ ដោយកាលនោះសុំច្បាប់ដើម្បីសាងសង់អគារត្រឹមតែ ៦ជាន់ប៉ុណ្ណោះ។

សូមជម្រាបថា អ្នកស្លាប់ដោយសារតែសោកនាដកម្មដ៏រន្ធត់នេះ បានកើនឡើងដល់ចំនួន ៥៦នាក់ ខណៈមនុស្ស ៣៧នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះមានកុមារចំនួន ៤នាក់៕

ប្រភព៖ CNA

ចុចអាន៖ ឆេះអាផាតមិន នៅទីក្រុងហាណូយ ស្លា.ប់ និងរបួ.សមនុស្សជាច្រើននាក់

Share.