កសិដ្ឋានវារីវប្បកម្ម Cambodia Fresh Farm គឺ​ជា​កសិដ្ឋានចិញ្ចឹមត្រីទីឡាព្យា ដែល​បាន​អនុវត្ត​តាម​គោលការណ៍​វារីវប្ប​កម្មល្អ និងចិញ្ចឹមលើផ្ទៃដីចំនួន ៤.៥ហិកតា និង​មានស្រះចំនួន២១។ បច្ចុប្បន្ន ផលិត​ផល​ដែល​ក្រុមហ៊ុន ចែកចាយលើទីផ្សារ គឺ​កែ​ច្នៃ​ផល​ចេញ​ពី​កសិដ្ឋានផ្ទាល់ ដើម្បីធានាគុណ ភាព​និង​សុវត្ថិ​ភាព​ជូនអតិថិជនគោលដៅ សហ​គ្រាស​ទិញ​ពូជ​កូន​ត្រីពី Smiling Gecko និង​ទិញ​ចំណី​ពីអ្នក​ចែក​ចាយ​ក្នុងស្រុក។

លោក ចាវ សួស្ដី ម្ចាស់សិប្បកម្ម Cambodia Fresh Farm បានមាន​ប្រសាសន៍ថា៖«​ការកែ​ច្នៃ​សាច់​ត្រី​ទី​ឡា​ព្យា នៅកសិដ្ឋាននេះ​ត្រូវ​បាន​ប្រើ​ប្រាស់បច្ចេកវិទ្យាជប៉ុន ដោយទទួលបាន ជំនួយ​បច្ចេក​ទេស​​ពីទីភ្នាក់​ងារ​សហ​ប្រតិបត្តិ​កា​រ​អន្តរ​ជាតិ​នៃប្រទេសជប៉ុន (JICA)។ សហគ្រាស​បច្ចុប្បន្ន​មាន​បុគ្គលិក​សរុបចំនួន ១៤រូប (ស្រី៤ រូប)។ លើកពី​នេះកសិដ្ឋានវារីវប្បកម្ម ក៏​មានផែនការសហការ​ជាមួយ​វាវីវប្បករផ្សេងៗ​ទៀត​ក្នុង​តំបន់ដើម្បី ពង្រីក​ការ​នាំ​ចេញ ដោយ​យក​កសិដ្ឋាន​របស់​ខ្លួន​ជា​ស្តង់​ដារ​តម្រូវ»។

ក្នុង​នោះ​ដែរក្រុមហ៊ុនមានផលិតផលសំខាន់ៗចំនួ៤ រួមមាន៖

-សាច់ត្រីស្រស់ និងសាច់ត្រីបង្កក៖ សាច់ត្រីទីឡាព្យាស្រស់បង្កកដែលអាចទទួលទានបានភ្លាមៗ និងងាយស្រួលចម្អិន។
-សាច់ត្រីទីឡាព្យាស្ទើរឆ្អិន៖ សាច់ហ្វីឡេត្រីទីឡាព្យា ហាលស្ងួត អាច​ញ៉ាំ​បាន​ភ្លាម​ដោយ​គ្រាន់​តែ​កំដៅ ។
-ត្រីបំពងណាន់ហ្គុឃីដៃ៖ សាច់ត្រីទីឡាព្យាអត់ស្បែក អត់ឆ្អឹង បំពងស្រួយជាមួយម្សៅនំប៉័ង។ អាចប្រើប្រាស់ជាអាហារសម្រន់ ស្នូលសន វិច បឺហ្គ័រសាច់ ជាដើម។
-ត្រីឆ្អើរ៖ ញ៉ាំបានភ្លាម ត្រីឆ្អើរទីឡាព្យាមានរសជាតិកាន់តែឆ្ងាញ់ដោយបន្ថែមម្រេច គ្រប់មុខ គ្រប់រសជាតិ។

ផលិតផលទាំងនេះមានតម្លៃជាមធ្យមចន្លោះពី ២ដុល្លារ ដល់ ៦,៥០ដុល្លារក្នុងមួយកញ្ចប់ ដែល​មាន​ទម្ងន់​ចន្លោះ​ពី ១០០ក្រាមទៅ ៣៥០ក្រាម។ ក្រុមហ៊ុនប្រើប្រាស់ត្រីរបស់កសិដ្ឋានផ្ទាល់ដើម្បីផលិត ក្នុង​គោលដៅធានាគុណភាព និងសុវត្ថិភាពរបស់ផលិតផល។ អតិថិជនអាចរកជាវផលិត ផល​ទាំង​នេះ​នៅតាមផ្សារទំនើបចំនួន ១០កន្លែង និងភោជនីយដ្ឋានចំនួន ១០កន្លែងផ្សេងទៀត ខណៈ​ដែល​ការ​បញ្ជា​ទិញ​កំពុង​មាន​ការកើនឡើងផងដែរ។

