យោង​តាម​ការ​ប្រកាស​របស់​ផេក​ហ្វេសប៊ុក​​ Universe Pageant , Cambodia International Models និង​ Missosology Cambodia ដែល​ជា​ផេក​គាំទ្រ​និង​ជួយ​ផ្សព្វផ្សាយ​​វេទិកា​ប្រកួត​ស្រី​ស្អាត​​របស់​ប្រទេស​កម្ពុជា​បាន​ចេញ​មក​​ប្រកាស​ឱ្យ​ដឹង​ថា​​ អតីត​តួ​​ឯក​ស្រី​សាច់​ស​ខ្ចី​ស្អាត​ ​ពី​បទ​ចម្រៀង​ល្បី​របស់​លោក​ កែវ វាសនា​ «ស្រី​ក្បត់​ចិត្ត​ហ៊ា​» នឹង​ចូលរួម​ជា​បេក្ខភាព​មួយ​​រូប​ក្នុង​ការ​​ប្រកួតកញ្ញា​ឯក​ចក្រវាឡ​កម្ពុ​ជា​ឆ្នាំ​២០២១​នេះ​។​

តួ​ឯក​ស្រី​បទ​ចម្រៀង​ល្បី​ «ស្រី​ក្បត់​ចិត្ត​ហ៊ា​» ​របស់​លោក​ កែវ វាសនា​ និង​ «ហ៊ា​ចេះ​តែ​ចោទ​» របស់​កញ្ញា​ លីន​ដា​ ​មាន​ឈ្មោះ​ពិត​ ពេជ្រ​ សុវណ្ណវិជ្ជរ៉ា​ បច្ចុប្បន្ន​មាន​អាយុ​​ ២៤​ឆ្នាំ​ មាន​កម្ពុជា​ ១.៦៨ ម៉ែត្រ​ ​ជា​និស្សិត​ឆ្នាំ​ទី​២ ​​សិក្សា​នៅ​សកលវិទ្យាល័័យ​ National University of Management (NUM)​ ផ្នែក​ Business។ ​កញ្ញា​ សុវណ្ណវិជ្ជរ៉ា​ មិន​ត្រឹម​តែ​មាន​មុខ​មាត់​ស្អាត​ប៉ុណ្ណោះ​ទេ តែ​កញ្ញា​មាន​សមត្ថភាព​អាច​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ​ ជា​ពិសេស​កញ្ញា​ធ្លាប់​ជា​បវរកញ្ញា​ឯក​ទេសចរណ៍​ឆ្នាំ​២០០៨​ ផង​ដែរ​។​ សម្រាប់​អ្នក​ដែល​ចាប់​អារម្មណ៍​និង​ពេញ​ចិត្ត​ចង់​តាម​ដាន​កញ្ញា​អាច​ចូល​ទៅ​ Add Friend ជាមួយ​កញ្ញា​ឬ​ទៅ​តាម​ Follow កញ្ញា​ តាម​រយៈ​ FB ដែល​មាន​ឈ្មោះ​ថា​ Moon Queenie ។

បើ​តាម​​ការ​ឆ្លើយតប​របស់ ពេជ្រ​ សុវណ្ណវិជ្ជរ៉ា តាម​រយៈ​សារ​អេឡិច​ត្រូនិច​ ​​ប្អូន​ស្រី​​មាន​បំណង​ចង់​​ប្រកួត​កម្មវិធី​ Miss Universe Cambodia នេះ​ជា​យូរ​ណាស់​មក​ហើយ​ប៉ុន្តែ​ដោយ​កន្លងៗ​មក​ប្អូន​ស្រី​​ជាប់​បំពេញ​កិច្ច​ការងារ​និង​រៀន​ផង​ម្យ៉ាង​មិន​ទាន់​បាន​ត្រៀុម​លក្ខណៈ​បាន​គ្រប់​គ្រាន់​ផង​។

