ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ ក្រោយដឹកបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូវ៉ាជែងរថយន្តមិនផុត ទាក់ដៃចង្កូតជាមួយរុឺម៉កសណ្តោងខាងក្រោយ ដួលកិនតែម្តង កាលពីវេលាម៉ោង៥និង០៥នាទីល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ថន ខាវ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1N-2752 ជាមធ្យោបាយ ។ ចំណែកភាគីរថយន្តដឹកបេតុង ម៉ាកនីសាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ PP-3372 មានអូសសណ្តោងរុឺម៉កពីក្រោយ បើកបរដោយឈ្មោះ មាន រាយ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិពពេល ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូពីលិចទៅកើត ដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តពីខាងឆ្វេង មិនផុតជ្រុលទាក់ដៃចង្កូតជាមួយរុឺម៉ក ដួលកិនរងរបួសធ្ងន់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកជ័យជំនះ ជាអកុសលបានស្លាប់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ ទំនាក់ទំនងទៅក្រុមគ្រួសារ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯមធ្យោបាយ រថយន្តសណ្តោងរុឺម៉ក អ្នកបើកបរ និងម៉ូតូ ប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ចាត់ចែងវាស់វែងយកទៅរក្សាទុក កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.