សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសជំរុញលើកទឹកចិត្តឱ្យពលរដ្ឋទាំងទីក្រុង និងជនបទ ពិចារណាបង្កើនចំនួនកូនក្នុងគ្រួសារឱ្យបានលើសពី៣នាក់ ជាពិសេសសម្រាប់គ្រួសារដែលមានប្ដីប្រពន្ធពេញកម្លាំង និងមានលទ្ធភាព។ ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីសម្ដេចទទួលរបាយការណ៍មួយពីក្រសួងផែនការ ដែលអះអាងថាអាត្រាមនុស្សចាស់នៅកម្ពុជានឹងមានកំណើននៅឆ្នាំ២០៥០ ដ្បិតបច្ចុប្បន្នពលរដ្ឋនៅតំបន់ទីក្រុងមានអត្រាយកកូនក្រោម២នាក់ ឬគិតជាមធ្យម១កន្លះ។

ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋជាកម្មករ កម្មការិនី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី បានមានប្រសាសន៍ថា«ក្រសួងផែនការបានរាយការណ៍ថាតាមការព្យាករណ៍ ប្រទេសកម្ពុជាយើងនឹងក្លាយជាប្រទេសមនុស្សចាស់នៅឆ្នាំ២០៥០។ ខ្ញុំថានៅតែ២៧ឆ្នាំទៀតទេ ហើយ២០៥០ ជាឆ្នាំយើងដាក់គោលដៅក្លាយជាប្រទេសអ្នកមាន។ អ៊ីចឹងកុំឱ្យដល់ពេលហ្នុងកុំឱ្យពលរដ្ឋយើងមានចាស់ច្រើនជាងក្មេង។ ត្រូវពិនិត្យទិន្នន័យឡើងវិញ ហើយបើវាប្រាកដប្រជា យើងត្រូវគិតគូពីក្របខណ្ឌគោលនយោបាយប្រជាសាស្រ្តឡើងវិញ»។

សម្ដេចបញ្ជាក់ថាក្នុងរយៈពេល២៧ឆ្នាំខាងមុខ មិនមែនជាពេលវេលាយូទេ ហើយកម្ពុជាត្រូវការធានាកម្លាំងពលកកម្មពេញកម្លាំង ទើបអាចរក្សាស្ថានភាពរីកចម្រើនបានទៅមុខយូរឆ្នាំ។ ពីវេទិកាអធិបតីនោះដែរ សម្ដេចធិបតី ក៏បានរម្លឹកពីករណីកំណើនមនុស្សចាស់នៅប្រទេសចិន សង្ហបុរី ជប៉ុន ជាដើម។ សម្ដេចបញ្ជាក់ថាប្រសិនបើត្រូវបង្កើនចំនួនប្រជាជន គឺត្រូវចាប់ផ្ដើមពីពេលនេះទៅ ដោយមិនរង់ចាំឆ្នាំ២០៥០នោះទេ ពីព្រោះនៅឆ្នាំនោះ សម្ដេចជឿថាពលរដ្ឋនឹងកាន់តែបន្ថយអត្រាយកកូនច្រើន ទោះបីជារដ្ឋមានគោលនយោបាយលើក។

សូមបញ្ជាក់ថាសម្ដេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ធ្លាប់បាន​លើក​ទឹក​ចិត្តឱ្យ​ប្រជា​ពល​រដ្ឋ​​​យក​កូន​​ជា​មធ្យម​៥នាក់​ ក្នុង​មួយគ្រួសារ​ ដើម្បី​​អាច​ធ្វើឱ្យ​ចំនួន​ប្រជា​ពល​ដ្ឋ​កម្ពុជា​​កើ​ន​​ឡើង​ទ្វេដងដល់​ជាង៣២លា​ន​​នាក់ ដោយ​សារ​ទឹក​ដី​កម្ពុជា​នៅ​ធំ។ សម្ដេចបញ្ជាក់ថាប្រទេសមួយ​ចំនួ​ន ​នៅលើ​ពិភព​លោក​​គេ​ចាប់ផ្តើម​ភ័យ​ពី​រឿង​ការ​មិន​មាន​កំណើន​ចំនួន​ប្រជាជនជាពិសេស​ប្រទេ​ស​ដែលមាន​សេដ្ឋកិច្ច​ជីវភាព​រស់​នៅ​រីកលូតលាស់ ​ធ្វើ​ឲ្យ​មនុស្ស មួយ​ចំនួនមិន​ចង់​បានកូន​​ដោ​យ​​​សារតែ​ពួកគេ​រវល់​ប្រកប​ការងារ៕

Share.