សិល្បៈអន្តរជាតិ៖ Influencer ផ្នែក Lifestyle របស់ប្រទេសឥណ្ឌូណេស៊ី អ្នកនាង Lina Mukherjee ត្រូវបានតុលការរកឃើញថាមានកំហុសពីបទញុះញង់ឱ្យមានការស្អប់ខ្ពើមចំពោះបុគ្គលអ្នកកាន់សាសនានិងក្រុមអ្នកកាន់សាសនា។


អ្នកនាង Mukherjee ដែលត្រូវបានគេស្គាល់ថាជាជនជាតិម៉ូស្លីម ជាសាសនាដែលមានការរឹតបន្តឹងចំពោះការទទួលទានសាច់ជ្រូក។ វីដេអូដែលជាប់ក្នុងបទឧក្រិដ្ឋនោះត្រូវបានអ្នកនាងផុសតាំងពីខែមីនា ដោយក្នុងវីដេអូអ្នកនាងបាននិយាយពាក្យថា «Bismillah» ជាឃ្លាភាសាអារ៉ាប៊ិច ដែលមានន័យថា តំណាងឱ្យព្រះជាម្ចាស់ មុននឹងបរិភោគស្បែកជ្រូកបំពង។
ស្ត្រីរូបនេះកើតនៅក្នុងក្រុង Lina Lutfiawati ហើយបានផ្លាស់ប្ដូរឈ្មោះកំណើតចេញដាក់ឈ្មោះបច្ចុប្បន្នដោយសារតែឈ្លក់វង្វេងនឹងភាពយន្តបូលីវូដរបស់ឥណ្ឌា នេះបើយោងតាមការរាយការណ៍ដោយសារព័ត៌មាន BBC។ តុលាការបានចេញដីការសម្រេចផ្ដន្ទាទោសឱ្យនាងជាប់ពន្ធនាគារចំនួន២៤ខែ (២ឆ្នាំ) ចំពោះករណីផុសរូបភាពវីដេអូដែលបានក្លាយជាវីដេអូពេញនិយមនៅលើ Tiktok។
ក្រៅពីជាប់ពន្ធនាគារហើយនោះអ្នកនាងត្រូវប្រឈមនឹងការបង់ពិន័យចំនួន១៦,០០០ដុល្លារអាមេរិក តែបើសិនជាអ្នកនាងអាចបង់ប្រាក់ពិន័យទាន់ពេលវេលាទេនោះ អ្នកនាងអាចនឹងត្រូវប្រឈមនឹងការបន្ថែមពេលវេលាជាប់ពន្ធនាគារថែមទៀត។ នេះគឺជាករណីចុងក្រោយដែលមានពាក់ព័ន្ធនឹងច្បាប់ប្រមាថសាសនាមានលក្ខណៈធ្ងន់ធ្ងរ ហើយក៏ជាប្រធានបទជជែកវែកញែកដ៏ចម្រូងចម្រាសគ្នា នៅក្នុងប្រទេសឥណ្ឌូណេស៊ីផងដែរ។


ប្រទេសនេះមានប្រជាជនមួយភាគធំគោរពសាសនាម៉ូស្លីម ប៉ុន្តែ Mukherjee នៅពេលនាងបានថតនិងផុសវីដេអូនោះ គឺនាងកំពុងធ្វើដំណើរនៅក្នុងកោះបាលី ជាទីតាំងមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ីដែលមានអ្នកកាន់សាសនា ហិណ្ឌូមួយភាគធំ។ បើតាមសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ការដែលអ្នកនាងបរិភោគសាច់ជ្រូកដោយសារតែនាងមានចម្ងល់។ សម្រាប់ Mukherjee មិនត្រឹមតែជា Influencer មួយមុខនោះទេ តែនាងក៏ជាអ្នកជំនួញដ៏ជោគជ័យមួយរូបនៅឥណ្ឌាផងដែរ បច្ចុប្បន្នអ្នកនាងមានចំនួន Follower នៅលើ Tiktok រហូតដល់ទៅជាង ២លានគណនី។
ក្រោយពេលដែលវីដេអូបរិភោគសាច់ជ្រូករបស់នាងទទួលបានការពេញនិយម ក៏មានពលរដ្ឋបានយកវីដេអូរបស់នាងប្ដឹងទៅសមត្ថកិច្ច។ ប៉ូលិសបានចាប់ឃាត់ខ្លួននាងកាលពីខែមីនា ពីបទបង្កើតឱ្យមានដំណឹងស្អប់ខ្ពើម ខណៈដែលអាជ្ញាធរបានលើកឡើងថាវីដេអូរបស់នាងគឺជាសកម្មភាពមួយបង្កើតឱ្យមានការស្អប់ខ្ពើមគ្នានៅក្នុងសង្គម សាសនា និងជនជាតិ៕
