សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រើដាវកាប់ទៅលើស្ត្រីម្នាក់បណ្តាលឲ្យរងរបួស។ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី២០.០៩.២០២៣ វេលាម៉ោង ២០:០០នាទីនៅចំណុច ផ្លូវរទេះ ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចក់ អូន ភេទស្រី អាយុ៤៩ឆ្នាំ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

ចំណែកជនសង្ស័យមានឈ្មោះ យៀក វី ហៅចយ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

យោងតាមកំណត់ហេតុពីសមត្ថកិច្ចបង្ហាញថា      មុនពេលកើតហេតុ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ២០:០០នាទី ឈ្មោះ ចក់ អូន ភេទស្រី បានដើរពីចំណុចផ្លូវរទេះ ស្ថិតក្នុងភូមិអំពិលទឹក ទៅកន្លែងចតទូក រួចដើរឡើងជិះទូក បម្រុងធ្វើដំណើរ ទៅផ្ទះក្រោយភូមិដែលលិចទឹក ស្រាប់តែឈ្មោះ វី ហៅចយ យារដាវកាប់ពីក្រោយ ហើយជនរងគ្រោះងាកឃើញគេចត្រូវចុងដាវ ចំចិញ្ចើម ខាងឆ្វេងបណ្តាលឲ្យដាច់របួសដេរ ចំនួន០៥ថ្នេរ បន្ទាប់ពីកើតហេតុរួច ឈ្មោះ វី ហៅចយ បានគេចខ្លួនបាត់។

បើតាមសមត្ថកិច្ច កន្លងមកឈ្មោះ វី ហៅចយ ធ្លាប់បានលួចទូកស្មាច់ ០១គ្រឿង និងម៉ាស៊ីន ០១គ្រឿង កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ តែត្រូវម្ចាស់ទូករកឃើញវិញ។

លុះព្រឹកថ្ងៃទី២១ ខែ ឆ្នាំដដែល ឈ្មោះ ចក់ អូន បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលកពង់ភ្នំ។ ក្រោយពីទទួល     បណ្តឹងភ្លាម ប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ បានរាយការណ៍ ទៅផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុកលើកដែក និងបានសហការចុះទៅដល់ផ្ទះជនសង្ស័យឈ្មោះ យៀក វី ហៅចយ ក៏បាននាំជនសង្ស័យ មកអធិការដ្ឋាននគរបាលស្រុកលើកដែកតែម្ដង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា៖ ខ្លួនបានខឹងឈ្មោះ ចក់ អូន ដែលបានរអ៊ូច្រើន ថែមទាំងមិនឲ្យខ្លួនហូបបាយ ដោយពេលនោះខ្លួនមកពីធ្វើការលីជី ហត់ផង ក៏ខឹងរួចក៏បានយកដាវទៅកាប់ជនរងគ្រោះដែលជាអ្នកជិតខាង ពិតប្រាកដមែន។

ជនសង្ស័យត្រូវបានឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.