ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងក្រុម Tiffy Army FC សុទ្ធតែរកបានជ័យជម្នះដូចគ្នានៅថ្ងៃបើកឆាកពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ នៅសប្ដាហ៍ទី៥ នាល្ងាចថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ លើ២ទីលានផ្សេងគ្នា។
ក្រុមភ្ញៀវ Tiffy Army FC បានយកឈ្នះលើក្រុមម្ចាស់ផ្ទះព្រៃវែងអែហ្វស៊ី ដោយលទ្ធផល ៣-០ លើទីលានកីឡដ្ឋានខេត្តព្រៃវែង ក្រោមការកាត់សេចក្តីរបស់លោកអាជ្ញាកណ្ដាល អ៊ីវ ទីណា ខណៈការប្រកួតចាប់ផ្ដើមការប្រកួតពីម៉ោង ៣:៤៥ នាទី។

ម្ចាស់គ្រាប់បាល់៣គ្រាប់របស់ក្រុម Tiffy Army FC រកបានដោយកីឡាករកីឡាករបរទេសទាំង៣រូបគឺ Tetsuaki Misawa (ជប៉ុន) Toshiya Takagi (ជប៉ុន) និង Sarayut Sompim (ថៃ)។
អ្នកចាំទី ពេជ្រ តារា បានក្លាយជាកីឡាករទី២ របស់ក្រុម Tiffy Army FC រក្សាមិនអោយគូប្រកួតទាត់ចូលទីខ្លួនបាន (Clean Sheets) បន្ទាប់ពីមិត្តរួមក្រុម សោម សុគន្ធដារ៉ា ធ្លាប់ធ្វើបានពេលក្រុមខ្លួនឈ្នះលើក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ កាលពីសប្ដាហ៍ទី៤ កន្លងទៅ។
ចំណែកក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុមអង្គរថាយហ្គឺរ មកពីខេត្តសៀមរាប លើទីលានកីឡដ្ឋានខេត្តស្វាយរៀង របស់ខ្លួន ដោយលទ្ធផល ៥-២ ដែលលោកអាជ្ញាកណ្ដាល ជី សាមឌី បានផ្លុំកញ្ចែផ្តើមការប្រកួតពីម៉ោង ៦:០០ល្ងាច។

៥គ្រាប់របស់ម្ចាស់ផ្ទះនៅព្រំដែនកម្ពុជា-វៀតណាម នេះរកបានដោយកីឡាករ គឹម សុខយុទ្ធ, សារ៉េត គ្រីយ៉ា, Ryo Fulii (ជប៉ុន) Marcus Haber (កាណដា) Bounphachan Bounkong (ឡាវ)។ ចំណែក២គ្រាប់វាយបករបស់ក្រុមអង្គរថាយហ្គឺរ រកបានដោយកីឡាករ Ben Nugent (អង់គ្លេស) អេស្ប៉ាញ (Víctor Blasco)។
ព្រះខ័នរាជស្វាយរៀង ក្រៅពីបន្តឈរកំពូលបណ្ដោះអាសន្ន គិតត្រឹមសប្ដាហ៍ទី៥នេះ ក្រុមរបស់លោក Pep Muñoz បានបន្តរក្សាកំណត់ត្រាមិនទាន់បរាជ័យទាល់តែសោះ ក្នុងរដូវកាលនេះ។
សម្រាប់កម្មវិធីប្រកួតបន្តប្រចាំសប្ដាហ៍ទី៥ នេះនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា វេលាម៉ោង៦ល្ងាចដំណាលគ្នាមានដូចជា៖
- ISI ដង្កោសែនជ័យ ប៉ះ ណាហ្គាវើល លើទីលាន AIA Stadium
- បឹងកេត ប៉ះ គីរីវង់សុខសែនជ័យ លើទីលានពហុកីឡដ្ឋានជាតិ
- វិសាខា ប៉ះ ភ្នំពេញក្រោន លើទីលានកីឡដ្ឋានព្រីនស៍

ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មានមានសមាជិកចំនួន១០ក្រុម ដោយប្រកួតវិលជុំសន្សំពិន្ទុចំនួន៣ជុំ ហើយក្រុមលេខ១ដល់លេខ៤មានឈ្មោះឡើងទៅជុំបន្ត ដើម្បីបន្តសន្សំពិន្ទុយកជើងឯក ប្រចាំរដូវកាល៕