លោក ចាវ សួស្ដី ​មាន​ប្រសាសន៍បន្ថែម​​ថា៖«​កិច្ច​គាំ​ទ្រ​របស់​គម្រោង CAPFISH នេះ​ដែល​ខ្ញុំ​បាន​ទទួល​នូវ​ចំណេះ​ដឹង​ជា​ច្រើន​ កាល​ពី​មុន​ខ្ញុំ​គ្រាន់​តែ​ផលិត​ធ្វើ​យ៉ាង​ណាដើម្បី​ឲ្យ​មាន​គុណ​ភាព​ល្អ នាំ​ចេញ​ទៅ​កាន់​ភោជនីដ្ឋាន ឬក៏​ផ្សារ​ទំនើប​ធ្មតា ប៉ុន្តែ​ដោយ​មាន​ការ​ជ្រោម​ជ្រែង​ពី​សំណាក់​​រដ្ឋ​បាល​ជលផល និង​អង្គការ UNIDOធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ យល់​ពី​សុវត្តិភាព​ចំណី​អាហារ ពិសេស​ខ្ញុំ​កំពុង​មាន​ក្ដី​ស្រមៃ​ថា​នឹង​នាំ​ចេញត្រីទីឡាព្យានេះ​ទៅ​កាន់​ទី​ផ្សារ​បរទេស​»។

​លោក ចាវ សួស្ដី បាន​បន្ថែម​ថា៖«ចំពោះ​ការ​នាំ​ចេញ​គឺជួនកាល​វាទាំង​មូលគឺ​វា​ធម្មតា​ដូច​តែ​គេ​ ដូច​នេះ​កសិដ្ឋាន​របស់​ខ្លោកត្រូវ​កែច្នៃចេញ​ជា​បន្ទះ​សាច់មានស្បែក ឬអត់​ស្បែក និង​ម្ស៉ៅ ទើ​បាន​នាំ​ចេញ។ លោកបាន​ដាក់​ក្ដី​សង្ឃឹម​១០០% សម្រាប់​នៅ​ឆ្នាំ២០២៤ខាង​មុខ​នេះ​ នឹង​អាច​នាំ​ចេញ​សាច់​ត្រីទីឡាព្យាទៅ​កាន់​ទី​ផ្សារ​អ៊ឺរ៉ុប​បាន​ ដោយ​សារ​លោក​បាន​ដើរ​តាម​ការ​ណែនាំ​របស់​​​អង្គការ UNIDO និងមាន​ការបង្រៀន​បន្ថែម​ពី​រដ្ឋបាលជលផល ក្រោម​ការ​គ្រប់​គ្រង់​បាន​យ៉ាង​ច្បាស់​លស់​ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»។​​​

សូមបញ្ជាក់ថា ក្នុងចំណោមសហគ្រាសទាំង ២៨ ដែល​គាំទ្រ​ដោយ​កម្មវិធី​គាំទ្រ​សហគ្រាស​ជល​ផល​ខ្នាត​តូច​និង​មធ្យម (VCIS) មានតែសហគ្រាសនេះមួយទេដែលពុំបានរៀបចំគម្រោងសំណេ អាជីវកម្ម ហើយ​សុំ​ការ​គាំទ្រ​តែផ្នែកបច្ចេកទេស ។ បច្ចុប្បន្នកំពុងរៀបចំពាក្យស្នើសុំសម្ភារ បរិក្ខា​បន្ថែម​សម្រាប់​បំពេញ​តាម​លក្ខខណ្ឌ័​តម្រូវ​ស្តង់ដារ ប្រទេសជប៉ុន ។

តាមរយៈកិច្ចគាំទ្រពីគម្រោង CAPFISH សហគ្រាស Cambodia Fresh Farm រំពឹង​ថា​នឹង​ទទួល​បាន​វិញ្ញា​បនប័ត្រ HACCP និងពង្រីកចំណែក ទីផ្សារក្នុងស្រុក អាច​នាំ​ចេញ​ផលិត​ផល​ទៅ​កាន់​ទីផ្សារ​ប្រទេស​ជប៉ុន និងសហភាពអឺរ៉ុប ក៏ដូចជាទីផ្សារក្រៅស្រុកផ្សេងទៀត។ គម្រូ​ល្អ​របស់ Cambodia Fresh Farm លើក​ទឹក​ចិត្ត​និង​ផ្ដល់​អត្ថ​ប្រយោជន៍​ឱ្យ​កសិដ្ឋាន​វា​រីវប្បកម្ម​ជិត​ខាង​ទទួល​យក​និង​ជំរុញ​ការ​អនុវត្ត​អនាម័យល្អ។​

ក្រុមហ៊ុន Rainbow Progress Enterprises Co., Ltd បានបង្កើតកសិដ្ឋានវារីវប្បកម្ម ដែល​មាន​ឈ្មោះ​ថា Cambodia Fresh Farm នៅឆ្នាំ ២០១៧។ កសិដ្ឋានវារីវប្បកម្ម មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្រុក​ពញាឭ ខេត្ត​កណ្ដាល វាជាទីកន្លែង​ចិញ្ចឹមត្រី ទីឡា​ព្យា​សម្រាប់​យក​សាច់ បរិមាណនៃការលក់ក្នុង​ ១ខែ មាន​ទំហំត្រីទីឡាព្យាស្រស់ពី៤០០-៥០០ សម្រាប់​ផ្គត់ផ្គង់ ចូល​ទីផ្សារ​ទំ​នើប ភោជនីយដ្ឋាន និង​នាំ​ចេញ​ទៅកាន់ទីផ្សារអន្តរជាតិ។ សម្រាប់​ព័ត៌មានទំនាក់ទំនងCambodia Fresh Farm ៖ លោក ចាវ សួស្តី លេខទំនាក់ទំនង៖ ០៧៦ ៣៣ ៧៧៧៧៣/០៨៨ ៣៣៧៧៧៧៣៕

Share.