សិប្បកម្ម សំណាង សុធា គឺ​ទី​កន្លែងកែច្នៃត្រីមួយ​កន្លែង​ស្ថិត​នៅក្រុមទី៧ ភូមិអារញ្ញ សង្កាត់/ក្រុង សៀមរាប ខេត្តសៀមរាប ក្នុងមួយខែ សិប្បកម្ម​អាច​ផលិតត្រីងៀត បានជាមធ្យមចំនួន ២តោន។ ផលិតផលមានតម្លៃចាប់ពី ៦-១៥ដុល្លា​/គីឡូ​ក្រាម។ សិប្បកម្មកែច្នៃត្រី មាន​លទ្ធផល​អាច​ផ្គត់ផ្គង់ទីផ្សារ​ក្នុង​ស្រុក​មួយ​ចំនួន និងអាចនាំចេញទៅក្រៅប្រទេសបាន​ថែម​ទៀតផង។​

លោក យន់ សំណាង ម្ចាស់សិប្បកម្មកែច្នៃត្រីងៀត សំណាង សុធា បាន​មានប្រសាសន៍ថា៖«ខ្ញុំ​ប្រក​បរបរ​រកស៊ីនៅក្នុងខេត្តសៀមរាប អស់​រយៈ​កាល​ប្រមា​ណ​ជិត ២០ឆ្នាំមកគិត​ចាប់​តាំង​ពី​ឆ្នាំ២០០៣ ដោយ​ផលិត​និង​ផ្គត់ផ្គង់ត្រីងៀត ត្រីប្រឡាក់ ប្រហុក ​គ្រឿងទេស និង​ផលិត​ផល​ត្រីកែ​ច្នៃ​ផ្សេង​ទៀត សម្រាប់​ទីផ្សារ​ខេត្តសៀមរាប រាជធានីភ្នំពេញ និង​ខេត្ត​ក្បែរ​ៗ​នេះ»។

លោកបាន​​បន្តថា៖ នៅឆ្នាំ២០០៥ ដោយមានការណែនាំពីអង្គការមួយមកជួយបង្រៀនពីអនាម័យ ដើម្បីឲ្យចេះកែលំម្អការ​កែរ​ច្នៃ​ត្រីងៀត ឲ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ជា​មួយ​មួយ​កម្រិតរហូត​ដល់​ឆ្នាំ២០២១ លោក​បាន​ដាក់ពាក្យស្នើ​សុំ​ការ​គាំទ្រ​ពី​គម្រោង CAPFishCapture រហូត​ទទួល​បាន​យល់​ ពេលចូលគម្រោងនេះលោកមិនដែលគិតថា បានទទួលលិខិត​បញ្ជាក់ CQS ពេញ​លេញ​នោះទេ ប៉ុន្តែសិប្បកម្មគិតពីគុណភាព សុវត្ថិភាព​អតិថិជនជាចំបង​​​​ផ្ដោត​ទៅ​លើ​គុណភាព សុវត្ថិភាព​ និង​ការ​វិច​ខ្ចប់​លើ​ចំណីអាហារ​។

ម្ចាស់​សិប្បកម្ម​រូប​នេះបញ្ជាក់​ថា៖ ​«រហូត​មក​ដល់​ពេល​នេះ មាន​​អតិថិជនគាំ​ទ្រ​ច្រើន និង​ទទូល​បាន​ការទទួលស្គាល់ពីគុណភាពផលិតផល ដោយ​ផលិត​ផល​ទាំងនេះ ត្រូវ​បាន​ឈ្មួញ​កណ្ដាល​នាំ​ចេញ ក្រៅផ្លូវការទៅកាន់ប្រទេសកូរ៉េខាងត្បូង សហ​រដ្ឋអាមេរិក ណូវែល​ហ្សេឡង់ និងអូស្ត្រាលី ដែល​មានសហគមន៍ជនជាតិខ្មែរកំពុងរស់នៅ»។

លោក យន់ សំណាង បាន​បន្ថែម​ថា៖ «សិប្បកម្មរបស់​លោក​ក៏ផ្គត់​ផ្គង់​ផលិត​ផល​ពាក់​កណ្ដាល​សម្រេច​ទៅឱ្យសហគ្រាសកែច្នៃ​ផលិត​ផល​ផល​ផ្សេងទៀតនៅក្នុងខេត្តសៀមរាប ភ្នំពេញ និង​សហគ្រាស ដែល​ទទួលបាន​ការ​គាំទ្រ​ពី​កម្មវិធី VCIS។ ត្រីងៀត និងត្រីប្រឡាក់ គឺជាផលិតផល ចម្បង​របស់​សិប្បកម្ម​ដោយ​ប្រើប្រាស់​ត្រី​ច្រើន​ប្រភេទ​ខុសៗ រួមមាន ត្រីរ៉ស់ ត្រីឌៀប ត្រីប្រា និងត្រីអណ្តែងជាដើម»។

