«ដំណើរទស្សនកិច្ចសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិន ដោយសម្រេចបានសមិទ្ធផលជាក់ស្ដែងថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ និងប្រជាជន»។ នេះជាសំណងជើងដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរំលេចក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ភ្លាមៗក្រោយសម្ដេចធិបតី ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍ពីទីក្រុងប៉េកាំង បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងក្របខ័ណ្ឌនៃទស្សនកិច្ចផ្លូវការ សម្ដេចធិបតី បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេស ឯកឧត្ត​ម​ ស៊ី ជីនពីង ប្រធានាធិបតី និង ឯកឧត្តម លី ឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន។ សម្ដេច​ធិបតី បានជម្រាបថ្នាក់ដឹកនាំកំពូលៗចិនអំពីការផ្ដាំផ្ញើនូវក្ដីនឹករលឹកពី សម្ដេចតេជោ ជូន ឯកឧត្តមប្រធា​នាធិបតី និងថ្នាក់ដឹកនាំកំពូលៗចិនផង​ដែរ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចធិបតី ក៏បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនចិន សម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយប្រកបដោយមិត្តភាព ជាពិសេស​ការជំរុញ និងអនុវត្តនូវកិច្ចព្រមព្រៀងទាំង​ឡាយ​ដែលរួមចំណែកធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពខ្ពស់ក្នុងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។

ក្នុងជំនួបទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្រ្តីចិន សម្ដេចធិបតី បានស្នើសមភាគីចិនពិនិត្យពិចារណាគម្រោងពាក់ព័ន្ធនឹងសន្តិសុខថាមពល ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការជំរុញ និងលើកទឹកចិត្តផ្នែកវិនិយោគ ការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ក៏ដូចជាការស្ដារ​ និងជំរុញវិស័យទេសចរណ៍​។ ឯកឧត្តម នាយករដ្ឋមន្ត្រីចិន បានថ្លែងអំណរគុណចំពោះសំណើនេះ ហើយបញ្ជាក់ពីភាពរីករាយក្នុងការបន្តសហការ និងជំរុញអនុវត្តឱ្យចេញជាលទ្ធផល។ នាយករដ្ឋមន្រ្តីទាំងពីរ ក៏បានបន្តអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិ​បត្តិ​ការចំនួន ១៥ ក្នុងនោះក៏មានឯកសារស្ដីពីផែនការសកម្មភាព នៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ និងកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោង​សាងសង់ស្ពានទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) ជាដើម។

​ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចពហុភាគី និងវិស័យឯកជន សម្ដេចធិបតី បានទទួលជួបប្រធានក្រុមហ៊ុនចិនធំៗកម្រិតអន្តរជាតិ រួមមានក្រុមហ៊ុន SINOMACH Heavy Equipment Group ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ក្រុមហ៊ុន China Huaneng Group និងក្រុមហ៊ុន Huawei Technology Co., Ltd។ ក្រៅពីនេះ សម្ដេចធិបតី ​បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ សហគ្រាសឧស្សា​ហ​កម្ម និងពាណិជ្ជកម្មកម្ពុជា-ចិន។ ប្រធានក្រុមហ៊ុនចិនកម្រិតអន្តរជាតិ បានបង្ហាញការគាំទ្រចំពោះការដឹកនាំរបស់ សម្ដេចធិបតី  និងបានបញ្ជាក់អំពីការត្រៀមខ្លួនពង្រីកនូវគម្រោងវិនិយោគថ្មីៗបន្ថែមទៀត នៅកម្ពុជា។ សម្ដេចធិបតី បានស្វាគមន៍ និងបញ្ជាក់ពីការត្រៀមគាំទ្រ និងសម្របសម្រួលជូនវិនិយោគិនចិន មកសិក្សាស្វែងយល់ពីសក្ដានុពលវិនិយោគ នៅកម្ពុជា។

