កាលពីថ្ងៃទី១៧ ខែកញ្ញា តំណាង​សារព័ត៌មាន​ត្រយង១រូប ​រួម​ជា​មួយ​ស្ថាប័ន​សារព័ត៌​មាន​ចំនួន ១៨ល្បីៗនៅកម្ពុជា ដែល​មាន​វត្តមា​ន​អ្នក​សារ​ព័ត៌មានចំនួន ៤៤រូប បាន​អញ្ជើញមក ក្រ​សួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ រួម​ជា​មួយ​រដ្ឋបាលជលផល និង​អង្គការ UNIDO នឹង​ចូល​រួម​ក្នុង ដំណើរ​ទស្សនកិច្ចសិក្សា និង​ផ្សព្វផ្សាយ​អំពីសហគ្រាសជលផលក្រោយប្រមូលផលដែល​ទទួល​ផល​ពី​គម្រោង CAPFish ក្រោម​ការ​អនុវត្តរួម​គ្នា​ដោយ FiA និង UNIDO ក្រោម​សហ​ហិរញ្ញ​ប្បទាន​ពីស​ហភាពអឺរ៉ុប។

កម្មវិធីទស្សនៈនេះ ដឹកនាំនិងសម្របសម្រួលដោយ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF)។ ដំណើរទស្សនកិច្ច ដើម្បី​ឈ្វេងយល់ ពីគម្រោង CAPFISH-Capture ជំរុញ​សុវ​ត្ថិ ភាព​ម្ហូបអាហារនៅកម្ពុជា ធ្វើ​ឡើងនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ធំ និងខេត្តសៀមរាប ចាប់​ពី​ថ្ងៃទី១៧ ដល់​២០ ខែកញ្ញា ឆ្នាំ២០២៣។

លោកជំទាវ អ៊ឹម រចនា បា​នមាន​ប្រសាសន៍ថា៖ «នេះ​គឺជា​លើក​ទី​១ហើយ​ដែល​ក្រសួងកសិកម្ម រួម​ជា​មួយ​រដ្ឋបាលជលផល និង​អង្គការ UNIDO រៀប​ចំដំណើរទស្សនកិច្ចនេះឡើង។ វត្តមានចូលរួម ពី​ប្រព័ន្ធ​ផ្សព្វផ្សាយដែលមានអ្នកសារព័ត៌មាន ជួបជុំគ្នា​មិន​ត្រឹមតែនៅក្នុងបន្ទប់នេះទេ យើង​នឹង​ចុះ​ទៅ​កាន់​សហគ្រាសកែច្នៃផលផលិតផលជលផលផ្ទាល់ ដើម្បីស្វែងយល់ឱ្យបានកាន់​តែស៊ី​ជម្រៅ​អំពី​គោលគំនិតគន្លឹៈ ស្តីពីសុវត្ថិភាពម្ហូបអាហារ ការអភិវឌ្ឍអាជីវកម្ម ពិសេសការអនុវត្តសុវត្ថិភាព​ម្ហូបអាហារនៅតាម​បណ្តា​សហ​គ្រាស»។

លោកជំទាវ បាន​បន្ថែមថា៖ «ខ្ញុំសូម​យក​ឱកាសនេះជាថ្មី អំពាវនាវឱ្យបងប្អូនអ្នកសារព័ត៌មាន ដែល​ជាតួអង្គផ្សព្វផ្សាយដ៏មាន​ប្រសិទិ្ធភាពបំផុត មេត្តា​ពាំនាំសារស្តីពីសុវត្ថិភាព ម្ហូប​អាហារ​នេះ​ទៅ​ជូន​សារធារ​ណជនឱ្យបានជ្រួតជ្រាបកាន់តែទូលំទូលាយបន្ថែមទៀត។ នេះគឺជាអ្វី ដែល​យើង​ទាំង​អស់​គ្នា​អាច​ធ្វើ​បាន និងរួម​ចំណែក ធ្វើបានក្នុងគោលដៅលើក​កម្ពស់​ការយល់​ដឹង​ស្តីពី​សុវត្ថិភាព​ម្ហូប​អាហារ»។​

ដំណើរទស្សនកិច្ចសិក្សា រៀបចំជាពិសេសសម្រាប់ក្រុម អ្នក​សារព័ត៌មាន​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ និងស្ថាប័នផ្សេងៗក្នុងមានគោលបំណងជាក់លាក់ដូចខាង​​ក្រោម៖

