សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិ រដ្ឋធានីប៉េកាំង នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។ ចេញពីអាកាសយានដ្ឋានអន្តរជាតិ សម្ដេច និងលោកជំទាវ បានដឹកនាំគណៈប្រតិភូចូលដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបអនុស្សាវរីយ៍វីរជនចិន ទីលានធានអានមិន មុនបន្តដំណើរទៅផ្ទះសំណាក់រដ្ឋ រៀបចំជាពិសេសដោយរដ្ឋាភិបាលក្រុងប៉េកាំង។

នៅផ្ទះសំណាក់រដ្ឋ សម្ដេចធិបតី បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុនចិនកម្រិតអន្តរជាតិធំៗ ដូចជាក្រុមហ៊ុន SINOMACH Heavy Equipment Group ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ក្រុមហ៊ុន China Huaneng Group និងក្រុមហ៊ុន Huawei Technology Co., Ltd។ កិចិច្ចពិភាក្សាបានផ្ដោតលើសក្ដានុពលវិនិយោគនៅកម្ពុជា។

សម្ដេចមហាបវរធិបតី និងលោកជំទាវ បានបន្តអញ្ជើញក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះរាជដំណាក់ក្រុងប៉េកាំង ក្នុងឱកាសព្រះអង្គទាំងទ្វេ យាងទទួលការថ្វាយនូវការពិនិត្យព្រះរាជសុខភាព ដោយក្រុមវិជ្ជបណ្ឌិតចំណានៗ នៃសាធារណរដ្ឋប្រជាមានិតចិន។

សម្ដេចធិបតី នឹងបន្តបំពេញទស្សនិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ សម្ដេចនឹងជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឺជី ប្រធានសភាប្រជាជនចិន ឯកឧត្ត​ម​ ស៊ី ជីនពីង ប្រធានាធិបតីចិន អញ្ជើញជួបពិភាក្សាទ្វេភាគី និងជាសហអធិបតី នៃពីធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការកម្ពុជា-ចិន ជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្រ្តី។

សម្ដេចមហាបវរធិបតី ក៏នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍អាស៊ាន-ចិន និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់លើកទី៣ (RCEP) មុនមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣៕

Share.