លោក​បាន​បញ្ជាក់ថា ការរៀបចំ និងអនាម័យនៅទីតាំងសិប្បកម្មនេះ ត្រូវបានរៀបចំយ៉ាងល្អ ប៉ុន្តែ​កង្វះ​ខាត​សម្ភារៈ បរិក្ខារ​មួយ​ចំនួនដូចជាទូបង្កក ទូលាងសម្អាតដៃ ប្រព័ន្ធទឹកស្អាត បន្ទប់ វេចខ្ចប់ និង​បិត​ផ្លាក​សញ្ញា នៅ​តែ​ជាបញ្ហាប្រឈម។ កំណត់ត្រាអាជីវកម្ម ចំណេះដឹង​ស្តីពី​ការអនុវត្ត​សុវត្ថិ​ភាព​ម្ហូបអាហារ ចាំ​បាច់​ត្រូវ​ពង្រឹង​បន្ថែមក្នុងការធ្វើទីផ្សារ ផលិតផល​ខ្លួន​ចូល​ទៅ​កាន់​ទីផ្សារ​ក្នុង​ស្រុក​ដែល​មាន​តម្លៃ​ខ្ពស់ ក៏​ដូច​ជា​បម្រើ​ឱ្យការនាំចេញ។

កិច្ចគាំទរបស់គម្រោង CAPFish ដល់សហគ្រាសតាមរយៈ​កម្មវិធី​ពន្លឿន​របស់​កម្មវិធី​គាំទ្រ​សហ​គ្រាស​ជល​ផលខ្នាតតូច និងមធ្យម (VCIS-FTS) គម្រោង​បាន​ផ្ដល់​ការ​គាំទ្រ​បច្ចេក​ទេស​លើ​ការ​រៀប​ចំអភិវឌ្ឍន៍អាជីវ កម្ម ការផ្សព្វផ្សាយនិងផ្សារភ្ជាប់ទីផ្សារ ស្លាកសញ្ញានិងការវេចខ្ចប់ ការ​ធ្វើ​តេស្ត​គុណ​ភាព​ផលិតផល និងបណ្តុះបណ្តាលដល់បុគ្គលិកស្តីពីប្រព័ន្ធវិញ្ញាបនប័ត្រ CQS ។

ប្រព័ន្ធវិញ្ញាបនបត្រ CQS គឺជា​ការ​ជួយបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុង​ការ​លើក កម្ពស់​សុវត្ថិភាពម្ហូបអាហារសម្រាប់មនុស្សគ្រប់រូប និងពង្រីកទីផ្សារនាំចេញ។ ប្រព័ន្ធ​វិញ្ញា​បន​បត្រCQS ជាកាបោះជំហានទៅ​មុខ​ដ៏សំខាន់​មួយ​របស់​កម្ពុជា​ក្នុង​កា​ប្រែក្លាយ​ខ្លួន​ទៅជាជើង​ក្នុង​កា​អនុ​លោម​តាមលក្ខខណ្ឌតម្រូវនៃសុវត្ថិភាព​ម្ហូបអាហារ និងកាងារ​នេសាទ​ប្រកប​ដោយ​និរន្តភាព​ដែល​ផ្តល់​អត្ថប្រយោជន៍បន្តដល់អ្នកប្រើប្រាស់​ក្នុងស្រុក និង​ពាណិជ្ជកម្ម​ជា​លក្ខណៈ​អន្តរ​ជាតិ​ផង​ដែរ។

ក្រោម​ការ​គ្រប់​គ្រង​របស់​លោក យន់ សំណាង សិប្បកម្មកែច្នៃត្រី សំណាង សុធា គឺ​​ម្ចាស់​អាជីវកម្ម ដែល​អាច​ផលិត​ត្រីងៀត ត្រីប្រឡាក់ ត្រីឆ្អើរ និងប្រហុក ចំពោះ​ត្រីងៀត អាច​មាន​លទ្ធភាព​ផលិត​បាន​ ២តោនក្នុងមួយខែ។ បច្ចុប្បន្នសិប្បកម្ម មាន​បុគ្គលិក​ចំនួន ១២នាក់​​ (ស្រី ៦នាក់) សម្រាប់​ដៃគូអាជីវកម្ម​​មាន អាជីវករលក់ត្រីស្រស់ និង​អ្នក​ប្រមូល​ទិញ លេខទូរសព័ទំនាក់ទំនង៖ ០៩២ ២៦១ ២៤០៕

Share.