សិល្បៈអន្តរជាតិ៖ Kenneth Perry ដែលត្រូវបានគេគ្រប់គ្នាស្គាល់ថាជាសា្វមីរបស់ Nicki Minaj ត្រូវបានចាប់ឃុំកំណត់បរិវេណ ក្រោយលោកបានល្មើសនៅក្នុងការបង្ហោះឃ្លីបមួយដែលមានលក្ខណៈគំរាម កំហែងដល់តារាចម្រៀង Offset ស្វាមីរបស់ Cardi B។ សាលាដំបូងក្រុងញូវយ៉កបានចេញសេចក្ដីសម្រេចកាលពីថ្ងៃពុធទី២០ បញ្ជាឱ្យ Kenneth វ័យ៤៥ឆ្នាំ ត្រូវជាប់ឃុំឃាំងនៅក្នុងផ្ទះរយៈពេល១២០ថ្ងៃ ក្រោយលោកបានថតវីដេអូមានលក្ខណៈគំរាមកំហែងចំពោះបុគ្គលជាក់លាក់ ខណៈដែលខ្លួនជាប់ក្នុងបញ្ជីថ្កោលទោស។

ក្រៅពីវីដេអូដែលបញ្ជាក់ពីឈ្មោះពិតរបស់ Offset ហើយនោះ វីដេអូនេះក៏ស្ថិតក្នុងចំនួនសារបន្តកន្ទុយគ្នាដែល Kenneth បានសំដៅដល់ Offset នៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងមកដែរ។ ឃ្លីបដែលវីដេអូនាំរឿងនោះ ត្រូវបានបង្ហោះចែកចាយពេញបណ្ដាញសង្គម បង្ហាញថា Kenneth និងបក្ខពួកជួបជុំគ្នានៅក្រៅសណ្ឋាគារមួយក្នុងក្រុងញូវយ៉កជាកន្លែងដែល Offset កំពុងស្នាក់នៅ។ ក្នុងនោះគេមានឮ Kenneth លើកឡើងថា «រៀបគម្រោងដើរលេង ហើយកុំភ្លេចរៀបគម្រោងធ្វើបុណ្យសពផង»។ មែនទែនទៅ Kenneth Petty ត្រូវបានផ្តន្ទាទោស ឱ្យនៅក្រៅឃុំចំនួន ៣ឆ្នាំរាប់ចាប់តាំងពីខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពី គាត់បានសារភាពកំហុសចំពោះការខកខានក្នុងការចុះឈ្មោះជាជនល្មើសផ្លូវភេទនៅរដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ ២០២០។

ស្វាមីតារាចម្រៀង Nicki Minaj ត្រូវបានតុលាការកាត់ទោសចំពោះការប៉ុនប៉ងរំលោភកម្រិត១ ចំពោះក្មេងស្រីវ័យ១៦ឆ្នាំម្នាក់កាលពីឆ្នាំ១៩៩៥។ លោកបានជាប់ឃុំឃាំងក្នុងពន្ធនាគារចំនួន ៤ឆ្នាំនៅញូវយ៉ក។ ចំណែក Offset ហាក់មិនបានភ័យព្រួយចំពោះការគំរាមនោះឡើយព្រោះលោកបានឆ្លើយតបវិញថា «ខ្ញុំចុះពីយន្តហោះផ្ទាល់ខ្លួន។ គេកំប្លែងណាស់»។ Offset គឺជាអតីតសមាជិកក្រុមចម្រៀង Rap Migos គឺជាស្វាមីរបស់ Carbi អ្នកចម្រៀង Rap ម្ចាស់ពានរង្វាន់ Grammy Award. អ្នកទាំងពីររៀបការកាលពីឆ្នាំ២០១៧ មានកូន២នាក់ ស្រី១ (Kulture) និងប្រុស១ (Wave Set Cephus) ចំណែក Kenneth Petty បានរៀបការជាមួយនឹងតារាចម្រៀង Rap ម្ចាស់ពានរង្វាន់ Grammy នាង Nicki Minaj កាលពីឆ្នាំ២០១៩។ គូស្នេហ៍ទាំងពីរបានស្រលាញ់គ្នាតាំងពីក្មេង ហើយអ្នកទាំងពីរក៏ទទួលបានចំណងដៃកូនប្រុសម្នាក់កាលពីខែកញ្ញាឆ្នាំ២០២០ ផងដែរ។
និយាយដោយឡែកមិនត្រឹមតែភាគីប្រុសៗនោះឡើយដែលមានទំនាស់ ព្រោះរវាង Minaj និង Cardi B ក៏មានទំនាស់គ្នាយូរអង្វែងមកហើយដែរ ដោយសាច់រឿងបានចាប់ផ្ដើមកើតឡើងនៅក្នុងកម្មវិធីជប់លៀង New York Fashion week (Met Gala) កាលពីឆ្នាំ២០១៨។ សាច់រឿងដែលធ្វើឱ្យឈានដល់ការផ្ទុះកំហឹងទប់មិនជាប់ ហើយបង្កឱ្យមានការវាយប្រវាយប្រតប់គ្នាផ្អើលកម្មវិធីនេះ កើតឡើងដោយសារតែភាគី Cardi B បានចោទប្រកាន់ថា Nicki Minaj បាននិយាយរឿងមិនល្អពីនាង ជាពិសេសបានគំរាមមិនឱ្យតារាដទៃធ្វើការងារជាមួយនាង ព្រមទាំងមើលងាយដល់សមត្ថភាពចិញ្ចឹមបីបាច់កូនរបស់នាងក្នុងភាពជាម្ដាយមួយរូបផងដែរ។ ប៉ុន្តែភាគី Nicki Minaj បានចេញមកច្រានចោល និងបដិសេធដាច់អហង្កាថាខ្លួនមិនបានប្រព្រឹត្តិទង្វើដូចការចោទប្រកាន់នោះឡើយ ហើយថែមទាំងបោះសម្ដីទៀតថា «ខ្លួន មិនទៅរវល់រិះគន់ការចិញ្ចឹមកូន ឬនិយាយពីកូនរបស់អ្នកណាគេនោះឡើយ ខ្ញុំអត់ទៅខ្វល់រឿងអ្នកដទៃចិញ្ចឹមកូនទេ»។
ទំនាស់រវាងគ្រួសារអ្នកសិល្បៈល្បីទាំងពីរគ្រួសារនេះទំនងជាមិនអាចផ្សះផ្សារបាននោះឡើយ ព្រោះទាំងភាគីភរិយា និងភាគីស្វាមី ដូចជាមិនអាចរកឃើញចំណុចរួមណាមួយដែលឈានដល់ការបញ្ចប់គំនុំនិងចិត្តចងកំហឹងរបស់ពួកគេបាននោះទេ ព្រោះទោះជាពេលវេលាកន្លងមកយូរយ៉ាងណាក្ដីគេនៅមើលឃើញថារវាងអ្នកទាំង៤នៅតែប្រកាន់ចិត្តខឹងរៀងខ្លួន៕
ប្រភព៖ Independent