-ផ្តល់សារអប់រំមួយចំនួនដល់បណ្ដាញសារព័ត៌មានស្តីពីការអភិវឌ្ឍអាជីវកម្ម គោលគំនិតនិងការ អនុវត្ត សុវត្ថិ ភាពម្ហូបអាហារ និងការអភិវឌ្ឍវិស័យឯកជន ។

-ផ្សព្វផ្សាយអំពីភាពជោគជ័យនៃការអនុវត្តរបស់គម្រោងរបស់រដ្ឋបាលជលផល និងអង្គការ UNIDO -បង្ហាញអំពីការអនុវត្តតាមលក្ខខណ្ឌតម្រូវសុវត្ថិភាពម្ហូបអាហារ និងដំណើរការទទួលវិញ្ញាបនប័ត្រ ។

-ផ្សព្វផ្សាយដល់សាធារណជនអំពីសារសំខាន់ៗនិងអត្ថប្រយោជន៍របស់សុវត្ថិភាពម្ហូបអាហារ។

គម្រោង CAPFish សហការផ្ដល់មូលនិធិដោយសហភាពអឺរ៉ុប និងអនុវត្តដោយ រដ្ឋបាលជលផល និងអង្គការ UNIDO ។

មានរយៈពេល ៤ថ្ងៃ និង៣យប់ ប្រតិភូ និង​ក្រុមការងារសារពត័ត៌មាន នឹង​ចេញដំណើរ​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញបន្ទាប់ពី និង​ទស្សនកិច្ច​សហ​គ្រាស​នៅ​រាជ​ធានី​ភ្នំពេញ មុននិងបន្តដំណើរទៅតាមសហគ្រាស តាម​បណ្តា​ខេត្ត​ចំនួន ៣​ទៀត​ដែលរួមមាន៖ ខេត្ត​កណ្ដាល ខេត្តកំពង់ធំ និងខេត្តសៀមរាប។

កម្មវិធីនេះដែរ នឹងមានសកម្មភាព ច្រើនដែលរួមមានដូចការ ការ​បណ្តុះ​បណ្តាល​អំពី​សុវ​ត្ថិភាព​ម្ហូប​អាហារ សន្និសីទសារព័ត៌មាន ដំណើរទស្សនកិច្ចទៅ សហ​គ្រាស​ជលផល ជួប​ផ្ទាល់​ជា​មួយ​ម្ចាស់​សហគ្រាស ​ដែល​ទទួល​បាន​ការ​គាំទ្រពីគម្រោង បទសម្ភាសន៍ជាមួយអ្នកជំនាញ ម្ចាស់​អាជី​វក​ម្ម រួមទាំងអ្នកបើប្រាស់។

សូម​បញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺបង្ហាញអំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង រដ្ឋាភិបាល ផ្នែកឯក ជន និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងការលើកកំពស់ និងផ្សព្វផ្សាយសមិទ្ធិផលរបស់គម្រោង CAPFish ដែលជាកិច្ចសហការណ៍ ល្អរវាងរដ្ឋាភិបាល និង សហភាពអឺរ៉ុប។លើសពី​នេះ​ក៏ជួយ​ផ្ដល់​នូវ​ព័ត៌មាន​ត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលា អំពីកិច្ចអន្តរាគមន៏របស់ គម្រោង CAPFish និងជួយបង្កើនទំនាក់ទំនងរវាង ផ្នែកឯកជន និងប្រព័ន្ធផ្សព្វផ្សាយ ។

គូសបញ្ជាក់ថា គម្រោង CAPFish-Capture បានគាំទ្រដល់សហគ្រាសចំនួន២៨ ជា​ជំនួយ​បច្ចេក​ទេស និង សម្ភារបរិក្ខារ ទៅដល់សហគ្រាសនីមួយៗដែលមានតម្លៃចាប់ពី ២៥ ០០០ដុល្លារ ដល់ ១០០ ០០០ដុល្លារអាមេរិក ដើម្បីកែលម្អប្រតិ្តបត្តិការអាជិវកម្ម និង​អនុវត្ត​ស្តង់​ដារ​សុវត្ថិភាព​ម្ហូប​អា​ហារ CQS ។ មកទល់ពេលនេះ សហគ្រាសចំនួន០៨ ទទួលបាន CQS ដែលក្នុងនោះ CQS ពេញ​លេញ ចំនួន០៤ និង CQS ធម្មតាចំនួន០៤៕

Share.