ជនបរទេសដែលទទួលបានសញ្ជាតិខ្មែររួចហើយ ហើយបានប្រព្រឹត្តបទល្មើស ទោះជាស្ថិតនៅក្នុងប្រទេសក្តី ឬនៅក្រៅប្រទេសក្តី បុគ្គលនោះត្រូវទទួលខុសត្រូវដោយខ្លួនឯង ចំពោះមុខច្បាប់ដែលបានកំណត់របស់ ប្រទេសនីមួយៗ។ នេះជាការលើកឡើងរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយចុះថ្ងៃទី១៥ កញ្ញា ២០២៣។

តាមរយៈសេចក្ដីប្រកាសព័ត៌មាននេះដែរ បានលើកឡើងថា កន្លងមក មានសារព័ត៌មានមួយចំនួនបានធ្វើការផ្សព្វផ្សាយព័ត៌មាន ទាក់ទងនឹងការចាប់ខ្លួនជនបរទេសដែលបាន ប្រព្រឹត្តបទល្មើសនៅប្រទេសសឹង្ហបុរី ពាក់ព័ន្ធនឹងការសម្អាតប្រាក់ (Money Laundering) ដោយព្យាយាម ទាញភ្ជាប់បញ្ហានេះ ជាមួយជនបរទេសដែលទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម។ ជាការកត់សម្គាល់ ការផ្សព្វផ្សាយព័ត៌មានមួយចំនួនខាងលើ មានចេតនាលម្អៀង បំផ្លើសខុសពីការពិត និងបានធ្វើឱ្យប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមជម្រាបជូនថា យោងតាមច្បាប់ស្តីពីសញ្ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ការផ្តល់សញ្ជាតិខ្មែរដល់ជនបរទេសដោយសញ្ជាតូបនីយកម្ម (ការធ្វើឲ្យជនបរទេសបានសញ្ជាតិ នៃប្រទេស ដែល ជននោះរស់នៅ, ការសុំចូលសញ្ជាតិ ) ត្រូវបានធ្វើឡើងតាមរយៈការពិនិត្យ និង វាយតម្លៃយ៉ាងត្រឹមត្រូវស្របតាមនីតិវិធី និងគោលការណ៍ច្បាប់ជាធរមាន (រួមទាំងការវាយតម្លៃលើកិរិយាមាយាទ និងប្រវត្តិនៃការប្រព្រឹត្តបទល្មើស) ដោយពុំមានការរើសអើងចំពោះជាតិសាសន៍ណាមួយឡើយ។ ចំពោះ ជនបរទេសដែលទទួលបានសញ្ជាតិខ្មែររួចហើយ ហើយបានប្រព្រឹត្តបទល្មើស ទោះជាស្ថិតនៅក្នុងប្រទេសក្តី ឬនៅក្រៅប្រទេសក្តី បុគ្គលនោះត្រូវទទួលខុសត្រូវដោយខ្លួនឯង ចំពោះមុខច្បាប់ដែលបានកំណត់របស់ ប្រទេសនីមួយៗ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា បញ្ហាខាងលើគឺជាបញ្ហារបស់បុគ្គលសុទ្ធសាធ ដែលកន្លងមកបានកើតឡើងជារឿយៗ បង្កដោយជនបរទេសនៅតាមបណ្ដាប្រទេសមួយចំនួនផ្សេងទៀត។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមសំដែងនូវអំណរគុណដល់សាធារណជនទាំងអស់ ដែលបានឈ្វេងយល់ ចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអវិជ្ជមានទាំងនេះ ហើយបានចូលរួមទប់ស្កាត់នូវព័ត៌មានដែលមានចេតនា លម្អៀង និងបំផ្លើសខុសពីការពិត ក្នុងគោលបំណងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិយើង៕ 

Share.