ភ្នំពេញ ៖ បុរស២នាក់ ម្នាក់រងរបួសធ្ងន់ បែកមុខបាក់ថ្កាម ម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីផឹកសុីស្រវឹងជិះម៉ូតូឌុបគ្នាប្រញាប់ទៅយកប្រពន្ធលឿនជ្រុល គេចពីរថយន្តកុងតៃន័រ ជ្រុលធ្លាក់ជង្ហុកទឹកភក់ ដួលអូសច្រើនម៉ែត្រ នៅតាមផ្លូវ៤១ មុខវត្តតាំងរនាម ចំណុចភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។

ជនរងគ្រោះទាំង២នាក់ ក្នុងសភាពស្រវឹង គ្រាន់តែប្រាប់ថា ជាកម្មករសំណង់ មានទីលំនៅ សង្កាត់ជើងឯក ខណ្ឌដង្កោ ។

តាមសម្តីជនរងគ្រោះម្នាក់ បានឲ្យដឹងថា ក្រោយពីបញ្ចប់ម៉ោងការងារ ឆ្លៀតជុំគ្នាហូបស្រាបៀម្នាក់អស់៣កំប៉ុង រួចជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AX-7662 ឌុបគ្នាក្នុងគោលបំណងទៅយកប្រពន្ធ នៅឯភូមិខ្ចៅ សង្កាត់បឹងធំ ដើម្បីវិលទៅផ្ទះវិញ ព្រោះថាថ្ងៃចុងសប្តាហ៍ ដោយធ្វើដំណើរតាមផ្លូវ៤១ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ គេចពីរថយន្តកុងតៃន័របើកច្រាសទិស ជ្រុលធ្លាក់ចុះក្នុងជង្ហុក ទឹកភក់ ដួលអូសតែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន សមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ រួចរងចាំសាច់ញាតិដឹកជូនទៅពេទ្យដោយខ្លួនឯង រីឯម៉ូតូរងខូចខាត សមត្ថកិច្ចប្រគល់ជូនជនរងគ្រោះ ដើម្បីយកទៅជួសជុល ៕

Share.