ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា បានណែនាំសមត្ថកិច្ចតាមព្រំដែនទាំងអស់​ លុបបំបាត់បាតុភាពអសកម្មដែលបង្កការលំបាកដល់ពលករខ្មែរ រាល់ពេលធ្វើដំណើរចេញ-ចូល។ ការណែនាំនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចជាលើកដំបូង នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ថ្លែងទៅកាន់អង្គប្រជុំដែលរួមមានទាំងអភិបាលខេត្តព្រំដែន ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានសង្កត់ឱ្យចេញការណែនាំ និងតាមដានការអនុវត្តឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាឱ្យសមត្ថកិច្ចតាមច្រកទ្វារព្រំដែន កែប្រែឥរិយាបថបំពេញការងារ។ ឯកឧត្តមបានណែនាំអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងអភិបាលខេត្តជាប់ព្រំដែន ធ្វើការជាមួយភាគីថៃ ដើម្បីសម្រួលដំណើររបស់ពលករចំណាកស្រុក ព្រោះកន្លងទៅមានការរិះគន់ជាបុគ្គល ពាក់ព័ន្ធការទទួលកម្រៃក្រៅផ្លូវការពីពលករ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីបញ្ជាក់ថា គណៈកម្មការចំពោះកិច្ច នឹងបង្កើតយន្ដការពិនិត្យមួយពីថ្នាក់ជាតិដើម្បីចុះត្រួតពិនិត្យតាមច្រកទ្វារព្រំដែន ហើយទទួលយកបញ្ហាកង្វល់ និងដាក់ចេញវិធានការដោះស្រាយ។ លើសពីនេះ ឯកឧត្តមបានណែនាំឱ្យបង្កើតប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍មួយផងដែរ (Hotline) និងបណ្ដាញទំនាក់ទំនងសង្គម ដើម្បីពលករទាំងអស់អាចមានមធ្យោបាយរាយការណ៍មកថ្នាក់ជាតិ ទប់ស្កាត់រាល់បាតុភាពនានា៕

Share.