វីរកីឡាការិនី ខាន់ ចេសា (Khan Jessa) នឹងត្រូវឡើងសង្វៀន One Championship ជាលើកដំបូង ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាការិនី Danielle Kelly ក្នុងកម្មវិធី ONE Fight Night 14 នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣​ ប្រទេសសិង្ហបុរី ខាងមុខនេះ។

ក្រោយចប់ការប្រកួតខាងលើ វីរកីឡាការិនី ខាន់ ចេសា (Khan Jessa) នឹងបន្ដដំណើរមកកម្ពុជា ដើម្បីចេញទៅប្រកួតកីឡាអាស៊ី Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នាដើមខែក្រោយ។

មុនឡើងសង្វៀន One Championship កីឡាការិនី ខាន់ ចេសា ក៏ទើបតែឈ្នះមេដាយមាសជើងឯកពិភពលោក នៃការព្រឹត្តិការណ៍ IBJJF World Champion 2023 ក្រោយយកឈ្នះកីឡាការិនី Thamires Aquino សញ្ជាតិប្រេស៊ីល នៅវគ្គផ្តាច់ព្រ័ត។

ព្រឹត្តិការណ៍ IBJJF World Champion 2023 គឺជាការប្រកួត​កម្រិតពិភពលោក Light Feather Weight Black Belt World Champion ដែលរៀបចំដោយ International Brazilian Jiu-Jitsu Federation (IBJFF) ធ្វើឡើងនៅលើទឹកដីសហរ​ដ្ឋអាមេរិក។

គួរដឹងថា ខាន់ ចេសា មានឪពុកជាជនជាតិខ្មែរ និងម្ដាយឈ្មោះ April Marie Khan ជនជាតិម៉ិកស៊ិក-អាមេរិក នៅក្នុងរយៈពេលជាង ១០ឆ្នាំ នៃការចាប់អាជីពកីឡាជឺជិតស៊ូ នាងធ្លាប់ឈ្នះមេដាយ និងពានរង្វាន់ស្ទើររាប់ភ្លេច ទាំងការប្រកួតតំបន់ អាមេរិក អឺរ៉ុប និងពិភពលោក។

កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា (Jessa Khan) គឺជាម្ចាស់មេដាយមាសនៅ Asian Games 2018 នៅទីក្រុង Jakarta ប្រទេស​ឥណ្ឌូនេស៊ី និង SEA Games 2019 នៅទីក្រុង Manila ប្រទេសហ្វីលីពីន។

ជាពិសេសក្នុងព្រឹត្តិការណ៍កីឡាករស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ វីរកីឡាការិនី ខាន់ ចេសា ឈ្នះមេដាយលើប្រភេទកីឡាជឺជិតស៊ូ វិញ្ញាសានារីប្រយុទ្ធ Women’s Ne-Waza No-OGI -52Kg ទម្ងន់ក្រោម ៥២គីឡូក្រាម ក្រោយផ្ដួលកីឡាការិនីហ្វីលីពីន ឱ្យបោះបង់ការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ៕

Share.