រហូត​ឈាន​មកដល់​ឆ្នាំ​២០២១​នេះ​ ប្អូន​ស្រី​ បាន​ត្រៀម​លក្ខណៈ​រួច​រាល់​ទាំង​ទៅ​លើ​ការ​ហ្វឹកហាត់​ដើរ​ ការ​ឆ្លើយ​សំនួរ​ Q&A ធ្វើ​ឱ្យ​ប្អូន​មាន​ជំនឿ​ចិត្ត​ថា​ប្អូន​បាន​ត្រៀម​លក្ខណៈ​គ្រប់​គ្រាន់​ហើយ​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​វេទិកា​មួយ​នេះ​។ ប្អូន​ស្រី​បាន​ឱ្យ​ដឹង​បន្ថែម​ដែរ​ថា​ការ​ដែល​ប្អូន​ចូលរួម​ប្រកួត​គឺ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​អ្នកម្ដាយ​និង​ប្អូន​ស្រី​ ម្យ៉ាង​វិញ​ទៀត​ប្អូន​ស្រី​ក៏​ចង់​យក​ឱកាស​នេះ​បើ​សិន​ជា​ប្អូន​បាន​ជាប់​ជា​កញ្ញា​ឯក​ចក្រវាឡ​ ប្អូន​នឹង​មាន​ឱកាស​បាន​នាំ​យក​សិល្បៈ​ វប្បធម៌​ របស់​ព្រះរាជាណាចក្រ​កម្ពុជា​​ទៅ​បង្អួត​ខ្សែ​ភ្នែក​ពិភពលោក​ ដើម្បី​ឱ្យ​បរទេស​ដឹង​ថា​កម្ពុជា​មាន​ វប្បធម៌ អារ្យធម៌​ខ្ពង់​ខ្ពស់​មិន​ចាញ់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ជាមួយ​គ្នា​នោះ​ឡើយ​។​

ថ្វី​ត្បិត​តែ​បេក្ខនារី​ដែល​ចូលរួម​ប្រកួត​​កញ្ញាឯក​ចក្រវាឡ​ (MUC 2021)​ ​សុទ្ធ​តែ​មាន​សមត្ថភាព​ខ្លាំង​ពូកែ​ និង​មាន​រូប​សម្រស់​ស្អាត​ៗ​ ប៉ុន្តែ​យុវតី​ដ៏​ស្រស់​សោភា​រូប​នេះ​មិន​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ណាមួយ​ឡើយ​ព្រោះ​ប្អូន​ស្រី​មាន​ភាព​ជឿជាក់​​យ៉ាង​មុត​មាំ​ទៅ​លើ​សមត្ថភាព​និង​ការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​របស់​ប្អូន​មួយ​រយៈ​កន្លង​មក​នេះ​។

​ចាំ​មើល​តើ​បេក្ខនារី​ដែល​មាន​ដើម​កំណើត​​នៅ​ទីក្រុង​ភ្នំពេញ​រូប​នេះ​អាច​នឹង​សម្រេ​ចក្ដី​ប្រាថ្នា​ក្ដាប់​បាន​តំណែង​ជា​កញ្ញា​ឯក​ចក្រវាឡ​ឆ្នាំ​២០២១ ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​ ចេញ​ទៅ​ប្រកួត​តំណាង​ជាតិ​នៅ​ទឹក​ដី​នៃ​ប្រទេស​អ៊ី​ស្រាអែល​បាន​ឬ​ក៏អត់?​ សម្រាប់​អ្នក​ដែល​ស្រលាញ់​និង​ពេញ​ចិត្ត​អាច​លើកទឹក​ចិត្ត​តាម​រយៈ​ Comment Like និង​ Share រូប​ប្អូន​ស្រី​ឱ្យ​បាន​ច្រើន​ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​​ដល់​ប្អូន​ស្រី​៕

Telegram-Troryorng
Share.