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការ សម្ដេចធិបតី ក៏បានបន្តដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមក្នុងពិធីបើកពិព័រណ៍អាស៊ាន-ចិន និងកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់លើកទី៣ (RCEP) នៅទីក្រុងណាននីង ខេត្តក្វាងស៊ី។ ភាគីចិន និង កម្ពុជា ក៏បានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ខិតខំបន្ថែមទៀតក្នុងការជំរុញអភិវឌ្ឍវិស័យ​ទេសចរណ៍ ការបង្កើនជើងហោះហើរត្រង់ ព្រមទាំងពិនិត្យលទ្ធភាពពន្លឿន​ដំណើរការរៀបចំនីតិវិធីចុះអនុស្សរណៈ នៃកិច្ចសហ​ប្រតិបត្តិការរួមគ្នា ស្ដីពី​​ការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន ដែលផ្តោតការយកចិត្តទុក​ដាក់លើសេដ្ឋកិច្ចឌីជីថល និងកសិកម្មវៃឆ្លាត​។

នាពិធីបើកពិព័រណ៍អាស៊ាន-ចិន លើកទី២០ ក្រោមមូលបទ «រួមគ្នាកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុម និងវាសនាតែមួយ»  សម្ដេចនាយករដ្ឋមន្រ្តី បានអញ្ជើញថ្លែងសុន្ទរកថាដោយគូសបញ្ជាក់ថាកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន គឺជាតួអង្គដ៏សំខាន់ក្នុងការបង្ហាញឧទាហរណ៍ដល់ពិភពលោកអំពីផលប្រយោជន៍កើតចេញពីការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដោយមិនទោរទន់ទៅរកនិន្នាការគាំពារនិយម ឯកតោភាគីនិយម ឬគំនិតជាតិនិយមសេដ្ឋកិច្ច។ សម្ដេចធិបតី ក៏បង្ហាញការប្ដេជ្ញាបន្តប្រឹងប្រែងកែល​ម្អបរិយា​កាស​ធុរកិច្ច និងការវិនិយោគ តាមរយៈការកាត់បន្ថយចំណាយធុរកិច្ច និងបង្កើនប្រសិទ្ធភាព នៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក ក្នុងគោលបំណងដើម្បីលើកកម្ពស់ផលិតភាព ឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិនពីគ្រប់មជ្ឈដ្ឋាន។

បន្ទាប់មក សម្ដេចធិបតី បានអនុញ្ញាតឱ្យ ឯកឧត្តម ឡាន ធា​នលី  អភិបាល នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ចូលជួបសម្ដែងការគួរសម ដោយនៅក្នុងជំនួបនោះ សម្ដេចធិបតី បានស្នើ ឯកឧត្តមអភិបាល ជួយគាំទ្រ និងជំរុញការអនុវត្តកិច្ចសហប្រតិ​បត្តិ​​ការដែល សម្ដេចធិបតី បានឯកភាពជាមួយ ឯកឧត្តម លេខាបក្សតំបន់​ស្វយ័តជនជាតិជាំងក្វាង​ស៊ី។ ជាការឆ្លើយតប ឯកឧត្តម ឡាន ធា​នលី បានសន្យាជំរុញ និងគាំទ្រ​​ឱ្យ​ កិច្ចសហប្រតិបត្តិការទាំងនោះចេញជាផ្លែផ្កា ជាពិសេសការបង្កើនជើងហោះហើរត្រង់រវាងកម្ពុជា និងក្វាងស៊ី។

សម្រាប់កិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់លើកទី៣ (RCEP) សម្ដេចធិបតី បានអញ្ជើញថ្លែងសុន្ទរកថាដោយចាត់ទុកក្របខ័ណ្ឌតំបន់ RCEP ថានៅតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបំផុតលើពិភពលោក ដែលមានលក្ខណៈទំនើប រស់រវើក គ្រប់ជ្រុងជ្រោយ និងមានគុណភាពខ្ពស់។ សម្ដេចធិបតី បានសង្កត់ធ្ងន់ពីសារៈសំខាន់របស់ RCEP ក្នុងការពង្រឹងទំនុកចិត្តលើប្រព័ន្ធពាណិជ្ជ​​កម្មពហុភាគី ការស្តារ​សេដ្ឋកិច្ចឡើងវិញក្រោយ​​វិបត្តិ និងការជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

លទ្ធផលជាក់ស្ដែងដូចបានសង្ខេបជូនខាងលើនេះ គឺជាសមិទ្ធផលដ៏ធំធេង​ដែលរាជរដ្ឋាភិបាលកម្ពុជា ​ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចបានជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរ ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់សាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីជោគជ័យដ៏ធំធេង​ដែលកម្ពុជាទើបទទួលបាន​នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ​និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា កាលពីពេលថ្មីៗនេះ៕

Share.