ខេត្តកំពង់ធំ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំ បានឲ្យដឹងថា សំណង់មួយចំនួន បានចុះណែនាំឲ្យផ្អាករួចហើយ ប៉ុន្ដែសំណង់ទាំងនោះនៅតែគគ្លើននឹងបម្រាម ហើយបន្ដសាងសង់ខុសច្បាប់ ដោយការសាងសង់លើដីចំណីផ្លូវសាធារណៈ នៅស្រុកស្ទោង។ ការណ៍មិនគោរពទៅនឹងបម្រាមមន្រ្តីជំនាញមន្ទីរ ត្រូវបានប្រជាពលរដ្ឋ ដាក់ការសង្ស័យថា តើសំណង់ទាំងនោះ មានអ្វីនៅពីក្រោយទើបនៅតែគគ្លើនសាងសង់ មិនគោរពតាមការណែនាំរបស់មន្ទីររៀបចំដែនដីខេត្ត?

កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ សំណង់អាគារចំនួន២កន្លែង កំពុងសាងសងយ៉ាងរលូនមិនមានការផ្អាកនោះទេ ដែលមានទីតាំងកន្លែងទី១ នៅទីប្រជុំជនជិតបេនឡាន បានសាងសង់អាគារ៤ល្វែង៣ជាន់ ជាកម្មសិទ្ធរបស់អ្នកស្រី តឹង តន់ និងនាង ជិម ណារ៉ុម ស្ថិតនៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ និងទី២ ស្ថិតនៅក្បែរស្ទឹងស្ទោងប្រហែល៣០ម៉ែត្រ ដោយសំណង់ទាំងនេះសុទ្ធសឹងតែសាងសង់ដោយគ្មានច្បាប់អនុញ្ញាត និងពុំមានប្លង់កម្មសិទ្ធនោះឡើយ ។

ជាក់ស្ដែងសំណង់ទាំងនេះ ស្ថិតនៅលើដីចំណីផ្លូវជាតិលេខ០៦ ដែលកំណត់ដោយមាត្រាច្បាប់ ដោយវាស់ពីអ័ក្សផ្លូវម្ខាង៣០ម៉ែត្រ តែច្បាប់បានអនុឡោឲ្យអ្នកដែលរស់នៅលើផ្លូវពីមុនមកហាមបន្តការសាងសង់បន្ថែម។ ប៉ុន្ដែសំណង់ផ្ទះល្វែង៤ល្វែង ៣ជាន់របស់លោកស្រី តឹង តន់ និងនាង ជិម ណារ៉ុម បានដំណើរការសាងសង់ជាធម្មតា បើទោះបីជាមានក្រុមការងារថ្នាក់ខេត្តចុះមកផ្អាកការសាងសង់បណ្តោះអាសន្នក៏ដោយ។

បើយោងតាមរបាយការណ៍ របស់មន្ទីរសុរិយោដីខេត្តបានសរសេរកំណត់ហេតុថា តំបន់ទីប្រជុំជនបានចុះបញ្ចីជាលក្ខណៈប្រព័ន្ធដោយទុកផ្លូវជាតិលេខ០៦ ទំហំ៦០ម៉ែត្រសងខាងផ្លូវ ម្ចាស់សំណង់ពុំមានវិញ្ញាប័ណ្ណបត្រសម្គាល់ម្ចាស់អចលនាវត្ថុឡើយ ការចុះពិនិត្យជាក់ស្តែង មន្រ្ដីជំនាញបានធ្វើរបាយការណ៍ជូន ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំរួចហើយ គណៈកម្មាការរៀបចំដែនដី សម្រេចផ្អាកការសាងសង់ជាបណ្តោះអាសន្ន នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ ។

យ៉ាងណាមិញ ក្រុមការងារសារព័ត៌មានត្រយង មិនទាន់អាចទាក់ទងបាន ម្ចាស់សំណង់ខុសច្បាប់ខាងលើបាននៅឡើយទេ យ៉ាងណាមិញក្រុមការងារនឹងរង់ចាំការឆ្លើយតប គ្រប់ពេលជុំវិញសេចក្ដីរាយការណ៍ថា សំណង់ខាងលើបានសាងសង់ខុសច្បាប់។ 

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សំណង់ផ្ទះល្វែង របស់លោកស្រី តឹង តន់ និងនាង ជិម ណារ៉ុម នៅតែដំណើរការសាងសង់បើទោះបី លោក អ៊ឹម សុឌីណា ប្រធានមន្ទីរសូរិយោដី និងសំណង់ខេត្តកំពង់ធំ បានឆ្លើយតបតាមប្រព័ន្ឋតេឡេក្រាម ថា មន្ទីរបានចុះទៅពិនិត្យ និងផ្អាកការសាងសង់នេះជាបណ្តោះអាសន្ន និងបានរបាយការណ៏ជូនទៅឯកឧត្តមអភិបាលខេត្ត រួចរាល់ហើយ តែបើសកម្មភាពការសាងសង់នេះនៅតែបន្ត មន្ទីរនិងចាត់ក្រុមការងារដោយសហការណ៍ជាមួយរដ្ឋបាលខេត្តចុះទៅពិនិត្យថែមទៀត៕

អត្ថបទ៖ ភ្នាក់ងារខេត្តកំពង់ធំ

Share.