យោង​តាម​របាយការណ៍​ចេញ​ផ្សាយ​ថ្ងៃ​ទី ១១ ខែ​មេសា ឆ្នាំ២០២៤ ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ឱ្យ​ដឹង​ថា សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា នឹង​កើន​ឡើង​ក្នុង​អត្រា ៥,៨% ក្នុង​ឆ្នាំ ២០២៤ និង ៦,០% ក្នុង​ឆ្នាំ ២០២៥​។ ការ​ព្យាករ​នេះ​ធ្វើ​ឡើង​ដោយ​យោង​ទៅ​លើ​អត្រា​កំណើន​ក្នុង​វិស័យ​កម្មន្តសាល និង​ការ​ស្ទុះ​ឡើង​វិញ នៃ​វិស័យ​ទេសចរណ៍​។

នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​របស់ ADB លោកស្រី ច្យុតសាណា វ៉ារម៉ា (Jyotsana Varma) បាន​ពន្យល់​ថា «ទោះបី ជា​មាន​បញ្ហា​ប្រឈម​នៃ​សេដ្ឋកិច្ច​ពិភពលោក​ក៏​ដោយ ក៏​សេដ្ឋកិច្ច​កម្ពុជា​បាន​ដំណើរការ​ល្អ​ក្នុង​ឆ្នាំ ២០២៣ យើង​រំពឹង​ថា កំណើន​សេដ្ឋកិច្ច​នឹង​កាន់​តែ​ប្រសើរ​ក្នុង​ឆ្នាំ ២០២៤២០២៥ ដោយសារ​វិស័យ​កាត់​ដេរ​សំលៀកបំពាក់ និង​ស្បែក​ជើង និង​ផលិតផល​ទេសចរណ៍ (GFT) ទំនង​ជា​នឹង​មាន​កំណើន​ខ្ពស់ ដោយ​ផ្អែក​លើ​សន្ទុះ​វិជ្ជមាន ដែល​បាន​កើត​ឡើង​ក្នុង​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២៣»

គម្រោង​ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី (Asian Development Outlook ឬ ហៅ​កាត់​ថា ADO) សម្រាប់ ខែ​មេសា ២០២៤ បាន​ប៉ាន់​ប្រមាណ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​បាន​កើន ៥,០% នៅ​ឆ្នាំ ២០២៣ បើ​ប្រៀបធៀប​ទៅ​២០២២​។ កំណើន​នេះ ត្រូវ​បាន​ជំរុញ​ដោយ​ការ​ស្ទុះ​ឡើងវិញ​យ៉ាង​ខ្លាំង នៃ​វិស័យ​ទេសចរណ៍​។ របាយការណ៍​នេះ បាន​ព្យាករ​ពី​កំណើន ដែល​នឹង​មាន​ជា​បន្ត​ទៀត​សម្រាប់​សេដ្ឋកិច្ច​នៅ​ឆ្នាំ ២០២៤- ២០២៥ ដោយ​មាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​ពី​ផលិតកម្ម​វិស័យ​កម្មន្តសាល​សម្រាប់​ការ​នាំ​ចេញ​។

អតិផរណា ជា​មធ្យម​ប្រចាំ​ឆ្នាំ​ដែល​មាន​ការ​ថយ​ចុះ​មក ២,១% នៅ​ក្នុង​ឆ្នាំ ២០២៣ ដោយសារ​មាន​ការ​ថយ​ចុះ​នៃ​ថ្លៃ​ថាមពល​អន្តរជាតិ​។ ហើយ​វា​ត្រូវ​បាន​ព្យាករ​ថា នឹង​បន្ត​ចុះ​មក​នៅ​ក្នុង​រង្វង់ ២% ក្នុង​រយៈ​ពេល​២​ឆ្នាំ​ខាង​មុខ​នេះ​។

រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​អនុវត្ត​ការ​គ្រប់គ្រង​ថវិកា (fiscal consolidation) ជា​បណ្ដើរ​ៗ​ចាប់ ពី​ឆ្នាំ ២០២៤ ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​ទុន​បម្រុង ដែល​បាន​ស្រក​ចុះ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​-១៩​។

ទោះ​ជា​យ៉ាងណា បញ្ហា​ប្រឈម​ដូច​ជា និន្នាការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​សកល កំណើន​បំណុល​ឯកជន ការ​ប្រែប្រួល​ថ្លៃ​ថាមពល និង​ការ​ប្រែប្រួល​អាកាសធាតុ អាច​ជះ​ឥទ្ធិពល​ដល់​ទស្សនវិស័យ​រយៈ​ពេល​វែង​ឆ្ងាយ​។

លោកស្រី ច្យុតសាណា វ៉ារម៉ា (Jyotsana Varma) លើក​ឡើង​ថា «​បញ្ហា​ប្រឈម​ទាំង​នេះ​កំពុង​បន្ថែម​ភាព​ស្មុគស្មាញ​ដល់​ទស្សនវិស័យ នៃ​សេដ្ឋកិច្ច​កម្ពុជា​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី កម្ពុជា​នៅ​តែ​ឈាន​ទៅ​មុខ​ជា​មួយ​នឹង​សុទិដ្ឋិនិយម​ប្រកប​ដោយ​ការ​ប្រុងប្រយ័ត្ន​»

របាយការណ៍​ខាង​លើ ក៏​ជា​ផ្នែក​មួយ​នៃ​ទស្សនទាន​ក្នុង​ការ​រៀបចំ​ជា​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​របស់​កម្ពុជា ដើម្បី​ឆ្លង​ផុត​ពី​បញ្ជី នៃ​ក្រុម​ប្រទេស​អភិវឌ្ឍន៍​កម្រិត​ទាប (Least-Developed Country) របស់​អង្គការ​សហប្រជាជាតិ នៅ​ឆ្នាំ ២០២៧​។

គេ​បាន​កត់​សម្គាល់​ថា ការ​ងើប​ផុត​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​កម្រិតទាប នឹង​ធ្វើ​អោយ​ប្រសើរ​ឡើង​កិត្យានុភាព​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ និង​ភាព​ទាក់ទាញ​ផ្នែក​វិនិយោគ​របស់​ខ្លួន​។ ប៉ុន្តែ​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ដែរ កម្ពុជា​ក៏​នឹង​បង្កើត​បញ្ហា​ប្រឈម​មួយ​ចំនួន ដូច​ជា​ការ​ថយ​ចុះ​នៃ​លទ្ធភាព​ទទួល​បាន​កម្ចី​សម្បទាន និង​ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​នានា ដល់​វិស័យ​មួយ​ចំនួន ដែល​បាន​រួម​ចំណែក​ដល់​ការ​បង្កើត​ការងារ និង​កំណើន​សេដ្ឋកិច្ច​ខ្ពស់​។

ADB បាន​លើក​ឡើង​បន្ថែម​ថា ដើម្បី​ធ្វើ​ការ​ផ្លាស់ប្ដូរ​ប្រកប​ដោយ​ប្រសិទ្ធភាព ប្រទេស​កម្ពុជា​ត្រូវ​បង្កើន​សមាហរណកម្ម​សេដ្ឋកិច្ច​ទៅ​ក្នុង​ពិភពលោក ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ ដោយ​ផ្ដោត​លើ​ផលិតផល ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់ ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកប​ដោយ​និរន្តរភាព ការ​វិនិយោគ​លើ​ធនធាន​មនុស្ស និង​ពង្រឹង​ការ​កៀរគរ​ធនធាន​វិនិយោគ​ក្នុង​ស្រុក​។

Share.