សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរដល់ទឹកដីសហរដ្ឋអាមេរិកហើយ។ សម្ដេចធិបតី នឹងត្រូវអញ្ជើញចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាតិ ព្រមទាំងមានជំនួបក្របខណ្ឌទ្វេភាគី ពហុភាគី ជាមួយអគ្គលេខាធិការអង្គការសហប្រជាតិ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្ដាប្រទេសជាតិមិត្ត ព្រមទាំងប្រធាន និងក្រុមធុរជនអន្តរជាតិ ពិសេសធុរជនអាមេរិកជាច្រើនទៀត។

ស្នាមញញឹមពូជសាសន៍ខ្មែរ ត្រូវបានបង្ហាញឡើងយ៉ាងផុសផលដោយជនរួមជាតិខ្មែររស់នៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសក្បែរទឹកដីមហាអំណាចមួយនេះ នាឱកាសដែលពួកគាត់បានស្កាត់មកជួបជុំគ្នារង់ចាំទទួលស្វាគ​ន៍ និងបង្ហាញការគាំទ្រដោយស្មោះចំពោះមេដឹកនាំថ្មីនៃមាតុប្រទេសដ៏សែនឆ្ងាយ។ ទិដ្ឋភាពនៃការទទួលស្វាគមន៍នេះ បានធ្វើឱ្យសាធារជនជាតិ និងអន្តរជាតិ កាន់តែឃើញច្បាស់នូវប្រជាប្រិយភាពរបស់សម្ដេចធិបតី ទាំងក្នុង និងក្រៅប្រទេស។

ជាការកត់សម្គាល់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញផ្សាយនូវអត្ថបទដ៏គួរឱ្យចប់អារម្មណ៍មួយ ដោយទាញចេញពីការទទួលស្វាគមន៍យ៉ាងផុសផុលរបស់ប្រជាជនរួមជាតិខ្មែរនៅក្រៅប្រទេស ចំពោះសម្ដេចធិបតី និងលោកជំទាវ។ ភ្ជាប់ដោយចំណងជើងអត្ថបទ«សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស» ឯកឧត្តម ប៉ែន បូណា បានលើកទឡ្ហីករណ៍មកបញ្ជាក់ដូចខាងក្រោម។

ទី១៖ នៅក្នុងប្រទេស៖ មានពលរដ្ឋអ្នកបោះឆ្នោតជាង ៨២% បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន។ នេះជាអត្រានៃការគាំទ្រខ្ពស់បំផុតរបស់គណបក្សប្រជាជនកម្ពុជា។

ទី២៖ នៅឯក្រៅប្រទេស៖ មានពលរដ្ឋខ្មែរភាគច្រើនលើសលប់គាំទ្រគណបក្សប្រជាជនកម្ពុជានិយាយជារួម និងនិយាយដោយឡែក គាំទ្រសម្តេចធិបតី ហ៊ុន ម៉ាណែត។ ជាក់ស្តែង វត្តមានរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៅទីក្រុងញូវយ៉កពេលនេះ មានពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា យ៉ាងច្រើនកុះករចេញមកស្វាគមន៍។

ទាំងនេះគឺជាទឡ្ហីករណ៍ច្បាស់លាស់និងជាក់ស្តែងបំផុតដែលបញ្ជាក់ពីការគាំទ្រយ៉ាងលើសលប់របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសចំពោះរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តពីសម្តេចតេជោ ហ៊ុន សែន។ នេះជាការសន្និដ្ឋានបន្ថែមរបស់ឯកឧត្តម ប៉ែន បូណា។

សូមបញ្ជាក់ថា បេសកកម្មលើទឹកដីអាមេរិកនេះ សម្តេចមហាធិបតី នឹងចូលរួមកិច្ច ពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ ខែមហាសន្និបាតអង្គការសហប្រជាជាតិ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០០៣ ក្រោមមូលបទ កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញ សកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចិរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងជីភាពសម្រាប់ទាំងអស់គ្នា។

ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ សម្តេចធិបតី នឹងថ្លែងសុន្ទរកថាដោយផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួនបី រួមមាន បរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបដិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ សម្តេចក៏មានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជនបរទេសមួយចំនួនទៀតផងដែរ។

នាអំឡុងពេលនៃកិច្ចប្រជុំខាងលើ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏នឹងញ្ជើញចូលរួមក្នុងកិច្ចសន្ទនាថ្នាក់តំបន់និងអន្តរជាតិ រួមមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចលើកទី១៥ ព្រមទាំងជួបពិភាក្សាទ្វេភាគីដោយឡែកពីគ្នា ជាមួយសមភាគីមកពីបណ្តាប្រទេសនានាផងដែរ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕

Share.