នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបន្តដឹកនាំគណៈប្រតិភូបំពេញបេសកកម្មនៅក្រៅប្រទេសជាលើកទី៣ បន្ទាប់ពីកិច្ចប្រជុំអាស៊ាននៅឥណ្ឌូនេស៊ី និងទស្សនកិច្ចផ្លូវការនៅប្រទេសចិន។ បេសកកម្មលើកទី៣នេះ គឺនៅនៅទីក្រុងញូវយ៉ក។ ទោះមិនពាក់ព័ន្ធនឹងទំនាក់ទំនងរវាងភ្នំពេញ និងវ៉ាស៊ីនតោន ប៉ុន្តែរបៀបវារៈស្ដីពីការវិនយោគកម្ពុជា អាមេរិក នឹងត្រូវលើកឡើង។

សម្តេចមហាធិបតី នឹងចូលរួមកិច្ច ពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ ខែមហាសន្និបាតអង្គការសហប្រជាជាតិ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០០៣ ក្រោមមូលបទ កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញ សកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចិរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងជីភាពសម្រាប់ទាំងអស់គ្នា។

ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ សម្តេចធិបតី នឹងថ្លែងសុន្ទរកថាដោយផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួនបី រួមមាន បរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបដិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ សម្តេចក៏មានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជនបរទេសមួយចំនួនទៀតផងដែរ។

នាអំឡុងពេលនៃកិច្ចប្រជុំខាងលើ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏នឹងញ្ជើញចូលរួមក្នុងកិច្ចសន្ទនាថ្នាក់តំបន់និងអន្តរជាតិ រួមមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចលើកទី១៥ ព្រមទាំងជួបពិភាក្សាទ្វេភាគីដោយឡែកពីគ្នា ជាមួយសមភាគីមកពីបណ្តាប្រទេសនានាផងដែរ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស។

ក្នុងក្របខណ្ឌមហាសន្និបាតអង្គការសហប្រជាជាតិនេះដែរ កាលពីថ្ងៃទី១៩ ខែកញ្ញា នៅទីក្រុងញូវយ៉ក ឯកឧត្តម អ៊ុច បូររិទ្ធ ទេសរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពី លទ្ធផលនៃកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) ក្រោមប្រធានបទ«គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលសម្រាប់គោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)៖ សកម្មភាព និង វឌ្ឍនភាព»។

ឯកឧត្តម អ៊ុច បូររិទ្ធ បានគូសបញ្ជាក់អំពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជានៅក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលទទួលបានការគាំទ្រពីបណ្ដាប្រទេសនិងអង្គការចំនួនប្រមាណជាង ១០០ ក្នុងរយៈពេលត្រឹមតែពីរឆ្នាំ ចាប់តាំង ពីការបង្កើតឡើងមក។ កម្ពុជាមានមោទនភាពដែលបានចូលរួម និងពេញចិត្តចំពោះវឌ្ឍនភាពជាច្រើនរបស់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនេះ។ គោលការណ៍ជាមូលដ្ឋាននៃគំនិតផ្តួចផ្តើមនេះគឺ ផ្តល់អាទិភាពដល់ការអភិវឌ្ឍ ប្រកាន់អភិក្រមយកប្រជាជនជាស្នូល ធានាថាមិនទុកបុគ្គលណាម្នាក់ចោល និងកសាងភាពជាដៃគូអភិវឌ្ឍន៍សកល។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងស្មោះសរជូនចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានដឹកនាំ និងប្តេជ្ញាចិត្តឥតងាករេ គាំទ្រដល់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី  បានសង្កត់ធ្ងន់លើតួនាទីសំខាន់នៃគម្រោងអភិវឌ្ឍន៍នានារបស់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ក្នុងការរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ពោលគឺចក្ខុវិស័យប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម អ៊ុច បូររិទ្ធ បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពរួម និងវិធានការដែលបានដាក់ចេញ   សំដៅដោះស្រាយបញ្ហាប្រឈម  និងពន្លឿនវឌ្ឍនភាព ដោយមិនទុកប្រទេស ឬបុគ្គលណាមួយចោលឡើយ។   ឯកឧត្តមទេសរដ្ឋមន្ត្រី  ក៏បានបង្ហាញពីការត្រៀមខ្លួនជាស្រេចរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូទាំងអស់  ដើម្បីសម្រេចឱ្យ បាននូវសក្តានុពលពេញលេញនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលនឹងបន្តជំរុញការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព  និងអនាគតដ៏ភ្លឺស្វាងសម្រាប់គ្រប់ៗគ្នា៕

Share.